ជាតិ
ពីនេះ ពីនោះ
ខ្លាពពក មានជំនាញខាងបន្លំលាក់ខ្លួន
×
ដោយ៖ USAID Wonders of the Mekong
ខ្លាពពក គឺជាប្រភេទសត្វខ្លារាត្រីចរ ធ្វើដំណើរតែឯងដើម្បីស្វែងរកចំណី។ វាមានជំនាញខាងបន្លំខ្លួនយ៉ាងប៉ិនប្រសប់។ កត្តាទាំងនេះហើយ ដែលធ្វើឲ្យខ្លាពពក អាចត្រាច់ចរយ៉ាងងាយស្រួល ដោយគ្មានការចាប់អារម្មណ៍។
អ្នកឡើងភ្នំដ៏អាថ៌កំបាំង និងអស្ចារ្យនេះ វារស់នៅក្នុងព្រៃតាំងពីយូរលុងណាស់មកហើយ។ វារស់នៅតំបន់ដែលលាតសន្ធឹងពីប្រទេសឥណ្ឌាទៅដល់តៃវ៉ាន់។ ទោះបីជាចំនួនរបស់ខ្លាពពកនៅក្នុងប្រទេសខ្លះ បានបាត់បង់ក៏ដោយ ក៏ខ្លាពពក នៅតែបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ដែរ។
ជាអកុសល រោមដ៏ទាក់ទាញរបស់វា បានក្លាយជាគោលដៅរបស់អ្នកប្រមាញ់។ ការបរបាញ់ដោយខុសច្បាប់ រួមទាំងការបំផ្លាញទីជម្រកផងដែរ រួមចំណែកដល់ការធ្លាក់ចុះនៃចំនួនរបស់វានៅក្នុងធម្មជាតិ។ អ្នកវិទ្យាសាស្ត្រ និងអ្នកអភិរក្ស កំពុងធ្វើការស្វែងយល់បន្ថែមទៀត អំពីចំនួនសត្វឆ្មាដែលគេពិបាកនឹងរកឃើញទាំងនេះ នៅក្នុងធម្មជាតិ។ សួនសត្វជាច្រើន បាននឹងកំពុងធ្វើការបង្កាត់ពូជខ្លាពពកនេះ ដែលគេចាប់វាយកមក ក្នុងគោលបំណងដើម្បីបង្កើនចំនួនរបស់នៅក្នុងធម្មជាតិវិញ នាពេលអនាគត។ ដោយសារមានជំនួយពីការខិតខំទាំងនេះ ទើបខ្លាពពក អាចបន្តស្វែងរកចំណីក្នុងព្រៃនាតំបន់មេគង្គបាន!
ទិវានៃខ្លាពពកអន្តរជាតិ ត្រូវបានបង្កើតឡើងដោយមូលនិធិ Aspinall និង Howletts ឧទ្យានសត្វព្រៃ Aspinall ដើម្បីអបអរសត្វឆ្មាពិសេសទាំងនេះ ដោយលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈម ដែលពួកវាជួបប្រទះនៅក្នុងធម្មជាតិ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីអភិរក្សប្រភេទសត្វខ្លាពពកនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com