កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន ថា ការ​រើស​កីឡាករ ត្រូវ​មើល​លើ​ឈាម ពូជ ចិត្តសាស្ត្រ និង​ចំណង់​ចំណូលចិត្ត
08, Aug 2020 , 3:54 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយពិធីជួបសំណេះសំណាលជាមួយសហព័ន្ធកាលពីពេលកន្លងទៅ, រូបភាពពី Cambodia SEA Games 2023
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយពិធីជួបសំណេះសំណាលជាមួយសហព័ន្ធកាលពីពេលកន្លងទៅ, រូបភាពពី Cambodia SEA Games 2023
ដោយ:
​ការជ្រើសរើស​កីឡាករ​ឲ្យ​បាន​ត្រឹមត្រូវ គឺជា​រឿង​ចាំបាច់ ដែល​សហព័ន្ធ​ត្រូវ​យកចិត្តទុកដាក់ ព្រោះ​បើ​ជ្រើសរើស​កីឡាករ​ខុស​នឹងមិន​ធ្វើ​ឲ្យ​កីឡា​នោះ​ទទួលបាន​ជោគជ័យ​នោះទេ​។ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជឿជាក់ថា បើ​សហព័ន្ធ​មួយ​ជ្រើសរើស​កីឡាករ​មិន​គោរព​តាម​ក្បួន​វិទ្យាសាស្ត្រ និង​លក្ខណៈ​បច្ចេកទេស​ទេ ពួកគេ​នឹង​ប្រឈម​ការបរាជ័យ​ខ្ពស់​។ 

 
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន ជំរុញ​ឲ្យ​សហព័ន្ធ​នីមួយៗ គោរព​តាម​ក្បួន​វិទ្យាសាស្ត្រ​និង​លក្ខណៈ​បច្ចេកទេស​មុន​សម្រេចចិត្ត​ជ្រើសរើស​កីឡាករ​កីឡាការិនី​មក​ហ្វឹកហាត់​។ ព្រោះ​ការជ្រើសរើស​ដោយ​មិនបាន​សិក្សា​លើ​កត្តា​ទាំងនេះ សហព័ន្ធ​ទាំងនោះ​នឹង​ប្រឈម​បរាជ័យ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។  
 
«​បើ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​នៅតែ​មិនទាន់​ភ្ញាក់រលឹក​អំពី​ការជ្រើសរើស​ផ្នែក​បច្ចេកទេស ហើយ​នៅតែ​ជ្រើសរើស​(​កីឡាករ​)​ដោយ​ងងឹត​ងងុល ដោយ​មិន​គោរព​តាម​លក្ខណៈ​បច្ចេកទេស មិន​តាម​យោបល់​គ្រូបង្វឹក​ទេ គឺថា​នឹង​បរាជ័យ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣»​។ ការលើកឡើង​បែបនេះ​របស់លោក វ៉ា​ត់ ចំរើន ធ្វើឡើង​ក្រោយ​លោក​សង្កេតឃើញថា សហព័ន្ធ​មួយចំនួន​នៅតែ​ជ្រើសរើស​កីឡាករ ដោយ​មិន​គោរព​តាម​ក្បួនខ្នាត​ទាំងនេះ​។ 
 
​ពាក់ព័ន្ធ​ការជ្រើសរើស​កីឡាករ​តាម​ក្បួន​វិទ្យាសាស្ត្រ និង​លក្ខណៈ​បច្ចេកទេស​នេះ​លោក វ៉ា​ត់ ចំរើន បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​សហព័ន្ធ​ត្រូវមាន​តម្លាភាព​និង​វិទ្យាសាស្ត្រ​ក្នុងការ​ជ្រើសរើស​កីឡាករ ព្រោះ​ការជ្រើសរើស​កីឡាករ ដែលមាន​ទេពកោសល្យ និង​ឆន្ទៈ គេ​មានការ​កំណត់​អត្តសញ្ញាណ​នៃ​ការជ្រើសរើស​កីឡាករ គេ​ជ្រើសរើស​តាំងពី​ពូជ តាំងពី​គ្រាប់​ឈាម សរីរៈ​ខាងក្នុង​វា​មាន​លក្ខណៈ​យ៉ាងម៉េច ចិត្តសាស្ត្រ និង​ចំណង់​ចំណូលចិត្ត ជាពិសេស​វិភាគ​កាយសម្បទា​កីឡាករ​ថា​ត្រូវ​ជាមួយ​កីឡា​អី​»​។ 
 
​អគ្គលេខាធិការ​រូបនេះ អះអាងថា ក្បួន​ជ្រើសរើស​កីឡាករ​បែបនេះ​ត្រូវបាន​អនុវត្តតាម​បណ្តា​ប្រទេស​ធំៗ​ជាច្រើន​លើ​ពិភពលោក ហើយ​ទទួលបាន​ជោគជ័យ​ទៀតផង​។ លោក ជឿជាក់ថា សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​នឹងមាន​ភាគរយ​ទទួលបាន​ជោគជ័យ​ខ្ពស់ បើ​ជ្រើសរើស​កីឡាករ​ដោយ​អនុវត្តតាម​ក្បួន និង​គោលការណ៍​ទាំង​លើ​។​
 
​មុន​ឈានដល់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ អត្ត​ព​លិ​ក​កម្ពុជា​ត្រូវ​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ដែល​គ្រោង​រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​២១ វិច្ឆិកា ដល់​ថ្ងៃទី​២ ធ្នូ ឆ្នាំ​២០២១​។ ម្ចាស់ផ្ទះ​វៀតណាម​សម្រេច​ជា​ឯកតោភាគី​ដាក់​កីឡា​ចំនួន​៣៦​ប្រភេទ​ឲ្យ​ប្រកួតប្រជែង ទៅកាន់​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​។ 
 
​ប៉ុន្តែ​ចំនួន​ប្រភេទ​កីឡា​នេះ​អាចមាន​ការប្រែប្រួល ដ្បិត​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង​៩​រួមទាំង​ទី​ម័​រ​ខាងកើត ដែល​គ្រោង​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ អាច​ស្នើសុំ​ម្ចាស់ផ្ទះ​វៀតណាម​ដាក់បញ្ចូល​ប្រភេទ​កីឡា​សក្តានុពល​របស់ខ្លួន​បន្ថែម​។ បើតាម លោក វ៉ា​ត់ ចំរើន កម្ពុជា​គ្រោង​ស្នើសុំ​ម្ចាស់ផ្ទះ​វៀតណាម​ដាក់បញ្ចូល​កីឡា​ចំនួន​៤​ប្រភេទ​រួមមាន​រួមមាន​កីឡា​តេ​ក្វាន់​ដូ ITF, ជឺ​ជិត​ស៊ូ​, សូ​ហ្វ​តេ​ន្នី​ស និង​កីឡា Skate Boarding​។​
 
​កីឡា​ទាំង​៣៦​ប្រភេទ ដែល​វៀតណាម​ដាក់​ស្នើ​ទៅកាន់​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​រួមមាន​អត្តពលកម្ម​, ហែល​ទឹក​, បាញ់​ធ្នូ​, វាយ​សី​, បាល់បោះ​, ប៊ីយ៉ា​ស្នូកឃ័រ​, ប្រដាល់សកល​, ទូ​កា​នូ​-​ទូ​កា​យ៉ាក់​, កីឡា​អុក​, ប្រណាំង​កង់​, កីឡា​រាំ​, គុន​ដាវ​, បាល់ទាត់​, វាយកូនគោល​, កាយសម្ព័ន្ធ​, បាល់​គប់​, យូ​ដូ​, កា​រ៉ា​តេ​, កីឡា​មួយ​(​គុន​ខ្មែរ​), បញ្ច​សិលា​, ប៉េតង់​, កីឡា​រ៉ូ​វី​ង​, សីដក់​, បាញ់កាំភ្លើង​, វាយ​កូនឃ្លី​លើ​តុ​, តេ​ក្វាន់​ដូ WTF, វាយ​កូន​បាល់​, បាល់ទះ​, លើក​ទម្ងន់​, ចំបាប់​, វូ​ស៊ូ​, កាយ​វប្បកម្ម​, គុយ​រ៉ា​ស​, Kick-Boxing, វ៉ូ​វី​ណា​ម និង​កីឡាហែលទឹក​កន្ទុយ​៕    

Tag:
 វ៉ា​ត់ ចំរើន​
  NOCC
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com