ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! ទទួលទាន “​ទឹក​” រាល់ថ្ងៃ ប៉ុន្តែ​តិច​អត់​ដឹង​ពី​អត្ថប្រយោជន៍​អស្ចារ្យ​ជាច្រើន​នៃ​ភេសជ្ជៈ​នេះ​
09, Aug 2020 , 6:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ការ​ទទួលទាន​ឱ្យបាន​គ្រប់គ្រាន់ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាពល្អប្រសើរ​។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ភេសជ្ជៈ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​ពិសេសៗ​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​ទាំងនោះ ៖

 
១.​រក្សា​សុខភាព​ស្បែក​ល្អប្រសើរ​
 
​ទឹក​ជួយ​ក្នុងការ​កម្ចាត់​ជាតិពុល​ពី​ក្នុង​ឈាម​ដែល​ជួយ​រក្សា​សុខភាព​ស្បែក​ល្អប្រសើរ​។ ក្រៅពី​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​យ៉ាងហោចណាស់ ២ កែវ​ភ្លាមៗ​ក្រោយពី​ក្រោកពីដំណេក​នៅពេល​ព្រឹក​ហើយ​នោះ អ្នក​ក៏​មិនត្រូវ​ភ្លេច​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​បន្ថែម​ពេញ​មួយថ្ងៃ​ជាប្រចាំ​ដែរ​។​
 
២. បង្កើន​ថាមពល​
 
​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​អាច​បណ្ដាលឱ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​និង​មិនសូវ​សកម្ម​ឡើយ​មិន​ថា​នៅ​កន្លែងធ្វើការ នៅផ្ទះ ឬ​កន្លែង​ហាត់ប្រាណ​។ ប៉ុន្តែ​ការទទួល​ទាន​ទឹក​អាចជួយ​ឱ្យ​បេះដូង​បូម​ឈាម​កាន់​តែមាន​ប្រសិទ្ធភាព ហើយ​ឈាម​នឹង​អាច​ដឹកជញ្ជូន​អុកស៊ីសែន​និង​សារធាតុចិញ្ចឹម​បាន​ច្រើន​គ្រប់គ្រាន់​ទៅកាន់​រាល់​កោសិកា​។ ជា​លទ្ធផល​រាងកាយ​នឹង​ទទួលបាន​ថាមពល​ប្រសើរ​ជាង​មុន​គួរឱ្យកត់សម្គាល់​។​
 
៣. ជួយ​សាច់ដុំ​និង​សន្លាក់​
 
​ការទទួល​ទាន​ទឹក​ជួយ​ទប់ស្កាត់​អាកា​រៈ​រមួលក្រពើ​និង​រក្សា​ភាព​រអិល​នៃ​សន្លាក់​ពេញ​ក្នុង​រាងកាយ​។ ធ្លាប់​ដឹង​ទេ​ថា​ឆ្អឹងខ្ចី និង​ឆ្អឹងខ្នង​បាន​បង្កើតឡើង​ពី​ជាតិ​ទឹក​ប្រមាណ ៨០ ភាគរយ​។ ទឹក គឺ​ចាំបាច់​ណាស់​ក្នុងការ​រក្សា​ឆ្អឹង​ពី​ការ​សង្កៀត​គ្នា​នៅពេល​យើង​ធ្វើ​ចលនា​។ ដូច្នេះ​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​ទេនោះ អ្នកនឹង​ជួបប្រទះ​បញ្ហា​ឈឺសន្លាក់​ជាក់​ជាមិនខាន​ក្រោយពេល​ចលនា​ភ្លាមៗ​ដូចជា រត់ ឬ​លោត​។​
 
៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​ការ​ទទួលទាន​ទឹកបាន​ច្រើន​គ្រប់គ្រាន់​អាចជួយ​កម្ចាត់​រាល់​ជាតិពុល​និង​ទប់ស្កាត់​ការឆ្លង​មេរោគ​មិនឱ្យ​រីក​រាលដាល​ពេញ​រាងកាយ​។ ជា​លទ្ធផល​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​នឹង​កាន់តែ​រឹងមាំ​ឡើង ហើយ​អ្នក​អាច​ចៀស​ផុតពី​ហានិភ័យ​នៃ​រោគ​ឆ្លង​ជាច្រើន​។ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​អ្នក​អាច​បន្ថែម​ក្រូចឆ្មារ​ប៉ុន្មាន​ចំណិត​ក្នុង​ទឹក​។​
 
៥. កម្ចាត់​និង​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​
 
​ជាធម្មតា​យើង​ត្រូវបាន​ណែនាំ​ឱ្យទទួល​ទាន​ទឹក​ពី ៦ ទៅ ៨ កែវ​ក្នុង​មួយថ្ងៃ ប៉ុន្តែ​នៅពេល​អ្នក​ចង់​កម្ចាត់​ក្រួស​ចេញពី​តម្រងនោម​នោះ​ចូរ​ទទួលទាន​ឱ្យដល់ ១២ កែវ​ទើប​ប្រសើរ​។ បើទោះជា​ក្រួស​ត្រូវបាន​កម្ចាត់​ចេញ​ហើយ​ក៏ដោយ ក៏​គួរ​បន្ត​ការទទួល​ទាន​ទឹក​ច្រើន​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។ វិធី​ងាយ​បំផុត​ដើម្បី​អាច​ដឹងថា​តើ​រាងកាយ​ខ្វះ​ជាតិ​ទឹក ឬក៏​អត់​នោះ គឺ​តាមរយៈ​ការពិនិត្យ​មើល​លើ​ពណ៌​នៃ​ទឹកនោម​។ ប្រសិនបើ​ទឹកនោម​មាន​ពណ៌​លឿងចាស់ ឬ​ដិត​ខ្លាំង នោះ​បានន័យថា រាងកាយ​ត្រូវការ​ជាតិ​ទឹក​បន្ថែម​។ ប្រសិនបើ​ទឹកនោម​មាន​ពណ៌​លឿង​ស្រាល​នោះ​មានន័យថា រាងកាយ​រក្សាបាន​នូវ​ជាតិ​ទឹក​គ្រប់គ្រាន់​ហើយ​។​
 
៦. គ្រប់គ្រង​កាឡូរី​
 
​ភាពធាត់​ជ្រុល​ជា​កត្តា​ចម្បង​មួយ​ផ្សារភ្ជាប់​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​។ ប៉ុន្តែ​ការទទួល​ទាន​ទឹក​អាចជួយ​បង្កើន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​និង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត ហើយ​ឆ្អែត​បានយូរ​។ ជា​លទ្ធផល​អ្នក​អាច​គ្រប់គ្រង​កាឡូរី​ដោយ​ការមិន​ទទួលទាន​ច្រើន​លើស​។​
 
៧. ផ្ដល់​អារម្មណ៍​ល្អប្រសើរ​
 
​អ្នក​ដែល​ទទួលទាន​ទឹក​មិនបាន​ច្រើន​គ្រប់គ្រាន់ ឬ​ខ្វះ​ជាតិ​ទឹ​ក្នុង​រាងកាយ គឺ​ងាយ​នឹងមាន​អារម្មណ៍​ប្រែប្រួល ហើយ​ឆាប់​មួរ​ម៉ៅ​ណាស់​។ នោះ​ក៏​ព្រោះតែ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​កាត់បន្ថយ​លំហូរ​ឈាម​ទៅកាន់​ខួរក្បាល ហើយ​បង្ក​ផលប៉ះពាល់​ដល​ផ្នែក​មួយចំនួន​នៃ​ខួរក្បាល​ដែល​ទទួលខុសត្រូវ​លើ​ការគ្រប់គ្រង​អារម្មណ៍​។​
 
៨. ទប់ស្កាត់​បញ្ហា​ទល់លាមក​
 
​ផលប៉ះពាល់​ទូទៅ​បំផុត​នៃ​ការ​ទទួលទាន​ទឹក​មិនបាន​គ្រប់គ្រាន់​នោះ គឺ​ទល់លាមក​។ កំឡុងពេល​ខ្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ ពោះវៀន​នឹង​ជួយផ្ដល់​ជាតិ​ទឹក​ទៅ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​ដើម្បី​អាច​ដំណើរការ​មុខងារ​ប្រក្រតី​។ ហើយ​ខណៈនោះ​កាកសំណល់​នឹងធ្វើ​ចលនា​កាន់តែ​យឺត​ឆ្លងកាត់​ពោះវៀន​នៅពេល​គ្មាន​ទឹក ឬ​មិន​រំកិល​តែម្ដង​។ ជាពិសេស​អាកា​រៈ​ទល់លាមក​នឹង​កើតឡើង​តែម្ដង ប្រសិនបើ​របប​អាហារ​របស់​អ្នក​គ្មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ ហើយ​អ្នក​ចំណាយពេល​អង្គុយ​យូរៗ​ថែមទៀត​។​
 
៩. រក្សា​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​
 
​ទឹក​ជួយ​សម្រួល​ដល់​ដំណើរការ​មុខងារ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​។ ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​នោះ​បរិមាណ​នៃ​ជាតិ​រំអិល​ក្នុង​ក្រពះ​ត្រូវ​កាត់បន្ថយ​ដែល​បណ្ដាលឱ្យ​អាស៊ីត​ក្រពះ​អាច​បង្ក​ប៉ះពាល់​ខ្លាំង​ដល់​ផ្នែក​ខាងក្នុង​នៃ​រាងកាយ​ដូចជា ក្រហាយ​ទ្រូង និង​ពិបាក​រំលាយ​អាហារ​។​
 
១០. រក្សា​ចរន្តឈាម​
 
​ទឹក​ជួយ​រក្សា​ចរន្តឈាម​ត្រឹមត្រូវ​។ វា​ជួយ​ក្នុងការ​ដឹកជញ្ជូន​សារធាតុចិញ្ចឹម​តាមរយៈ​ឈាម​ទៅកាន់​គ្រប់ផ្នែក​នៃ​រាងកាយ​។ ប្រសិនបើ​គ្មាន​ទឹក​គ្រប់គ្រាន់ សរីរាង្គ​នឹងមិន​ផ្ដល់ឱ្យ​រាងកាយ​នូវ​សារធាតុចិញ្ចឹម​ត្រឹមត្រូវ​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com