សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអញ្ជើញឲ្យចូលរួមថ្លែងសុន្ទរកថា តាមរយៈការតភ្ជាប់វីដេអូ (Video Conference) ពីកម្ពុជា ទៅកាន់មហាសន្និបាតនៃក្តីសង្ឃឹម ក្រោមប្រធាបទ «ការកសាងនិងការបង្កើតជាតិយើង នៅក្នុងពិភពលោក ក្រោយវិបត្តិកូវីដ-១៩» ដែលរៀបចំឡើងដោយអង្គការសហព័ន្ធសាកល (UPF) នៅកូរ៉េខាងត្បូង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។
ក្នុងសុន្ទរកថា ថ្លែងទៅកាន់មេដឹកនាំនៃបណ្តាប្រទេសនានា ដែលចូលរួមផ្ទាល់ក្នុងមហាសន្តិបាត និងចូលរួមតាមរយៈការតភ្ជាប់ប្រព័ន្ធវីដេអូ សម្តេចនាយករដ្ឋមន្ត្រី សម្តែងការយល់ឃើញរបស់ខ្លួនថា ការឆ្លើយតបរួមគ្នា និងការសាមគ្គីជាសាកល ក្នុងបរិបទនៃជំងឺកូវីដ-១៩ គឺរឹតតែមានភាពចាំបាច់។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ថែមទាំងស្នើឲ្យគ្រប់ប្រទេស ជៀសវាងការរើសអើងពូជសាសន៍ និងជៀសវាងការស្តីបន្ទោសគ្នា ដែលជា «ល្បែងទម្លាក់កំហុសដ៏អាក្រក់មួយ» នាំដល់ការបែកបាក់សាមគ្គីភាព ខណៈពិភពលោកទាំំងមូល កំពុងខិតខំរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ទន្ទឹមនឹងពិភពលោក កំពុងរង់ចាំភាពជោគជ័យដំបូងនៃការផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអំពាវនាវជាមុន ឲ្យចាត់ទុកវ៉ាក់សាំងនេះ ជាទំនិញរួមសម្រាប់សាកលលោក ដែលប្រជាជនគ្រប់រូប និងនៅគ្រប់ទិសទី អាចទទួលបាន។
អ្នកចូលរួមផ្ទាល់ ក្នុងមហាសន្និបាតនៃក្តីសង្ឃឹម បាននាំគ្នាពាក់ម៉ាស់ការពារ និងអង្គុយរក្សាគម្លាតពីគ្នា។ ឯទិដ្ឋភាពផ្ទាំងខាងលើ គឺជាមេដឹកនាំនៃបណ្តាប្រទេសនានា និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមក្នុងមហាសន្និបាត តាមរយៈ Video Conference
ប្រមុខរដ្ឋាភិបាល បន្តថា គ្រប់បណ្តាប្រទេស ពិតជាមានភាពចាំបាច់ ក្នុងការត្រៀមខ្លួនឲ្យបានល្អ ក្រោយវិបត្តិកូវីដ-១៩ ត្រូវបញ្ចប់។ ដើម្បីសម្រេចបានគោលដៅនេះ មេដឹកនាំកម្ពុជា មានទស្សនវិស័យថា ប្រទេសនានា គួររៀបចំផែនការស្តារឡើងវិញ ដោយដាក់ចេញសេណារីយូមួយចំនួន សម្រាប់ឲ្យដំណើរការជាបណ្តើរៗនូវការធ្វើដំណើរឆ្លងកាត់ព្រំដែន និងប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និងការស្តារឡើងវិញនូវវិស័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩។
មេដឹកនាំកម្ពុជា បានអានសុន្ទរកថា ទៅកាន់មហាសន្និបាតដូច្នេះថា៖«យើង ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញសាកលភាវូបនីយកម្ម និងពង្រឹងយន្តការពហុភាគីនិយម ដើម្បីធានាបរិយាកាសអនុគ្រោះ សម្រាប់លើកស្ទួយកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ យើង ត្រូវធានាថា យន្តការកិច្ចសហប្រតិបត្តិការ ពិសេសការពន្លឿនការតភ្ជាប់សង្គម និងសេដ្ឋកិច្ចរបស់យើង សម្រាប់ជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងសម្រេចបាននូវរបៀបវារៈសាកលនៃការអភិវឌ្ឍប្រកបដោយចីរភាព»។
តួលេខពីគេហទំព័រ
https://www.worldometers.info/coronavirus/ បង្ហាញថា មកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ មានមនុស្សជិត២០លាននាក់ នៅទូទាំងពិភពលោក បានឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះ បានជាសះស្បើយវិញជាង១២លាននាក់ និងស្លាប់ជាង៧សែននាក់។ អាមេរិក មានអ្នកឆ្លងច្រើនជាងគេ គឺមានជាង៥លាននាក់ហើយ តែបានជាសះស្បើយវិញជាង២,៦លាននាក់ ខណៈអ្នកស្លាប់ មានជាង១,៦សែននាក់។
ដោយឡែក កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ ២៤៨នាក់ ដោយគិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ មាន២១៧នាក់ បានជាសះស្បើយវិញ ហើយ៣១នាក់ទៀត កំពុងសម្រាកព្យាបាល៕