ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាការឡើងជណ្ដើរអាចផ្ដល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ចំពោះសុខភាព។ ថាតើការឡើងជណ្ដើរអាចផ្ដល់ផលល្អអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរឧស្សាហ៍ឡើងជណ្ដើរ ៖
១. វាជួយពង្រឹងសុខភាពឆ្អឹង
ការឡើងជណ្ដើរអាចចាត់ទុកជាទម្រង់នៃលំហាត់ប្រាណមួយបែបហៅថា (weight-bearing exercise) ដែលទ្រ ឬទប់ទម្ងន់ខ្លួន។ នេះមានន័យថាការឡើងជណ្ដើរពិតជាអាចជួយពង្រឹងសុខភាពឆ្អឹងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានយ៉ាងប្រសើរ។ ការឡើងជណ្ដើរក៏ជាលំហាត់ប្រាណដ៏ល្អបំផុតមួយដើម្បីរក្សាសុខភាពសន្លាក់ផងដែរ។
២. វាធ្វើឱ្យអ្នកមិនឆាប់ហត់
អ្នកប្រាកដជាមានអារម្មណ៍ហត់មួយរំពេចក្រោយពីឡើងជណ្ដើរមិនទាន់បានប៉ុន្មានកាំផងប្រសិនបើមិនឧស្សាហ៍ដើរឡើងទេនោះ។ ប៉ុន្តែនៅពេលឡើងជាញឹកញាប់ ឬជាប្រចាំអ្នកនឹងមិនងាយហត់ដូចមុនទៀតឡើយ។ អត្ថប្រយោជន៍នេះក៏ល្អសម្រាប់អ្នកក្នុងការការធ្វើសកម្មភាពរាងកាយផ្សេងទៀតដោយមិនងាយអស់កម្លាំងផងដែរ។
៣. វាធ្វើឱ្យជើងរបស់អ្នកមើលទៅស្រស់ស្អាត
ការឡើងជណ្ដើរជាទម្រង់នៃលំហាត់ប្រាណដ៏ប្រសើរបំផុតមួយសម្រាប់ជើងរបស់អ្នក។ ដូច្នេះដើម្បីជាការប្រសើរចូរបង្កើតទម្លាប់ដើរឡើងជណ្ដើរជាប្រចាំ។
៤. វាល្អសម្រាប់សុខភាពសាច់ដុំ
ការឡើងជណ្ដើរមិនត្រឹមតែប្រសើរសម្រាប់តែសាច់ដុំជើងប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់សាច់ដុំគូទ សាច់ដុំដៃ និងថែមជួយបង្រួមចង្កេះទៀតផង។
៥. វាជួយឱ្យអ្នកស្រកទម្ងន់ដែលលើស
ប្រសិនបើអ្នកចង់ស្រកទម្ងន់បានកាន់តែប្រសើរ ចូរព្យាយាមដើរឡើងជណ្ដើរជើងជំនួសជណ្ដើរយន្ត។ ការឡើងជណ្ដើរអាចជួយដុតបំផ្លាញកាឡូរីបន្ថែមនិងធ្វើឱ្យអ្នកស្រកទម្ងន់គួរឱ្យកត់សម្គាល់។
៦. វាជួយគ្រប់គ្រងសម្ពាធឈាម
ការធ្វើលំហាត់ប្រាណទៀងទាត់ជាប្រចាំ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយទាំងមូលល្អប្រសើរ ក៏ដូចជាទប់ស្កាត់បាននូវបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ហើយការមិនធ្វើលំហាត់ប្រាណសោះនឹងបង្កផលប៉ះពាល់ដល់មុខងាររបស់បេះដូងក្នុងការច្របាច់ឈាមទៅសព្វរាងកាយដែលនាំឱ្យកើតមានបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺលើសឈាម។ នេះមិនមែនមានន័យថាអ្នកចាំបាច់ត្រូវធ្វើលំហាត់ប្រាណខ្លាំងក្លាឡើយ ត្រឹមតែការដើរ ឬឡើងជណ្ដើរក៏ជាលំហាត់ប្រាណល្អប្រសើរដើម្បីទប់ស្កាត់ជំងឺលើសឈាមដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh