សង្គមអន្តរជាតិ​
អន្តរជាតិ
សេដ្ឋី​វិស័យ​ព័ត៌មាន​ហុងកុង​ដែល​រិះគន់​ចិន​ខ្លាំងៗ ត្រូវ​ចាប់ខ្លួន​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី
10, Aug 2020 , 11:25 am        
រូបភាព
លោក Jimmy Lai (កណ្ដាល) ម្ចាស់កាសែតហុងកុង Apple Daily ដើរចេញពីស្ថានីយ៍ប៉ូលិស Kowloon ក្នុងទីក្រុងហុងកុង ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០ (AFP)
លោក Jimmy Lai (កណ្ដាល) ម្ចាស់កាសែតហុងកុង Apple Daily ដើរចេញពីស្ថានីយ៍ប៉ូលិស Kowloon ក្នុងទីក្រុងហុងកុង ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០ (AFP)
ដោយ:
​លោក Jimmy Lai សេដ្ឋី​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង ត្រូវបាន​ចាប់​ឃាត់ខ្លួន នៅ​ថ្ងៃទី ១០ ខែសីហា ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី ដោយ​រង​ការចោទប្រកាន់ថា គប់គិត​ជាមួយ​កម្លាំង​បរទេស ។ លោក Lai ជា​ម្ចាស់​កាសែត Apple Daily ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ៊ាន​រិះគន់​ខ្លាំងៗ​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។

 
​ទីប្រឹក្សា​ម្នាក់​របស់លោក Jimmy Lai លោក Mark Simon បាន​អះអាងថា ការចាប់ខ្លួន​បានធ្វើ​ឡើង​នៅ​ម៉ោង​ប្រមាណ​៧​ព្រឹក​( ម៉ោង​ក្នុងស្រុក​) នៅផ្ទះ​លោក​តែម្ដង​។ តាម​ការចុះផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Simon បន្តថា សមាជិក​ផ្សេងទៀត​នៃ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់លោក Lai ក៏ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ផងដែរ​។ 
 
​ប៉ុន្មាន​ម៉ោង​ក្រោយ​ការចាប់ខ្លួន​លោក Lai ការិយាល័យ Apple Daily នៅ​ជាយ​ទីក្រុង​ហុងកុង ក៏ត្រូវ​បាន​ប៉ូលិស​ចូល​ឆែកឆេរ​ផងដែរ​។ 
 
​ប្រភព​ប៉ូលិស​មួយ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា លោក Lai ត្រូវបាន​ចាប់ខ្លួន​ពីបទ​គប់គិត​ជាមួយ​កម្លាំង​បរទេស ។ នេះ​គឺជា​បទល្មើស​មួយ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ហុងកុង​។ អ្នក​ចាប់ខ្លួន​ទាំងអស់ ក៏​រង​ការ​ចោទថា លួច​បន្លំ​ផងដែរ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​AFP កាលពី​ពាក់កណ្ដាល​ខែមិថុនា មុនពេល​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ត្រូវបាន​ដាក់​លើ​ទីក្រុង​នេះ លោក Lai ធ្លាប់បាន​និយាយថា​៖«​ខ្ញុំ​ត្រៀមខ្លួន​សម្រាប់​ជាប់គុក​»​។ សេដ្ឋី​វ័យ​៧២​ឆ្នាំ​រូបនេះ បន្តថា​៖«​ប្រសិនបើ​ពេលនោះ​មកដល់ ខ្ញុំ​នឹងមាន​ឱកាស​អាន​សៀវភៅ ដែល​ខ្ញុំ​អត់​ធ្លាប់​អាន​។ រឿង​តែមួយ​ដែល​ខ្ញុំ​អាចធ្វើ​បាន គឺ មាន​សុទិដ្ឋិនិយម​»​។​
 
​លោក Lai ចាត់ទុក​ច្បាប់​នេះ​ជា​ជួង​មរណៈ​សម្រាប់​ហុងកុង​។ ត្រង់ចំណុច​នេះ​លោក​បកស្រាយ​ថា​៖«​វា​នឹង​ជំនួស ឬ​បំផ្លាញ​នីតិរដ្ឋ​យើង និង​បំផ្លាញ​ឋានៈ​ហិរញ្ញវត្ថុ​អន្តរជាតិ​យើង​»​។ ម្យ៉ាងវិញទៀត លោក​ក៏​អះអាងថា លោក​ព្រួយបារម្ភ​ថា អ្នកកាសែត​នឹង​ក្លាយ​មុខសញ្ញា​របស់​អាជ្ញាធរ​។​
 
​កាសែត Apple Daily ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៥ ដោយ​លោក Jimmy Lai ។ ក្នុង​ការស្ទង់មតិ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​ខែមករា ឆ្នាំ​២០១៩ កាសែត Apple Daily​ ​និង​វេ​ប​សាយ​របស់​វា ត្រូវបាន​គេ​អាន​ច្រើន​បំផុត​លំដាប់​ទី​២​ក្នុង​ទីក្រុង​ហុងកុង​។
 
​សូមបញ្ជាក់ថា ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី ១ ខែកក្កដា ហាមឃាត់​ការធ្វើ​វិទ្ធង្សនា ការធ្វើ​អបគមន៍ ភេរវកម្ម និង​ការ​ផ្សំគំនិត​ជាមួយ​បរទេស​ជាដើម​។ ទាំង​រដ្ឋាភិបាល​ចិន​និង​ហុងកុង អះអាងថា ច្បាប់​ថ្មី​នេះ​នឹងមិន​ប៉ះពាល់​ដល់​សេរីភាព​ប្រជាជន​ហុងកុង​ឡើយ​៕ 
 
 

Tag:
 ​ហុងកុង​
  Jimmy Lai
  សារព័ត៌មាន​
  ច្បាប់​សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com