អន្តរជាតិ
អេ​ស្ប៉ា​ញ​៖ បាតុករ​ទាមទារ​បញ្ច​ប់​របបរាជានិយម ក្រោយ​អតីត​មហាក្សត្រ និរទេស​ព្រះកាយ​
10, Aug 2020 , 10:19 pm        
រូបភាព
បាតុករអេស្ប៉ាញចុះផ្លូវទាមទារបញ្ចប់របបរាជានិយម កាលពីឆ្នាំ២០១៤។ រូបភាព៖AFP
បាតុករអេស្ប៉ាញចុះផ្លូវទាមទារបញ្ចប់របបរាជានិយម កាលពីឆ្នាំ២០១៤។ រូបភាព៖AFP
ដោយ:
​បាតុករ​អេ​ស្ប៉ា​ញ នៅ​ថ្ងៃទី​៩ ខែសីហា បានទាមទារ​ឲ្យ​បញ្ចប់​របបរាជានិយម​នៅ​អេ​ស្ប៉ា​ញ និង​បង្កើត​របប​សាធារណរដ្ឋ​ឡើងវិញ បន្ទាប់ពី​អតីតព្រះមហាក្សត្រ Juan Carlos បាន​និរទេស​ព្រះកាយ ខណៈ​ប្រឈមមុខ​ទៅនឹង​ការស៊ើបអង្កេត​ពាក់ព័ន្ធ​ទៅនឹង​រឿងអាស្រូវ​ពុករលួយ​លើទឹក​ប្រាក់​ចំនួន​១០០​លាន​ដុល្លារ​។​

 
​ក្រោយ​ពេលដែល​ព្រះមហាក្សត្រ Juan Carlos បាន​និរទេស​ខ្លួន បាតុកម្ម​ប្រឆាំង នឹង​របបរាជានិយម​បានកើត​ឡើង​នៅ​ទូទាំង​អេ​ស្ប៉ា​ញ​។ បាតុករ​អេ​ស្ប៉ា​ញ​រាប់រយ​នាក់ បាននាំគ្នា​ចុះ​ផ្លូវ​នៅក្នុង​រាជធានី​ម៉ា​ឌ្រី​ដ ដើម្បី​ប្រឆាំង​ទៅនឹង​របបរាជានិយម​អេ​ស្ប៉ា​ញ និង​ទាមទារ​ឲ្យ​បង្កើត​របប​សាធារណរដ្ឋ​សាជាថ្មី​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​រូបភាព​ពី​ការជួបជុំ​បានបង្ហាញ​ឲ្យ​ឃើញ​បាតុករ​មួយចំនួន​កាន់​ទង់​សាធារណរដ្ឋ​អេ​ស្ប៉ា​ញ​ទី​២ និង​ស្រែក​ប្រឆាំង​គ្រួសារ​រាជវង្ស​។ បាតុករ​ម្នាក់​បាន​និយាយថា​៖ «​យើង​ត្រូវ​បោសសម្អាត​ប្រព័ន្ធ​ដែល​ពុករលួយ ហើយ​យើង​គួរ​ចាប់ផ្តើម​ពី​រាជវាំង​។​» ក្រៅតែពី​បាតុកម្ម​នៅ​រាជធានី​ម៉ា​ឌ្រី​ដ​នៅ​ថ្ងៃទី​៩ ខែសីហា បាតុកម្ម​ក៏មាន​នៅ​ទីក្រុង Valencia ខណៈ​បាតុកម្ម​ច្រើន​ទៀត គ្រោង​ធ្វើជា​បន្តបន្ទាប់​ក្នុង​សប្តាហ៍​នេះ​។ បាតុករ នឹង​ជួបជុំគ្នា​នៅ​កោះ  Mallorca ទី​ដែល​ព្រះមហាក្សត្រ​អេ​ស្ប៉ា​ញ Felipe VI គ្រោង​យាង​ទៅ​នៅ​សប្តាហ៍​នេះ​។​
 
​ព្រះ​ចៅ Juan Carlos បាន​ឡើង​សោយរាជ្យ​ក្នុង​ឆ្នាំ​១៩៧៥ ក្រោយ​ការស្លាប់​របស់​មេដឹកនាំ​ផ្ដាច់ការ Francisco Franco ហើយ​បាន​សោយរាជ្យ​អស់​រយៈពេល​៣៨​ឆ្នាំ មុនពេល​ដាក់រាជ្យ​ឲ្យ​បុត្រា​ទ្រង់ មហាក្សត្រ Felipe VI ក្នុង​ខែមិថុនា ឆ្នាំ​២០១៤​។  
 
​មកទល់ពេលនេះ រាជវាំង និង​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ ក៏ដូចជា​មេធាវី​របស់​ទ្រង់ បាន​បដិសេធ​ពី​ទីកន្លែង​ដែល​ទ្រង់​យាង​ទៅ​។ ប៉ុន្តែ​គេហទំព័រ​ព័ត៌មាន Niusdiario.es នៅ​ថ្ងៃទី​៨ សីហា​បានបង្ហាញ​រូបភាព​ព្រះអង្គ​នៅ​អាកាសយានដ្ឋាន អា​ប៊ុ​យ​ដា​បី ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ អតីត​ស្ដេច​អេ​ស្ប៉ា​ញ​រូបនេះ ត្រូវគេ​ជឿថា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រជ្ជទាយាទ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។​
 
​ក្រោយ​ការ​និរទេស​ព្រះកាយ ការស្ទង់មតិ​មួយ​បានធ្វើ​ឡើង ដែល​ក្នុងនោះ​អ្នកចូលរួម​ឆ្លើយ​សំណួរ​ចំនួន​៨០​ភាគរយ និយាយថា ព្រះអង្គ​ត្រូវ​ប្រឈមមុខ​ទៅនឹង​នីតិវិធីតុលាការ​។ ទោះជា​យ៉ាងណាក្តី អ្នកចូលរួម​ក្នុង​ការស្ទង់មតិ ៦៩​ភាគរយ ចាត់ទុកថា​ព្រះអង្គ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្លាស់ប្តូរ​ប្រទេស​អេ​ស្ប៉ា​ញ ឲ្យ​ចេញពី​របប​ផ្តាច់ការ​មក​ប្រជាធិបតេយ្យ ចាប់តាំងពី​ឆ្នាំ​១៩៧៥ មក​ក្រោយ​ស្ថិតក្រោម​ការដឹកនាំ​បែប​ផ្ដាច់ការ​របស់ Franco អស់​ពេល​៣៦​ឆ្នាំ​។​
 
​នៅ​អេ​ស្ប៉ា​ញ បាតុកម្ម​ទាមទារ​ឲ្យ​បញ្ចប់​របបរាជានិយម​មិនមែនជា​រឿង​ថ្មី​ឡើយ ជាក់ស្តែង​ក្រោយ​ការដាក់​រាជ​របស់​ព្រះបាទ Juan Carlos ក្នុង​ឆ្នាំ​២០១៤ បាតុករ​រាប់ពាន់នាក់​បាននាំគ្នា​ចុះ​ផ្លូវ​ទាមទារ​ឲ្យ​ធ្វើ​ប្រជាមតិ​លើ​ការបន្ត​របបរាជានិយម​អេ​ស្ប៉ា​ញ​៕
 
 

Tag:
 Juan Carlos
  អេ​ស្ប៉ា​ញ
© រក្សាសិទ្ធិដោយ thmeythmey.com