ជាតិ
អន្តរជាតិ
អាស៊ាន​អាយុ​៥៣​ឆ្នាំ​៖ បញ្ហា​ប្រឈម​សំខាន់ៗ និង​មាគ៌ា​ឆ្ពោះទៅមុខ​
11, Aug 2020 , 8:29 am        
រូបភាព
​ដោយ៖ ហេង គីម​គង់​
​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ នៅ​ទីក្រុង​បាងកក​ដោយ​ប្រទេស​ជា​សមាជិក​ដើម​ចំនួន ៥ ដែល​រួមមាន ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ថៃ​។ ប្រទេស​ព្រុយ​ណេ​បាន ចូលរួម​ក្នុង​ឆ្នាំ ១៩៨៤ វៀតណាម​នៅ​ឆ្នាំ ១៩៩៥ ឡាវ​និង​មី​យ៉ាន់​ម៉ា​នៅ​ឆ្នាំ ១៩៩៧ និង​កម្ពុជា​ក្នុង​ឆ្នាំ ១៩៩៩ ។​



​គោលបំណង​ធំៗ​ក្នុងការ​បង្កើត​សមាគម​អាស៊ាន​រួមមាន​ដូចជា​៖ (១) ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច វឌ្ឍនភាព​សង្គម និង​ការអភិវឌ្ឍ​វប្បធម៌ (២) លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​ក្នុង តំបន់ (៣) ជំរុញ​កិច្ចសហប្រតិបត្តិការ​ស​កម្ម និង​ការជួយ​គ្នា​ទៅវិញទៅមក​លើ​បញ្ហា ពាក់ព័ន្ធ​ផលប្រយោជន៍​រួម (៤) ផ្តល់ជំនួយ​ដល់​គ្នា​ទៅវិញទៅមក​ទាក់ទង​នឹង ការបណ្តុះបណ្តាល និង​ការស្រាវជ្រាវ (៥) សហការគ្នា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព សំរាប់​ការទាញយក​ផលប្រយោជន៍​ឱ្យ​កាន់តែ​ទូលំទូលាយ​ពី​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ព្រមទាំង​ការពង្រីក​ពាណិជ្ជកម្ម (៦) ជំរុញ​ការសិក្សា​អំពី​អាស៊ីអាគ្នេយ៍ និង (៧) រក្សា​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ និង​មាន​ប្រយោជន៍​ជាមួយ​អង្គការ​តំបន់ និង​អន្តរជាតិ ដែលមាន​គោលបំណង​និង​គោលដៅ​ស្រដៀង​គ្នា​។ 
 
​យោងតាម​គេហទំព័រ​ផ្លូវការ​របស់​អាស៊ាន សមាគម​អាស៊ាន​អនុវត្តតាម​គោលការណ៍​គ្រឹះ​ចំនួន​ប្រាំមួយ​ក្នុងនោះ​មាន​៖ (១) ការគោរព​គ្នា​ទៅវិញ ទៅមក​ចំពោះ​ឯករាជ្យ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី (២) សេរីភាព​ពី​ការ ជ្រៀតជ្រែក​មកពី​ខាងក្រៅ (៣) ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង របស់​ប្រទេស ជា​សមាជិក (៤) ការដោះស្រាយ​ភាពខុសគ្នា ឬ​ជម្លោះ​ដោយ​សន្តិវិធី (៥) ការលះបង់ ការគំរាមកំហែង​នានា ឬ​ការប្រើប្រាស់​កម្លាំង និង (៦) កិច្ចសហប្រតិបត្តិការ​ប្រកប ដោយ​ប្រសិទ្ធភាព​ក្នុង​តំបន់​។ អាស៊ាន បាន​បង្កើត​សហគមន៍​អាស៊ាន​ដែលមាន សរសរ​គ្រឹះ​ចំនួន ៣ គឺ​សហគមន៍​សន្តិសុខ​នយោបាយ​អាស៊ាន សហគមន៍​សេដ្ឋកិច្ច អាស៊ាន​និង​សហគមន៍​វប្បធម៌​សង្គម​អាស៊ាន​។​
 
​បន្ទាប់ពី​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ទាំង​ក្នុង​តំបន់​និង​ក្នុង​ពិភពលោក អាស៊ាន​មាន​អាយុ ៥៣ ឆ្នាំ​ហើយ​នៅក្នុង​ឆ្នាំ ២០២០​នេះ​។ អត្ថបទ​នេះ​នឹង​ផ្តល់​ចំណុច​សង្ខេបនៃ​បញ្ហា​ប្រឈម​សំខាន់ៗ ដែល​អាស៊ាន​កំពុង​ជួបប្រទះ និង​ពិនិត្យមើល​មាគ៌ា​ឆ្ពោះទៅមុខ សំរាប់​សមាគម​នេះ ដើម្បី​បង្កើន​ភាព​ពាក់ព័ន្ធ និង​សារៈសំខាន់​របស់ខ្លួន​ក្នុងពេល​អនាគត​។ នេះ​ក៏​ចំ​ពេលដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ដែល​បណ្តាលមកពី​ភាព​តានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ ការប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​ដែល​កំពុង​បន្ត​រវាង​មហាអំណាច​ធំៗ និង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត​-១៩​។​
 
​បញ្ហា​ប្រឈម​សំខាន់ៗ​

​ទោះបី​អាស៊ាន​ត្រូវបាន​គេ​សាទរ​ចំពោះ​សមិទ្ធិផល​ដ៏​អស្ចារ្យ​របស់ខ្លួន​ក្នុង​ការជួយ​សម្របសម្រួល​និង​ជំរុញ​សន្តិភាព​ក្នុង​តំបន់​និង​ពិភពលោក​ក៏ដោយ ក៏មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​សមាគម​នេះ​ត្រូវ​ដោះស្រាយ​។ យោងតាម​លោក Kishore Mahbubani និង លោក Jeffery Sng អ្នកនិពន្ធ សៀវភៅ "​ភាព​អស្ចារ្យ​របស់​អាស៊ាន​៖ កត្តា​ជំរុញ​ដើម្បី​សន្តិភាព​" បញ្ហា​ប្រឈម​មួយ​ដែល​អាស៊ាន​មាន​គឺ​ទាក់ទង​នឹង​ភាពទន់ខ្សោយ​របស់ខ្លួន​។ ខុសពី​សហគមន៍​អឺរ៉ុប អាស៊ាន​មិនមាន​អ្នកទទួលខុសត្រូវ​ក្នុងការ​រក្សា​ប្លុក​ប្រទេស​ទាំង ១០ នេះ​ឱ្យ​ដើរ​ទៅមុខ​ស្រួល​នោះទេ​។ សមាគម​នេះ​ខ្វះ​ស្ថាប័ន​រឹងមាំ ដើម្បី​ធានាបាន​នូវ​ភាពជោគជ័យ​នៃ​ការអនុវត្ត​សេចក្តីសម្រេចចិត្ត​រួម​របស់ខ្លួន​។ អាស៊ាន​ក៏​ប្រឈម​នឹង​បញ្ហា​ទាក់ទង​នឹង​ពលរដ្ឋ​របស់ខ្លួន​ខ្វះ​ភាពជា​ម្ចាស់​នៃ​សមាគម​ផងដែរ​។​
 
​បើតាម​លោក Kishore Mahbubani និង លោក Jeffery Sng អាស៊ាន​ប្រឈម​នឹង កត្តា​គំរាមកំហែង​ធំៗ ចំនួន​បី ។ ទីមួយ​គឺ​ការប្រកួតប្រជែង ជា​យុទ្ធសាស្ត្រ​ដើម្បី​ដណ្ដើម​ឥទ្ធិពល​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​រវាង​សហរដ្ឋអាមេរិក​និង​ចិន​។ ថ្មីៗ​នេះ​អាស៊ាន​ត្រូវបាន​បង្ខំ​ឱ្យ​ជ្រើសរើស​រវាង​សហរដ្ឋអាមេរិក និង​ចិន​។ ជាក់ស្តែង​បណ្តា​ប្រទេស អាស៊ាន​រួមទាំង​ប្រទេស​កម្ពុជា​ផង កំពុង​ប្រឈម​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ កាន់តែ​កើនឡើង​នៅពេលដែល​សហរដ្ឋអាមេរិក​និង​ចិន​បង្កើន​ការប្រកួតប្រជែង យុទ្ធសាស្ត្រ​របស់​ពួកគេ​និង​ចាប់ផ្តើម​ធ្វើសង្គ្រាម​ត្រជាក់​ថ្មី​។ អាស៊ាន​អាច​នឹងមាន អស្ថិរភាព ឬ​អាច​ត្រូវបាន​បំផ្លាញ ប្រសិនបើ​សមាគម​មួយ​នេះ​លេងល្បែង​ភូមិសាស្ត្រ នយោបាយ​នេះ​មិនមាន​ប្រសិទ្ធ​ភាពល្អ​។​
 
​ចំនុច​ទី​ពីរ​គឺ​អាស៊ាន​ខ្វះ​មេដឹកនាំ​រឹងមាំ​និង​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ដែល​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​អាស៊ាន​។ មេដឹកនាំ​ភាគច្រើន​នៅក្នុង​អាស៊ាន រវល់​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងប្រទេស​របស់​ពួកគេ​រៀងៗ​ខ្លួន រួមមាន​បញ្ហានយោបាយ សង្គម និង​សេដ្ឋកិច្ច​។ ដោយសារ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី ជំងឺ​COVID-១៩ មេដឹកនាំ ប្រទេស​អាស៊ាន​នីមួយៗ នឹង​ផ្តល់​អាទិភាព​ដល់​កិច្ចការ​ក្នុងប្រទេស​របស់ខ្លួន​ជាពិសេស ជំរុញ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្នុងអំឡុងពេល និង​ក្រោយ​ជំងឺ​រាតត្បាត​។ ការផ្តោត​ខ្លាំង​លើ​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​នីមួយៗ​ពិតជា​ជះឥទ្ធិពល​ដល់​ភាពជោគជ័យ និង​សុខុមាលភាព​របស់​អាស៊ាន​ទាំងមូល​ក្នុង​ពេលនេះ និង​ពេលអនាគត​។​
 
​បញ្ហា​ប្រឈម​ទី​បី​គឺ​អាស៊ាន​ងាយ​រងគ្រោះ​ដោយសារ​ជម្លោះផ្ទៃក្នុង​និង​ជម្លោះ​មកពី ខាងក្រៅ​។ នៅក្នុង​សមាគម​អាស៊ាន​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ និង​រវាង​កម្ពុជា និង​វៀតណាម​នៅតែមាន​ហើយ​អាច​នឹង​ផ្ទុះឡើង​ដោយ​មិន​នឹកស្មាន​ដល់​នាពេល អនាគត​។ ជម្លោះព្រំដែន​រវាង​ថៃ​និង​មី​យ៉ាន់​ម៉ា​អាច​នឹង​ប្រែក្លាយជា​ធ្ងន់ធ្ងរ​ដោយ​ចលនា​អន្តោប្រវេសន៍​ខុសច្បាប់ និង​ការបះបោរ​របស់​ជនជាតិ​ផ្សេងៗ​នៅពេល​ណាមួយ​។ ព្រំដែន​រវាង​ម៉ាឡេស៊ី និង​សឹង្ហ​បុរី​ក៏​អាច​បង្កបញ្ហា​ផងដែរ​ជាពិសេស​ទាក់ទង​នឹង​ជម្លោះ ដែនទឹក​នៅ​តំបន់​ជ្រោយ Johor ជាប់​នឹង​ទឹកដី​ដែល​បានទាមទារ​ដោយ​សិង្ហ​បុរី​។ ចំពោះ​បញ្ហា​នៅ​ខាងក្រៅ​តំបន់ គឺ​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ​ដែល​ទាក់ទង​នឹង​ជម្លោះ ដណ្ដើម​ទឹកដី​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​
 
​វេទិកា​សេដ្ឋកិច្ចពិភពលោក បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដែល​អះអាងថា​អាស៊ាន កំពុង​ប្រឈម​នឹង​ឧបសគ្គ​ចំនួន ៧ ខណៈ​សមាគម​មួយ​នេះ​ព្យាយាម​ធ្វើឱ្យ​សម្រេចបាន នូវ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។ បញ្ហា​ទាំងនោះ​រួមមាន ជម្លោះទឹកដី អំពើពុករលួយ ការផ្លាស់ប្តូរ​ប្រជាសាស្ត្រ ភាពខុសគ្នា​ផ្នែក​សេដ្ឋកិច្ច វិសមភាព​ក្នុង​ការទទួល យក​បច្ចេកវិទ្យា និង​ការធ្វើសមាហរណកម្ម សេដ្ឋកិច្ច​ក្នុង​ពិភពលោក​។​
 
​នៅមាន​បញ្ហា​ប្រឈម​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​ការបោះឆ្នោត និង​អភិបាលកិច្ច ការកើនឡើង​នៃ​ភាព​ផ្តាច់ការ​ក្នុង​តំបន់ ភាព​ពាក់ព័ន្ធ​របស់​ស​មា​គម ការពឹង​ពាក់ ពាណិជ្ជកម្ម​របស់​អាស៊ាន​លើ​ប្រទេស​ចិន ការធ្លាក់ចុះ​នៃ​ការចូលរួម​របស់​សហ​រដ្ឋ អាមេរិក​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​វិបត្តិ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។ 
 
​ក្រៅពីនេះ​យ៉ាងហោចណាស់​មាន​ប្រទេស​ចំនួន ៤ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល កំពុង​ប្រឈម​នឹង​បញ្ហាសំខាន់ៗ​ដែល​បណ្តាលមកពី​នយោបាយ​គ្រប់គ្រង​ទឹក​។ ជាក់ស្តែង ទន្លេមេគង្គ​ដែល​ហូរ​កាត់​ប្រទេស​អាស៊ាន​ចំនួន ៥ គឺ​មី​យ៉ាន់​ម៉ា ឡាវ ថៃ កម្ពុជា និង វៀតណាម កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​។ ទំនប់​វា​រី​អគ្គិសនី​ជាច្រើន​ទៀត​ត្រូវបាន​សាងសង់ និង​កំពុង​ត្រូវបាន​សាងសង់ ដែល​បណ្តាល​ឲ្យ​មានការ​រាំងស្ទះ​ដល់​លំហូរ​ទឹក និង ការធ្វើដំណើរ​របស់​ត្រី បំផ្លាញ​ជីវចម្រុះ​និង​បរិស្ថាន និង​ប៉ះពាល់​ដល់​អាយុជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ​។​
 
​មាគ៌ា​ឆ្ពោះទៅមុខ​
 
​ដើម្បី​ឆ្ពោះទៅមុខ​និង​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព Kishore Mahbubani និង លោក Jeffery Sng បានផ្តល់​អនុសាសន៍​ថា អាស៊ាន​ត្រូវតែ បណ្តុះ​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្មារតី​នៃ​ភាពជា​ម្ចាស់​របស់​អាស៊ាន​ក្នុងចំណោម ប្រជាជន​នៅក្នុង​តំបន់​។ មុខវិជ្ជា​ស្តីពី​ការសិក្សា​ពី​អាស៊ាន​គួរតែ​ត្រូវបាន​បញ្ចូល ទៅក្នុង​កម្មវិធីសិក្សារ​បស់​សាលា​ចាប់ពី​បឋមសិក្សា​ដល់​សាកលវិទ្យាល័យ​។ អាស៊ាន​ក៏ត្រូវ​បង្កើន​សក្ដានុពល​របស់​លេខាធិការ​អាស៊ាន​ផងដែរ​។ សមាគម អាច​ប្តូរ​គោលនយោបាយ​របស់​ខ្លួន​ស្តីពី​ការផ្តល់​មូលនិធិ​ស្មើៗ​គ្នា មក​អនុវត្ត តាម​គោលការណ៍​របស់​អង្គការសហប្រជាជាតិ ពោលគឺ​ប្រទេស​អ្នកមាន​ត្រូវ ចូលរួម​វិភាគទាន​ច្រើនជាង​ប្រទេស​ដែល​នៅ​ក្រ ក្នុងការ​គាំទ្រ​ដល់ អង្គការ សហប្រជាជាតិ​។ ដូចគ្នានេះ​ផងដែរ កិច្ចខិតខំ​ប្រឹងប្រែង​ផ្សេងៗ​ទៀត គួរតែ​ត្រូវ បាន​ធ្វើឡើង​ដើម្បី​ទ្រទ្រង់​និង​លើកកម្ពស់​សមិទ្ធិផល​ដែលមាន​ស្រាប់​របស់​អាស៊ាន​។ សមាគម​នេះ​មាន​សក្តានុពល​អាច​ក្លាយជា​ពន្លឺ​ថ្មី​នៃ​ក្តីសង្ឃឹម​សំរាប់ ពិភពលោក​។ ដូច្នេះ​វា​ចាំបាច់​ណាស់​ដែល​អាស៊ាន​ត្រូវ​លើកកម្ពស់​ភាពខ្លាំង​រប​ស់​ខ្លួន​។​
 
​ម្យ៉ាងវិញទៀត​អាស៊ាន​ត្រូវតែ​រក​វិធី​ដែលមាន​ភាព ច្នៃប្រឌិត​ដើម្បី​ដោះស្រាយ បញ្ហា​ប្រឈម​សំខាន់ៗ​មួយចំនួន​ដែល​បានលើកឡើង​ខាងលើ​។ សមាគម​ត្រូវ ព្យាយាម​ជំរុញ​ការសម្របសម្រួល​ឱ្យ​កាន់តែ​ជិតស្និទ្ធ កាត់បន្ថយ​អំពើពុករលួយ លើកទឹកចិត្ត​តម្លាភាព​ក្នុងការ គាំទ្រ​ការស្រាវជ្រាវ​និង​ការច្នៃប្រឌិត និង​ជំរុញ ការបង្កើត​ថ្មី​និង​សហគ្រិនភាព​។ អ្វីដែល​សំខាន់​ជាងនេះទៀត​នោះ គឺ​ប្រទេស​អាស៊ាន ត្រូវតែ​ធ្វើការ​រួមគ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​កែលំអ​វិស័យ​សុខាភិបាល ការអប់រំ សមាហរណកម្ម​សេដ្ឋកិច្ច ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការតភ្ជាប់​ក្នុង​តំបន់​។ សមាគម​នេះ​ត្រូវ​ផ្តល់​អាទិភាព​ដល់​តម្លៃ​នៃ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ កំណើន​រួមគ្នា និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ វា​ចាំបាច់​ណាស់​ដែល​សមាគម​អាស៊ាន​ត្រូវ យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​តំបន់ ដោយ​ត្រូវ​គាំទ្រ និង​ជួយ​គ្នា​ទៅវិញទៅមក ជាពិសេស​ជួយ​សមាជិក​ដែល​មិនសូវមាន​ការអភិវឌ្ឍ​ខ្ពស់ ដើម្បី​ពង្រឹង​ការផ្ទេរ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​។​
 
​ទាក់ទង​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីត​-១៩ អាស៊ាន​ត្រូវ​សហការ​និង​ធ្វើ​សកម្មភាព​រួមគ្នា​ជាជាង​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីត​-១៩ ជា​លក្ខណៈ​ឯក​ភាគី តាម ប្រទេស​នីមួយៗ​។ ដូចដែល​លោក ពូ សុធីរ​: នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សំរាប់​សហប្រតិបត្តិការ​និង​សន្តិភាព បានលើកឡើង ខណៈ​ពេលនេះ​មិនមែនជា​ពេលដែល សមាជិក​អាស៊ាន​ត្រូវ​ផ្តាច់ខ្លួន​ចេញពី​គ្នា​នោះទេ​។ ផ្ទុយទៅវិញ សមាគម​នេះ​គួរតែ លើកកម្ពស់​ការឆ្លើយតប​ចំពោះ​ជំងឺ​រាតត្បាត​កូ​វីត​-១៩ ជា​លក្ខណៈ​តំបន់​។ ការ​ងាក​ទៅរក «ឯ​កតោភាគីនិយម, ​ជាតិនិយម និង​ការ​គាំពារ​និយម​» នឹងមិន​ជួយ អាស៊ាន​ឆ្លើយ​នឹង​ព្យុះ​ជំងឺ​កូ​វីត​-១៩ និង​ការធ្លាក់ចុះ​នៃ សេដ្ឋកិច្ច​ដែល​បណ្តាលមកពី ជំងឺ​រាតត្បាត​នោះ ប្រកបដោយ​ប្រសិទ្ធភាព​ទេ​។ ការប្រកាន់​ខ្ជាប់​នូវ​ការ ដោះស្រាយ​បញ្ហា​ជាមួយគ្នា ជា​លក្ខណៈ​តំបន់ និង​ការធ្វើការ​ជាមួយគ្នា​យ៉ាងពិត​ប្រាកដ គឺជា​គន្លឹះ​នៃ​ការប្រយុទ្ធ​រួមគ្នា​ប្រឆាំងនឹង ជំងឺ​កូ​វីត​-១៩​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ទំនប់​វា​រី​អគ្គិសនី​នៅតាម​ដង​ទន្លេមេគង្គ និង​ការ ប្រែប្រួល​អាកាសធាតុ​ដែល​ធ្វើឱ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ អាស៊ាន ជាពិសេស​បណ្តា ប្រទេស​តាម​ដង​ទន្លេមេគង្គ​ត្រូវ​បង្កើន​ការសម្របសម្រួល និង​កិច្ចសហប្រតិបត្តិការ​អន្តរ​ស្ថាប័ន ពង្រីក​ការចូលរួម​ក្នុង​តំបន់ និង​បង្កើន​ការ ទទួលបាន​ព័ត៌មាន​និង​ទិន្នន័យ​ជលសា​ស្ត្រ​។ បណ្តា​ប្រទេស​អាស៊ាន​ដែល​ពាក់ព័ន្ធ រឿង​ទន្លេមេគង្គ ត្រូវតែ​ព្យាយាម​ធ្វើឱ្យមាន តុល្យ​ភាពល្អ​រវាង​ការ​ចំណេញ ខាង​ពាណិជ្ជកម្ម​និង​ការការពារ​បរិស្ថាន​ក្នុង​តំបន់​ទន្លេ មេគង្គ​។ អ្វីដែល​សំខាន់ អាស៊ាន​ត្រូវ​ដោះស្រាយ​បញ្ហា​ទន្លេមេគង្គ​ដោយ​ភាព​យកចិត្ត ទុកដាក់ និង​ភាព​បន្ទាន់​ខ្ពស់​។ 
 
​ការដោះស្រាយ​បញ្ហា​ទន្លេមេគង្គ​ជាមួយ​ប្រទេស​ចិន​តាមរយៈ​វិធីសាស្ត្រ​ឯកតោភាគី ប្រហែល​មិនមែនជា​ជម្រើស​ដែល​ល្អ​នោះទេ ប្រសិនបើ​យើង​ក្រឡេកមើល​ឥទ្ធិពល និង​អំណាច​មហិមា​របស់​ចិន​។ ផ្លូវ​ឆ្ពោះទៅមុខ​ជាមួយ​បញ្ហា​នេះ​ស្ថិតនៅក្នុង​ដៃ របស់ រដ្ឋ​នៃ​ទន្លេមេគង្គ​។ ប្រទេស​ទាំងនេះ​ត្រូវតែ​សហការគ្នា ពង្រឹង​ជំហរ និង​បញ្ចុះបញ្ចូល សមាគម​អាស៊ាន​ឱ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ចំពោះ​បញ្ហា ទន្លេមេគង្គ ឱ្យ​ដូចគ្នា​ទៅនឹង​របៀប​ដែល​សមាគម​នេះ​ដោះស្រាយ​បញ្ហា សមុទ្រ​ចិន​ខាងត្បូង​។​
 
​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង អាស៊ាន​ត្រូវតែ​ដោះស្រាយ​ជម្លោះ​ដោយ យក​ផលប្រយោជន៍​រួម​ជាធំ​។ ប្រទេស​ដែលមាន​បញ្ហា​ជាមួយ​ចិន រឿង​សមុទ្រ​ចិន ខាងត្បូង​មិនគួរ​បង្ខំ​ប្រទេស​ដែល​មិន​ពាក់ព័ន្ធ​ផ្ទាល់​ឱ្យចូល​រួម ក្នុង​ជម្លោះ​នោះទេ ព្រោះ​វា​អាច​បង្ក​អន្តរាយ​ដល់​ឯកភាព​អាស៊ាន និង​ធ្វើឱ្យ​ខូចខាត​ដល់​ទំនាក់ទំនង​ទ្វេភាគី និង​ពហុភាគី​ជាមួយ​ចិន ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន​។ 
 
​ផ្ទុយទៅវិញ​ទាំង​ប្រទេស​ដែលមាន​ជម្លោះ និង​ប្រទេស​ដែល​មិនមាន​ជម្លោះ ជាមួយ ប្រទេស​ចិន​ត្រូវតែ​ដោះស្រាយ​ភាពមិន​ចុះសម្រុង​របស់​ពួកគេ និង​ស្វែងរក​ចំណុច រួមមួយ ដែល​ផ្តល់​អាទិភាព​ដល់​ផលប្រយោជន៍ ឯកភាព និង​ម​ជ្ឈ​ភាព​របស់​អាស៊ាន​។ ដើម្បី​ប្រឆាំងនឹង​ការទាមទារ​ទឹកដី​របស់​ចិន ទាំង​យន្តការ​ទ្វេភាគី និង​ពហុភាគី​គួរតែ ត្រូវបាន​អនុវត្ត​។ ដូច​អ្នកវិភាគ​ខ្លះ​បាន​អះអាង “​អាស៊ីអាគ្នេយ៍​មួយ​ដែល​រួបរួមគ្នា ជា​ធ្លុង​មួយ​នឹង​ធ្វើឱ្យ​ក្រុង​ប៉េកាំង​ពិបាក​បំបែក​និង​យកឈ្នះ​បាន​” ។​
 
​ដូច្នេះ​មធ្យោបាយ​ឆ្ពោះទៅមុខ​ល្អ​បំផុត គឺ​អាស៊ាន​ត្រូវតែ​រក្សា​សាមគ្គីភាព និង​ភាព​ធន់ របស់ខ្លួន ខណៈពេលដែល​សមាគម​នេះ​ព្យាយាម​លើកកម្ពស់ ការគោរព​ច្បាប់​អន្តរជាតិ និង​ច្បាប់​សមុទ្រ​។ ដោយសារ​ភាពខុសគ្នា​ខ្លាំង រវាង​ទំហំ​ប្រទេស​និង​ប្រជាជន កម្លាំង​សេដ្ឋកិច្ច អំណាច​យោធា និង​ឥទ្ធិពល រវាង​ចិន​និង​រដ្ឋ​ដែលមាន​ជម្លោះ​ជាមួយ ចិន រួមជាមួយ​ការគិត​ពី​ផលប្រយោជន៍ រៀងៗ​ខ្លួន​ក្នុងចំណោម​ប្រទេស​ជា​សមាជិក អាស៊ាន បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នឹង នៅតែ​បន្ត​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំ​ចំពោះ អាស៊ាន​។ សមាគម​នេះ​ត្រូវតែ​ពង្រឹង សាមគ្គីភាព​របស់ខ្លួន ដោះស្រាយ​បញ្ហា​ដែល ពាក់ព័ន្ធ​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក ប្រកបដោយ​លក្ខណៈ​ស្ថាបនា និង​ធ្វើយ៉ាងណា​ព្យាយាម​បញ្ចប់​ឲ្យ​បាន​នូវ​ការ​ការ​ចងក្រង​ក្រម​ប្រតិបត្តិ​ដែល​ទាក់ទង​សមុទ្រ​ចិន​ខាងត្បូង ដែល​គ្រប់គ្នា​មានការ​រំពឹងទុក​ខ្ពស់​នោះ​៕
 
​លោក ហេង គីម​គង់ ជា​បេក្ខជន​បណ្ឌិត​នៅ​សាកលវិទ្យាល័យ ឃ្វី​ន​លែ​ន ក្នុង ប្រទេស​អូស្ត្រាលី និង​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​ខ្មែរ​សំរាប់​សហប្រតិបត្តិការ​និង​សន្តិភាព​។ លោក​គឺជា​អ្នកទទួលបាន​អាហារូបករណ៍ រដ្ឋាភិបាល​អូស្ត្រាលី និង​ជា​សហ​ស្ថាបនិក​នៃ​វេទិកា​អប់រំ​កម្ពុជា​។ អត្ថបទ​វិភាគ​របស់លោក​ត្រូវបាន​បោះពុម្ពផ្សាយ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក និង​អន្តរជាតិ​ជាច្រើន​។​
 
 
 

Tag:
 អាស៊ាន​
  កម្ពុជា​
  មេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com