ជាតិ
ស្នងការ​ខេត្ត​កែប កណ្តាល ស្ទឹងត្រែង និង​ព្រៃវែង ឡើង​ឋានន្តរស័ក្តិ​ផ្កាយ​ពីរ​
11, Aug 2020 , 7:29 pm        
រូបភាព
ដោយ: រួបរួម
​ព្រះករុណា ព្រះមហាក្សត្រ បាន​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ «​ឧ​ត្ត​ម​សេនីយ៍​ទោ​» (​ផ្កាយ​ពីរ​) ដល់​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ ចំនួន​៤​រូប​។

 
​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ ឧ​ត្ត​ម​សេនីយ៍​ត្រី​ទាំង​៤​រូប ដែល​ឡើង​ឋានន្តរស័ក្តិ ឧ​ត្ត​ម​សេនីយ៍​ទោ សុទ្ធសឹង​តែមាន​ឋានៈ​ជា​ស្នងការ​នគរបាល​ខេត្ត ក្នុងនោះ​រួមមាន លោក សម្បត្តិ សុធា​រដ្ឋ ស្នងការ​ខេត្ត​កែប លោក ឈឿន សុចិ​ត្ត ស្នងការ​ខេត្តកណ្តាល លោក អូត ស៊ី​វុត្ថា ស្នងការ​ខេត្តស្ទឹងត្រែង និង​លោក ព្រុំ សន្ធរ ស្នងការ​ខេត្តព្រៃវែង​។​

 ​កាលពីដើម​ខែមិថុនា លោក សម្បត្តិ អតីត​ស្នងការរង​ទទួល​ផែន​អត្តសញ្ញាណ​កម្ម នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ឡើងជា​ស្នងការ នគរបាល​ខេត្ត​កែប ជំនួស​លោក បែន តារា ដែល​ត្រូវ​តែងតាំង​ជា​អនុប្រធាននាយកដ្ឋាន​ក​ណ្តា​ល នគរបាល​ព្រំដែន​។ 
 

​លោក ឈឿន សុចិ​ត្ត ឡើង​ពី​ស្នងការរង ទៅជា​ស្នងការ​ខេត្តកណ្តាល កាលពី​ខែមករា ដោយ​ជំនួស​តំណែង​លោក អ៊ា​វ ចំរើន ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅកាន់​តួនាទី​ជា​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។​


 ​លោក អូត ស៊ី​វុត្ថា ដែល​ពីមុន​ជា​ស្នងការរង ត្រូវបានតែងតាំង​ជា​ស្នងការ​ខេត្តស្ទឹងត្រែង ជំនួស​លោក ម៉ៅ តារា  កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០​។ ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ដាក់​លោក ម៉ៅ តារា ឲ្យ​ចូល​និវត្ត តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​។​
 

​កាលពីដើម​ខែកុម្ភៈ លោក ព្រុំ សន្ធរ បាន​ឡើង​ពី​ស្នងការរង​រាជធានី​ភ្នំពេញ ទៅជា​ស្នងការ​ខេត្តព្រៃវែង​ជំនួស​លោក ស្រេង ជា ដែល​ត្រូវបាន​ក្រសួងមហាផ្ទៃ ដាក់​ឲ្យ​ចូលនិវត្តន៍​៕
 

Tag:
 ស្នងការ​
  ឋានៈ
© រក្សាសិទ្ធិដោយ thmeythmey.com