COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
PSG ព្រមព្រៀង​ស្ព​ន​ស័​រ​ជាមួយ​ក្រុមហ៊ុន​អេឡិចត្រូនិក​ចិន Hisense ទោះ​មាន COVID-19
11, Aug 2020 , 5:03 pm        
រូបភាព
​ក្លិប​យក្ស​បារាំង Paris Saint Germain បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ (Sponsor) រយៈពេល​ច្រើន​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ចិន Hisense បើ​ទោះ​មាន​បញ្ហា​ដោយសារ COVID-19 រៀងខ្លួន​។ នេះ​បើតាម​ការប្រកាស​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក និង​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ Hisense នៅ​ថ្ងៃទី​១០ ខែសីហា​។


​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​ចិន និង​ក្លិប​ម្ចាស់​ជើងឯក​បារាំង Ligue1 នេះ កើតឡើង​នៅពេលដែល​ក្លិប​កីឡាបាល់ទាត់​កំពូលៗ​នៅ​អឺរ៉ុប​ដទៃទៀត កំពុង​សម្លឹង​រក​ការបង្កើន​ទីផ្សារ​នៅ​ប្រទេស​ចិន​ដែល​អាច​ឲ្យ​ពួកគេ​រកចំណូលបាន​កា​ន់​តែ​ច្រើន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។​
 
​លោក Marc Armstrong នាយក​ផ្នែក​ឧបត្ថម្ភ​របស់​ក្លិប PSG និយាយថា​៖« យើង​រីករាយ​ក្នុងការ​ស្វាគមន៍​ក្រុមហ៊ុន Hisense មកកាន់​ក្រុមគ្រួសារ Paris Saint-Germain និង​ចាប់ផ្តើម​ភាពជា​ដៃគូ​ដើម្បី​ដើរ​ឆ្ពោះទៅមុខ​ជាមួយគ្នា​»​។​
 
​បង្កើតឡើង​ក្នុង​ក្រុង Qingdao ខេត្ត Shandong ឆ្នាំ ១៩៦៩ ក្រុមហ៊ុន​លំដាប់​ពិភពលោក Hisense បាន​ឧបត្ថម្ភ​ដល់​ក្រុមកីឡា និង​ព្រឹត្តិការណ៍​កីឡា​ធំៗ​ជាច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ដូចជា​ក្រុម Red Bull Racing នៃ​ក្របខណ្ឌ Formula One, ការប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ ២០១៨, Euro ឆ្នាំ ២០១៦ និង​កីឡា​វាយ​កូន​បាល់​អូស្ត្រាលី Australian Open ជាដើម​។​
 
PSG ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ទាំង​ផ្នែក​កីឡា និង​ពាណិជ្ជកម្ម​ចាប់តាំងពី​អ្នក​ជំ​នួ​ដែលជា​សេដ្ឋី​សញ្ជាតិ​កាតា​ទិញយក​ក្លិប​នេះ​ក្នុង​ឆ្នាំ ២០១១​។ រយៈពេល​៩​រដូវ​កាល​ចុងក្រោយ ក្លិប​យក្ស​បារាំង​មួយ​នេះ​ឈ្នះ​ពានរង្វាន់​សរុប​ចំនួន​១៨ ក្នុង​នោះពាន Ligue 1 បារាំង​ចំនួន​៧​សម័យ​។ 
 
Paris Saint-Germain ក៏​នឹងត្រូវ​ប្រជែង​ពាន​អឺរ៉ុប​រដូវ​កាល​នេះ ដោយ​ត្រូវ​តតាំង​ជាមួយ​ក្រុម Atalanta ក្នុងការ​ប្រកួត​ក្របខណ្ឌ Champions League វគ្គ​៨​ក្រុម​ផងដែរ​។ នៅ​វគ្គ​៨​ក្រុម​នេះ តម្រូវ​ឲ្យ​ក្រុម​ប្រកួត​តែ​១​ជើង​ប៉ុណ្ណោះ​នៅ​ទឹកដី​កណ្តាល​ក្នុងប្រទេស​ព័រ​ទុយ​ហ្គា​ល់ ដ្បិត​មាន​បញ្ហា​ដោយសារ​ជំងឺឆ្លង COVID-19​។ ក្រុម​ពីរ​នេះ នឹងត្រូវ​ជួបគ្នា​នា​រាត្រី​ថ្ងៃទី​១២ ខែសីហា វេលា​ម៉ោង ២:០០​នាទី​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]៕

Tag:
 Paris Saint Germain
  Hisense
© រក្សាសិទ្ធិដោយ thmeythmey.com