អន្តរជាតិ
មាន​ករណី​បាញ់​នៅក្រៅ​សេត​វិមាន ខណៈ​លោក ត្រាំ កំពុង​ធ្វើ​សន្និសីទ​ព័ត៌មាន​
11, Aug 2020 , 5:59 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានអង្គរក្សហែហមចេញពីបន្ទប់សន្និសីទព័ត៌មានរបស់សេតវិមានអាមេរិក នៅថ្ងៃទី ១០ ខែសីហា (AFP)
ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានអង្គរក្សហែហមចេញពីបន្ទប់សន្និសីទព័ត៌មានរបស់សេតវិមានអាមេរិក នៅថ្ងៃទី ១០ ខែសីហា (AFP)
ដោយ:
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រូវបាន​អង្គរក្ស​អញ្ជើញ​ចេញពី​បន្ទប់​សន្និសីទ​ព័ត៌មាន​របស់​សេត​វិមាន​អាមេរិក នៅ​ថ្ងៃទី ១០ ខែសីហា ភ្លាមៗ​ក្រោយ​មាន​ករណី​បាញ់​មួយ​កើតឡើង​នៅក្រៅ​អគារ​នេះ​។ ប៉ុន្មាន​នាទី​ក្រោយមក លោក ត្រាំ ត្រលប់​មកវិញ ហើយ​បញ្ជាក់​ពី​ហេតុការណ៍​នេះ ។​

 
«​វា​មាន​ករណី​បាញ់​មួយ​នៅក្រៅ​បរិវេណ​សេត​វិមាន​អាមេរិក​»​។ លោក ដូ​ណា​ល់ ត្រាំ និយាយ​ដូច្នេះ​ប្រាប់​អ្នកសារព័ត៌មាន ដោយ​បន្តថា យ៉ាងណា ហេតុការណ៍​នេះ​ស្ថិតក្រោម​ការគ្រប់គ្រង​យ៉ាង​ល្អ​។​
 
​លោក​ប្រធានាធិបតី ត្រាំ បញ្ជាក់ទៀតថា ជនសង្ស័យ​ដែលមាន​ប្រដាប់​ដោយ​កាំភ្លើង​ម្នាក់ ត្រូវបាន​បាញ់​ដោយ​កម្លាំង​សន្តិសុខ​ស​ម្ងា​ត​ដែល​ការពារ​សេត​វិមាន ហើយ​រូបគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ហើយ​។ លោក ត្រាំ ក៏បាន​លើកសរសើរ​ការឆ្លើយតប​យ៉ាង​លឿន​រហ័ស​និង​មាន​ប្រសិទ្ធភាព​របស់​កង​អង្គរក្ស​ប្រធានាធិបតី​។ 
 
​ម្យ៉ាងវិញទៀត លោក​អះអាង​ទៀតថា លោក​មិន​ច្បាស់​ថា​ជនសង្ស័យ​មាន​ចេតនា​អាក្រក់​អ្វី​មកលើ​លោក​ទេ​។ ត្រង់នេះ​លោក​និយាយ​ដូច្នេះ​៖«​វា (​ការបាញ់​) ប្រហែល​គ្មាន​ពាក់ព័ន្ធ​អ្វី​ជាមួយ​លោក​ទេ ព្រោះ​វា​កើតឡើង​នៅ​ខាងក្រៅ​បរិវេណ​សេត​វិមាន​អាមេរិក​»​។​
 
​ក្រោយ​ហេតុការណ៍ កង​អង្គរក្ស​ប្រធានាធិបតី​អាមេរិក (USSS) បាន​សរសេរ​លើ Twitter ដូច្នេះ​ថា​៖«​ការស៊ើបអង្កេត​លើ​មន្ត្រី​នៃ​កង​អង្គរក្ស​ប្រធានាធិបតី​អាមេរិក កំពុង​ធ្វើឡើង​។ បុរស​ម្នាក់ និង​មន្ត្រី USSS ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​»៕
 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com