អត្ថបទពាណិជ្ជកម្ម
ហត្ថា​កសិករ ឧបត្ថម្ភ​អគារសិក្សា និង​បង្គន់​អនាម័យ ដល់ សាលាបឋមសិក្សា​ស្ទឹងតូច នៅ​ខេត្តពោធិ៍សាត់​
12, Aug 2020 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ខេត្តពោធិ៍សាត់ ថ្ងៃ​ពុធ ទី​១២ ខែសីហា ឆ្នាំ​២០២០៖ ហត្ថា​កសិករ លីមីត​ធី​ត ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ និង​មានបទពិសោធន៍​ជាង ២៦​ឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា បានរៀបចំ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អគារសិក្សា និង​បង្គន់​អនាម័យ​ជូន​ដល់​សាលាបឋមសិក្សា​ស្ទឹងតូច​ដែល​ស្ថិតនៅក្នុង​ខេត្តពោធិ៍សាត់​ដោយមាន​ការចូលរួម​ពី​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​ហត្ថា​កសិករ រួមជាមួយ​លោកគ្រូ​អ្នកគ្រូ​នៃ​សាលាបឋមសិក្សា​ស្ទឹងតូច​។​


​បើទោះបីជា​ពិភពលោក​ស្ថិតក្នុង​អន្តរកាល​នៃ​ការរីក​រាតត្បាត​នៃ​ជម្ងឺ​កូ​វីដ​១៩ ហើយ​ប្រទេស​កម្ពុជា​យើង​ក៏​ទទួលរង​ផលប៉ះពាល់​ផងដែរ​ក៏ដោយ ក៏​ហត្ថា​កសិករ លីមីត​ធី​ត នៅតែ​បន្ត​បេសកកម្ម និង​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​សកម្មភាព​សង្គមរ​បស់​ខ្លួន​ក្នុង​ការជួយ​ដល់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​ដែល​កំពុងតែ​ខ្វះខាត​ថ្នាក់រៀន និង​បង្គន់​អនាម័យ​។ ក្នុងនោះ​ផងដែរ​នាយិកា​នៃ​សាលាបឋមសិក្សា​ស្ទឹងតូច​បាន​រៀបរាប់​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​សាលាបឋមសិក្សា​ស្ទឹងតូច​មាន​សិស្សានុសិស្ស​សរុប​ចំនួន​២១០​នាក់ និង​គ្រូបង្រៀន​សរុប​ចំនួន​៨​នាក់ ប៉ុន្តែ​យើង​មាន​អាគារ​សិក្សា​តែ​២​ខ្នង​ប៉ុណ្ណោះ​ធ្វើ​ពី​ឈើ ហើយ​១​ខ្នង​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង​ដែល​ផ្តល់​ការលំបាក​ដល់​សិស្សានុសិស្ស​ក្នុង​ការទទួល​យកចំណេះ​ដឹង ហើយ​លោកស្រី​ពិត​ជាមាន​ក្តីរំភើប និង​សប្បាយរីករាយ​ឥតឧបមា​ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី ហត្ថា​កសិករ ក្នុងការ​សាងសង់​អគារសិក្សា​១​ខ្នង​ដែលមាន​ថ្នាក់រៀន​ចំនួន​៣​បន្ទប់ និង​បង្គន់​អនាម័យ​ចំនួន​៣​ផងដែរ​។ អគារសិក្សា​ថ្មី​ដែល​ឧបត្ថម្ភ​ដោយ​ហត្ថា​កសិករ លីមីត​ធី​ត រំពឹង​នឹង​បាន​រួចរាល់​ជា​ស្ថាពរ​ក្នុង​ខែធ្នូ ខាងមុខនេះ ហើយ​លោកស្រី​នាយិកា​សាលា​ក៏បាន​ថ្លែងអំណរគុណ​ដល់​គណៈ​គ្រប់គ្រង ព្រមទាំង​បុគ្គលិក ហត្ថា​កសិករ លីមីត​ធី​ត ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​បញ្ចុះបឋមសិលា​នេះ​។​


 
​ក្នុងឱកាស​នោះ​ផងដែរ លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​នៃ​ហត្ថា​កសិករ លីមីត​ធី​ត បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង​ដែល​លោក​ក៏ដូចជា​បុគ្គលិក​ហត្ថា​កសិករ​ទាំងមូល​បាន​ចូលរួមចំណែក​ជួយ​ដល់​សង្គមជាតិ ជាពិសេស​ជួយ​ដល់​សិស្សានុសិស្ស​ឲ្យ​ទទួលបាន​នូវ​ថ្នាក់រៀន​ប្រកបដោយ​ផាសុខភាព​ដែល​ជួយ​ជំរុញ​ឲ្យ​ការសិក្សា​របស់​ពួកគាត់​កាន់​តែមាន​ភាពងាយស្រួល និង​ល្អ​ប្រសើរឡើង​។ លោក​បាន​មានប្រសាសន៍ថា​៖ “​ការសាងសង់​អគារសិក្សា គឺជា​សកម្មភាព​មួយ​ដ៏​ល្អ​ប្រពៃ​បំផុត ព្រោះ​វា​នឹង​ផ្តល់​ផល​ជា​វិជ្ជមាន​យូរអង្វែង​ដល់​កុមារា​កុមារី​គ្រប់​ជំនាន់​ឲ្យ​ទទួលបាន​ឱកាស​សិក្សា​គ្រប់ៗ​គ្នា​ដែល​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ខ្ពស់​”​។ លោក​បាន​បន្ថែមទៀតថា​៖ “​កុមារ​គឺជា​ទំពាំង​ស្នង​ឬ​ស្សី​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ប្រទេសជាតិ​ទាំងមូល ដូច្នេះ​ការយកចិត្តទុកដាក់​ទៅលើ​ការសិក្សា​របស់​ពួកគាត់​គឺជា​រឿង​មួយ​ដ៏​សំខាន់​ដែល​អ្នក​គ្រប់គ្នា​មិនគួរ​មើលរំលង​ឡើយ​។ ហើយ​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ការផ្តល់​អគារសិក្សា​នេះ​គឺជា​ការលើកទឹកចិត្ដដ​ល់​សិស្សានុសិស្ស​ឲ្យ​ខិតខំ​រៀនសូត្រ ក៏ដូចជា​លោកគ្រូ​អ្នកគ្រូ​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​បង្រៀន និង​ចែករំលែក​ចំណេះដឹង​ដល់​ក្មួយៗ​ដើម្បី​ឲ្យ​ពួកគាត់​ទទួលបាន​ចំណេះដឹង​សម្រាប់​កសាង​អនាគត​ដ៏​ភ្លឺស្វាង​នា​ថ្ងៃ​ខាងមុខ​”​។  
 
​កន្លងមក​ហត្ថា​កសិករ បាន​ចូលរួម​សកម្មភាព​សង្គម​ជាច្រើន​ដូចជា​សាងសង់​អគារសិក្សា អគារ​មន្ទីរពេទ្យ ឧបត្ថម្ភ​គ្រែ​អ្នក​ជម្ងឺ​ទៅ​មន្ទីរពេទ្យ ដាំ​កូនឈើ សម្អាត​បរិស្ថាន ផ្តល់​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ និង​ឧបត្ថម្ភ​សម្ភារ​ផ្សេងៗ​ដល់​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ខ្វះខាត​។ ការចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សហគមន៍ និង​ប្រទេសជាតិ គឺជា​បេសកកម្ម​ដ៏​សំខាន់​មួយ​របស់​ហត្ថា​កសិករ ដូច្នេះហើយ​ទើប​ហត្ថា​កសិករ នៅតែ​បន្ត​បេសកកម្ម និង​សកម្មភាព​សង្គម​របស់​ខ្លួន​យ៉ាងសកម្ម​ដែល​ផ្តោតទៅលើ​៣​ចំនុច​សំខាន់ៗ​រួមមាន​៖ ទី​១ ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ចំណេះដឹង​ហិរញ្ញវត្ថុ ទី​២ ពង្រឹង​ផ្នែក​សុខភាព និង​សុវត្ថិភាព និង​ទី​៣ ការការពារ​បរិស្ថាន​។​


 
​សូមបញ្ជាក់​ផងដែរ​ថា ហត្ថា​កសិករ លីមីត​ធី​ត មានបទពិសោធន៍​ជាង​២៦​ឆ្នាំ ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា​។ បច្ចុប្បន្ននេះ ហត្ថា​កសិករ លីមីត​ធី​ត មាន​ការិយាល័យ​សាខា​ចំនួន ១៧៧ ដើម្បី​បម្រើសេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក សេវា​បើកប្រាក់​បៀរ​វត្ស និង​សេវា​ធនាគារ​ចល័ត​ជូន​អតិថិជន ព្រមទាំង​មាន​ទូ​អេ​ធី​អឹម​ចំនួន ១៣៧ នៅ​ទូទាំង ២៥ ខេត្ត​/​រាជធានី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ហត្ថា​កសិករ លីមីត​ធី​ត គឺជា​បុត្រ​សម្ព័ន្ធ​ធនាគារ​ក្រុង​ស្រ៊ី (Krungsri) ដែលជា​ធនាគារ ពាណិជ្ជ​ធំ​បំផុត​លំដាប់​ទី​៥ នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ និង​ជា​សមាជិក​របស់ MUFG ដែលជា​សម្ព័ន្ធ​ធនាគារ​ធំជាងគេ​នៅ​ប្រទេស​ជប៉ុន និង​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)   

© រក្សាសិទ្ធិដោយ thmeythmey.com