ជាតិ
សេដ្ឋកិច្ច
ចំថ្ងៃកំណត់ដក EBA ២០ភាគរយ លោក ផៃ ស៊ីផាន ថា កម្ពុជា មិនលុតជង្គង់សុំទានគេទេ
12, Aug 2020 , 2:00 pm        
រូបភាព
លោក ផៃ សីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា» នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០
លោក ផៃ សីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា» នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០
រដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរដូចមុនដដែល គឺត្រូវការពាររដ្ឋធម្មនុញ្ញ ដែលចែងពីអធិបតេយ្យនិងឯករាជ្យ។ នេះជាការប្រកាសរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ក្នុងសន្និសីទសារព័ត៌មានស្តីពី «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា» នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។



ការប្រកាសរបស់លោក ផៃ ស៊ីផាន គឺចំថ្ងៃ ដែលសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ស្តីពីការផ្តាច់១ភាគ៣ ឬ២០ភាគរយនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ត្រូវចូលជាធរមាន។ វា មានន័យថា ពេលសេចក្តីសម្រេចនេះ ចូលជាធរមាន ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ទៅ គឺកម្ពុជា ត្រូវបង់ពន្ធលើមុខទំនិញប្រមាណ២០ភាគរយ ពេលនាំចូលទៅទីផ្សារអឺរ៉ុប។ តែមកដល់ម៉ោងនេះ គេ មិនទាន់ឃើញគណៈកម្មការអឺរ៉ុប ជូនដំណឹងជាផ្លូវការនោះទេ ពីការចូលជាធរមាននៃការផ្តាច់ EBA ២០ភាគរយនេះ។

លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖«យើង មិនអាចលុតជង្គត់ ដើម្បីសុំទានគេ ក្នុងការធ្វើឲ្យយើង បោះបង់ចោលនូវអធិបតេយ្យភាពនិងឯករាជ្យភាពទេ ព្រោះអធិបតេយ្យភាពនិងនិងឯករាជ្យភាព យើងខំប្រឹងយូរណាស់ ហើយយើងចំណាយជីវិតមនុស្សច្រើនណាស់ ដែលបានរហូតមកដល់ពេលនេះ ដូច្នេះ ជំហរ [របស់រដ្ឋាភិបាល គឺនៅ] ដដែល...»។

អ្នកនាំពាក្យរដ្ឋាភិបាល និយាយថា កម្ពុជា មានមោទនភាពខ្លាំង លើអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ខ្លួន។ លោក មានប្រសាសន៍ថា កម្ពុជា មិនអាចបោះបង់អធិបតីភាពឬឯករាជ្យភាពបានឡើយ។ លោក ផ្ញើសារថា៖«សូមជម្រាបជូនភ្នាក់ងារបរទេស ដែលជាសញ្ជាតិខ្មែរហ្នឹង សូមមេត្តាយល់ឲ្យច្បាស់ថា កម្ពុជា ឈរលើផលប្រយោជន៍របស់ខ្មែរ»។

យ៉ាងណា លោក ប្រាប់សាធារណជនថា មិនមែនរដ្ឋាភិបាលកម្ពុជា មិនយកចិត្តទុកដាក់ពីផលប៉ះពាល់ ដែលកើតឡើងពីការផ្តាច់ EBA ២០ភាគរយនេះទេ។ លោក បន្តថា រដ្ឋាភិបាលកម្ពុជា ត្រៀមលក្ខណៈរួចជាស្រេចហើយ ដូចជា ការសន្សំថវិកា ជាដើម។ លោក ក៏បានលើកឡើងដែរពីការចូលរួមបរិច្ចាគថវិការបស់សប្បុរសជននិងមន្ត្រីរាជការ សម្រាប់ចំណាយលើបញ្ហាកូវីដ-១៩។

លោក បន្ថែមថា កន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងពន្យល់ប្រាប់ពីផ្ទៃក្នុងកម្ពុជា ដែលទទួលផលពីការបង់ពន្ធ។ លោក បញ្ជាក់ថា៖«ពន្ធអាករហ្នឹង យើង មានកំណើនខ្ពស់ ដែលយើងមានវិធានការ រហូតដល់ពេលនេះ ទោះបីជានៅក្នុងវិបត្តិកូវីដ យ៉ាងណាក៏ដោយ យើង អត់ទាន់ខ្វះលុយក្នុងការប្រើប្រាស់នោះទេ»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម ទៅកាន់អ្នកកាសែតថា៖«ការកាត់ EBA ២០ភាគរយ ដូចអត់បាត់អ៊ីចឹង ដោយសារការនាំចេញផលិតផលពីកម្ពុជាចូលទៅអឺរ៉ុប នៅតែមាន។ […] មិនអាចយកឯករាជ្យ [និង] អធិបតេយ្យភាពជាតិទៅដោះដូរជាមួយ EBA ទេ»។

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មការអឺរ៉ុប បានចាប់ផ្តើមនីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ មួយឆ្នាំក្រោយមក គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប ក៏សម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ ពីកម្ពុជា។

ការសម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនេះ មិនទាន់ចូលជាធរមាន ឬមិនទាន់អនុវត្តភ្លាមៗនោះទេ ដោយទុកពេល៦ខែឲ្យកម្ពុជា ចរចា។ ប៉ុន្តែ ការចរចារវាងកម្ពុជានិងអឺរ៉ុបក្នុងរយៈពេល៦ខែមកនេះ មិនបានឈានដល់ចំណុចយល់ស្របគ្នាឡើយ។

អ្វីដែលអឺរ៉ុប ចង់បាន គឺទាមទារឲ្យកម្ពុជា ស្តារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញ។ តែកម្ពុជា បកស្រាយថា កម្ពុជាគ្មានបញ្ហាសិទ្ធិមនុស្សឬដើរខុសគន្លងប្រជាធិបតេយ្យនោះទេ។ ទីបំផុត ៦ខែក្រោយមក ការចូលជាធរមាននៃសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ស្តីពីការផ្តាច់ EBA ២០ភាគរយពីកម្ពុជា ក៏ឈានដល់ការកំណត់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។ 

វិស័យឯកជនមួយចំនួន ដូចជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាគមស្បែកជើងកម្ពុជា  និង សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ជាដើម ធ្លាប់ផ្ញើលិខិតរួមគ្នា ទៅគណៈកម្មការអឺរ៉ុបម្តងជាពីរដង ដើម្បីសុំឲ្យពន្យារពេលមួយឆ្នាំទៀត គឺសុំឲ្យចាំដល់ខែកុម្ភៈ ឆ្នាំ២០២១ ចាំផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនេះ។ វិស័យឯកជនទាំងនោះ បង្ហាញក្តីបារម្ភខ្លាំងពីការប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជា ដោយសារផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនេះ។ តែសំណើរបស់វិស័យឯកជនទាំងនោះ មិនទទួលបាលទ្ធផលឡើយ។

គណៈកម្មការអឺរ៉ុប អះអាងថា ការផ្តាច់ EBA ដោយផ្នែកខ្លះនេះ នឹងធ្វើឲ្យកម្ពុជា ប៉ះពាល់ខ្លាំង ទៅលើការនាំចេញផលិតផលមួយចំនួន រួមមាន សម្លៀកបំពាក់ ស្បែកជើង រួមទាំងផលិតផលធ្វើដំណើរ ដូចជាវ៉ាលី និង កាបូប ជាដើម ព្រមទាំងស្ករសផងដែរ។

ប្រមុខរដ្ឋាភិបាល ប្រកាសប្រាប់ប្រជាជនថា កម្ពុជា ត្រូវរៀនរស់ដោយខ្លួនឯង៕

Tag:
 EU
  EBA
  កម្ពុជា
  ផៃ ស៊ីផាន
© រក្សាសិទ្ធិដោយ thmeythmey.com