ធនាគារ ABA ជាធនាគារពាណិជ្ជនាំមុខរបស់កម្ពុជាផ្នែកហិរញ្ញវត្ថុឌីជីថល ប្រកាសថា ខ្លួនទទួលបានពានរង្វាន់ “ធនាគារតាមទូរស័ព្ទ និងនវានុវត្តផ្នែកទូទាត់ដ៏ឆ្នើមប្រចាំឆ្នាំ នៅកម្ពុជា” ដែលជាពានរង្វាន់មួយនៃ Retail Banking Awards 2020 របស់ ទស្សនាវដ្តី Asian Banking and Finance។
ពានរង្វាន់នេះប្រគល់ជូនធនាគារ ABA សម្រាប់ការបន្តផ្តល់បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលដើម្បីផលប្រយោជន៍អតិថិជនរបស់ខ្លួន និងភាពជឿនលឿនគួរឲ្យកត់សម្គាល់ដែលខ្លួនបានដាក់ឲ្យប្រើប្រាស់ក្នុងកម្មវិធី ABA Mobile ដែលជាកម្មវិធីសេវាធនាគារដ៏ពេញនិយមបំផុតនៅក្នុងទីផ្សារ។
ជាពិសេស គណៈវិនិច្ឆ័យបានកោតសរសើរនូវការដាក់ឲ្យដំណើរការនៅក្នុងកម្មវិធី ABA Mobile នូវបណ្តាញសេវាផ្ទេរប្រាក់ជាច្រើនដែលឥឡូវនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការផ្ញើប្រាក់ក្រៅប្រទេសតាមរយៈ SWIFT សេវាផ្ទេរប្រាក់ភ្លាមៗ Ria និងសេវាផ្ទេរប្រាក់ភ្លាមៗ DBP ។ លើសពីនេះ ធនាគារបានផ្តល់ដាក់ឲ្យប្រើប្រាស់ការបើកគណនីផ្ទាល់នៅក្នុងកម្មវិធីទូរស័ព្ទ និងពង្រីកការគាំទ្រប្រាក់រៀលខ្មែរ នៅក្នុងផលិតផលសេវាធនាគារចល័តរបស់ខ្លួន។
ធនាគារ ABA ក៏ពង្រឹងសមត្ថភាពដ៏គួរកត់សម្គាល់នូវមុខងារការទូទាត់តាមកូដ QR គឺ ABA PAY តាមរយៈការអនុញ្ញាតការទូទាត់តាមរយៈកូដ static QR ជាប្រាក់ដុល្លារ និងប្រាក់រៀល។ ការទទួលការទូទាត់តាមកូដ QR ត្រូវបានជំរុញ ហើយឥឡូវនេះ ពាណិជ្ជករជាង 20,000 ទូទាំងប្រទេសទទួលការទូទាត់មិនប្រើសាច់ប្រាក់តាមរយៈកម្មវិធី ABA Mobile។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា៖ “ពានរង្វាន់ដ៏មានតម្លៃនេះបញ្ជាក់ពីភាពស័ក្តិសមនៃយុទ្ធសាស្ត្រសេវាធនាគារចល័តដែលធនាគារអនុម័តប្រើប្រាស់កាលពីប្រាំមួយឆ្នាំមុន។ ឥឡូវនេះ យើងឃើញថា ប្រជាជនកម្ពុជាកាន់តែច្រើនបានជ្រើសរើសធនាគារ ABA ដោយសារកម្មវិធីទូរស័ព្ទនេះមានភាពងាយស្រួល សុវត្ថិភាព និងងាយប្រើប្រាស់។ យើងខ្ញុំសូមថ្លែងអំណរគុណអតិថិជនចំពោះការជ្រើសរើសរបស់ពួកគេ និងធានាថា យើងនឹងបន្តដាក់ឲ្យប្រើប្រាស់មុខងារទំនើបៗនៅក្នុងកម្មវិធី ABA Mobile ដើម្បីធ្វើឲ្យបទពិសោធអតិថិជនរបស់យើងកាន់តែសំបូរបែប”។
ប្រធាននិពន្ធនាយកទស្សនាវដ្តី Asian Banking and Finance លោក Timothy Charlton មានប្រសាសន៍ថា៖ "ធនាគារ ABA បានបង្ហាញពីយុទ្ធសាស្ត្រក្នុងការរក្សានូវបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលដើម្បីអត្ថប្រយោជន៍អតិថិជនរបស់ខ្លួន ដូចជា កម្មវិធី ABA Mobile ដែលជាកម្មវិធីទូរស័ព្ឬដ៏ពេញនិយមបំផុតនៅកម្ពុជា។ នេះសម្រេចបានដោយការអនុញ្ញាតឲ្យប្រើប្រាស់សេវាកម្មដ៏ទាក់ទាញ និងងាយស្រួលផ្សេងៗជាច្រើន រួមមាន សេវាផ្ទេរប្រាក់តាម SWIFT ការស្នើសុំបើកគណនីតាមអនឡាញ មុខងារទូទាត់មិនប្រើសាច់ប្រាក់តាមកូដ QR ហើយពាណិជ្ជករកាន់តែច្រើនទទួលការទូទាត់តាមកម្មវិធី ABA Mobile នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។
លោកបានបន្ថែមទៀតថា “យើងខ្ញុំមានសេចក្តីរីករាយក្នុងការផ្តល់ពានរង្វាន់ Mobile Banking and Payment Initiative of the Year in Cambodia ដោយសារការអភិវឌ្ឍយ៉ាងរហ័សនូវប្រតិបត្តិការកម្មវិធីទូរស័ព្ទរបស់ខ្លួនដោយសារប្រព័ន្ធអេកូការទូទាត់ដ៏ទាក់ទាញនេះ”។
ពានរង្វាន់ ABF Retail Banking ផ្តល់ជូនធនាគារឆ្នើមដែលបានដាក់ឲ្យប្រើប្រាស់ផលិតផល និងសេវាធនាគារលក់រាយនវានុវត្តន៍ដែលបង្ហាញឲ្យឃើញថាជាអ្នកផ្លាស់ប្តូរឧស្សាហកម្មនេះ៕
(អត្ថបទពាណិជ្ជកម្ម)