COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ លើក​ពី​លទ្ធភាព​ពន្យារពេល​បោះឆ្នោត ខណៈ​មាន​ឆ្លង COVID-19 ជា​ចង្កោម​ថ្មី​
12, Aug 2020 , 8:29 pm        
រូបភាព
លោកស្រី Jacinda Ardern នាយករដ្ឋមន្រ្តីនូវែលសេឡង់។ រូបភាព៖ Reuters
លោកស្រី Jacinda Ardern នាយករដ្ឋមន្រ្តីនូវែលសេឡង់។ រូបភាព៖ Reuters
​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ លោកស្រី​Jacinda Ardern នៅ​ថ្ងៃទី​១២ ខែសីហា បានប្រកាស​ពន្យារពេល​រំលាយ​សភា ដែល​ត្រូវធ្វើឡើង​មុន​ការបោះឆ្នោត​សភា​ថ្ងៃទី​១៩ ខែកញ្ញា ដោយសារ​រកឃើញ​ករ​ណី​ឆ្លង​COVID-19 ថ្មី បន្ទាប់​គ្មាន​ករណី​ឆ្លង​ក្នុងស្រុក​រយៈពេល ១០២​ថ្ងៃ​។ លោកស្រី ក៏​លើក​ពី​លទ្ធភាព​ពន្យារពេល​បោះឆ្នោត​ដែរ បើ​ស្ថានការណ៍​មិន​ថមថយ​

 
​បន្ទាប់ពី​ស្ងប់ស្ងាត់​ករណី​ឆ្លង​COVID-19 ក្នុងស្រុក​រយៈពេល ១០២​ថ្ងៃ នូ​វែ​ល​សេ​ឡង់ បាន​រាយការណ៍​ថា មាន​ករណី COVID-19 ក្នុងស្រុក​ថ្មី​ចំនួន ៤​ករណី​នៅក្នុង​ទីក្រុង Auckland ភាគ​ខាងជើង​នៃ​ប្រទេស​។ បើតាម​ការអះអាង​រប​ស់​អាជ្ញាធរ​សុខាភិបាល ករណី​ឆ្លង​ថ្មី​នេះ គឺជា​ករណី​ឆ្លង​ជា​ចង្កោម ដែល​កើត​លើ​គ្រួសារ​មួយ ហើយ​ក្នុងចំណោម​សមាជិក​ទាំង​៤​នាក់ មិន​ធ្លាប់​ធ្វើដំណើរ​ទៅណា​ឡើយ​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់ នៅ​ថ្ងៃទី​១១ ខែសីហា បានដាក់​ការ​រឹតត្បិត​កម្រិត​៣ លើ​ទីក្រុង Auckland ដោយ​ហាមឃាត់​ប្រជាជន​ទៅ​កន្លែង​ណា​ឡើយ ទាល់​តែមាន​ករណី​ចាំបាច់​។ ចំណែក​នៅ​ទូទាំងប្រទេស ត្រូវ​ស្ថិត​ក្នុងការ​រឹតត្បិត​កម្រិត​២​។ ការ​រឹតត្បិត​នេះ គឺធ្វើឡើង​រយៈពេល ៣​ថ្ងៃ ដែលមាន​សុពលភាព​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែសីហា​។ 
 
​ដោយសារ​តែមាន​ករណី​ឆ្លង​ក្នុងស្រុក​បែបនេះ នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ Jacinda Ardern នៅ​ថ្ងៃទី​១២ ខែសីហា បានប្រកាស​ផ្អាក​ការរំលាយ​សភា ដែលជា​នីតិវិធី​មួយ​ត្រូវធ្វើឡើង​មុន​ការបោះឆ្នោត​សភា​មកដល់​។ សភា​នូ​វែ​ល​សេ​ឡង់ ត្រូវ​រំលាយ​ព្រឹក​ថ្ងៃទី​១២ ខែសីហា​។ ប៉ុន្តែ​ដោយសារ​ករណី COVID-19 សភា​នេះ ត្រូវ​ពន្យារពេល​រំលាយ​រហូតដល់​ថ្ងៃទី​១៧ ខែសីហា​។ ក្នុងន័យនេះ សភា​នូ​វែ​ល​សេ​ឡង់​ចាស់ នៅតែ​បន្ត​កិច្ចការ​របស់ខ្លួន​ដដែល​។ 
 
​ចំណែក​ការបោះឆ្នោត​វិញ នៅតែ​បន្តធ្វើ​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​ដដែល​។ ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​COVID-19 រីក​កាន់តែ​ធំ និង​ការ​រឹតត្បិត​ក្នុងប្រទេស​កាន់តែ​តឹង នោះ​ការបោះឆ្នោត​អាច​នឹង​លើក​ពេល​។ ថ្លែង​នៅក្នុង​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក លោកស្រី  Jacinda Ardern នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ បានប្រកាស​យ៉ាង​ដូច្នេះ​ថា​៖ «​វា​គឺជា​ការសម្រេចចិត្ត​លឿន ប៉ុន្តែ​វា​ត្រូវមាន​ការបត់បែន​បន្តិច ក្នុង​ការលើក​ពេល​បោះឆ្នោត​ទៅ​ថ្ងៃ​ខាងមុខ បើសិន​បើ​ស្ថានការណ៍​ទាមទារ​»​។ 
 
​បើតាម​លោកស្រី​នាយករដ្ឋមន្ត្រី ប្រសិនបើ​លើក​ពេល​បោះឆ្នោត​មែន  នូ​វែ​ល​សេ​ឡង់ នឹង​រៀបចំ​ថ្ងៃ​បោះឆ្នោត​ឲ្យ​បាន​មុន ថ្ងៃទី​២១ ខែវិច្ឆិកា​។ 
 
​ពេលនេះ អាជ្ញាធរ​សុខាភិបាល​នូ​វែ​ល​សេ​ឡង់ កំពុង​ស្រាវជ្រាវ រក​ប្រភព​ឆ្លង និង​អ្នក​ដែលមាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ទាំង ៤​នាក់​នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​ទ្រង់ទ្រាយ​ធំ​។ បើតាម​ការអះអាង​រប​ស់អគ្គ​នាយក​សុខាភិបាល​នូ​វែ​ល​សេ​ឡង់ លោក Ashley Bloomfield កូ​រ៉ូ​ណាវី​រុស អាច​នៅជាប់​នឹង​ទំនិញ​នាំចូល ដែល​ត្រូវបាន​ក្លាសេ​ទុក​។ អាជ្ញាធរ កំពុង​ស៊ើបអង្កេត​ឃ្លាំង​ត្រជាក់​មួយ ដែល​អ្នកជំងឺ COVID-19 ថ្មី​នោះ​ធ្វើការ​។ 
 
​កន្លងមក អាជ្ញាធរ​ចិន  ក៏​ធ្លាប់បាន​រកឃើញ​កូ​រ៉ូ​ណាវី​រុស មាននៅ​ក្នុង​កញ្ចប់​គ្រឿង​សមុទ្រ ដែល​ត្រូវបាន​នាំចូល​ពី​បរទេស និង​ក្លាសេ​ទុក​ផងដែរ​។ ករណីនេះ គឺ​កើតឡើង​នៅក្នុង​ទីក្រុង​កំពង់ផែ Dalian ខេត្ត​Liaoning​។​
 
​បើតាម​ការអះអាង​រប​ស់​នាយករដ្ឋមន្ត្រី ការបិទ​ក្រុង​រយៈ​បី​ថ្ងៃនេះ អាច​នឹង​បន្ថែម​រយៈពេល​ទៀត ប្រសិនជា​គេ​មិនអាច​គ្រប់គ្រង​ករណី​ឆ្លង​នៅក្នុង​ទីក្រុង​បាន​។ គិត​មក​ត្រឹម​ថ្ងៃទី​១១ ខែសីហា នូ​វែ​ល​សេ​ឡង់​មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ១៥៧០​ករណី អ្នកស្លាប់​មាន​ចំនួន ២២​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១៥២៦​នាក់​៕ 

Tag:
 នូ​វែ​ល​សេ​ឡង់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com