កីឡាអន្តរជាតិ
អន្តរជាតិ
Tuchel៖ PSG សម​នឹង​ឈ្នះ​! ហើយ​២​គ្រាប់​ដែល​រកបាន​ចុង​ម៉ោង​មិនមែន​សំណាង​ឡើយ​
13, Aug 2020 , 12:54 pm        
រូបភាព
Paris Saint-Germain បាន​វាយបក​យកឈ្នះ Atalanta ក្នុង​លទ្ធផល ២-១ វិញ​នៅ​ចុង​ម៉ោង ដើម្បី​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League​។ លោក Thomas Tuchel អះអាងថា​២​គ្រាប់​ដែល PSG រកបាន​នៅ​នាទី​៩០​បូក មិនមែន​កើតឡើង​ដោយ​សំណាង​ឡើយ ក្រោយ​ការនាំ​មុខ​១​គ្រាប់​របស់​គូប្រជែង​រយៈពេល​៩០​នាទី​។​

​នេះ​ជាការ​ឈានទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ជា​លើកដំបូង​របស់ PSG ក្នុង​រយៈពេល​២៥​ឆ្នាំ បន្ទាប់ពី​ខ្សែការពារ Marquinhos និង​ខ្សែប្រយុទ្ធ Eric Maxim Choupo-Moting ស៊ុត​ម្នាក់​មួយ​គ្រាប់​នៅ​នាទី​៩០ និង​៩៣​។ 
 
​នា​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ទឹកដី​កណ្តាល​ក្នុង​កីឡដ្ឋាន Estadio da Luz ប្រទេស​ព័រ​ទុយ​ហ្គា​ល់ នៅ​រាត្រី​ថ្ងៃទី​១២ ខែសីហា ក្រុម​អ៊ីតាលី Atalanta បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​តាំងពី​នាទី​២៧ ដោយ​ខ្សែប្រយុទ្ធ Mario Pasalic ហើយ​លទ្ធផល ១-០ នៅ​រក្សា​ដល់​នាទី​៩០​។ យ៉ាងណាក៏ដោយ តាមរយៈ​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ក្រុម​យក្ស​បារាំង​ដែលមាន​កីឡាករ​ឆ្នើម Neymar និង Kylian Mbappe នោះ បាន​បង្កើត​ឱកាស​សម្រាប់​ក្រុម​លោក Tuchel អាច​បាន​ដល់​ទៅ​២​គ្រាប់​វិញ​។​
  
​លោក Tuchel បាន​ប្រាប់​កាសែត RMC Sport ថា​ជ័យជម្នះ​ដោយ​ការ​វាយបក​របស់ PSG លើ​ក្រុម Atalanta ក្នុង​លទ្ធផល ២-១ នៅ​ចុង​ម៉ោង​នេះ​មិនមែន​កើតឡើង​ដោយ​សំណាង ឬ​ចៃដន្យ​នោះទេ​។ 
​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ដែល​រងរបួស​ជើង​ផង​នោះ​ប្រាប់ថា​៖« ចាប់តាំងពី​នាទី​៨៥ ដល់​៨៨ ដែល​គូប្រជែង​កំពុង​នាំមុខ ១-០ ខ្ញុំ​នៅតែ​ប្រាកដថា PSG នឹង​អាច​រកបាន​១​គ្រាប់​មិន​ខាន​។ ខ្ញុំ​បាន​និយាយ​ទៅកាន់​ជំនួយការ​របស់ខ្ញុំ​ថា ខ្ញុំ​ប្រាកដថា​យើង​នឹង​រក​គ្រាប់​បាល់​ទី​ពីរ​ភ្លាមៗ​ប្រសិនបើ​យើង​រកបាន​គ្រាប់​បាល់​តាម​ស្មើហើយ​នោះ​។ ខ្ញុំ​មាន​អារម្មណ៍​នេះ​។ យើង​សម​នឹង​ទទួលបាន​លទ្ធផល​នេះ ទោះ​យឺត​បន្តិច​ក្តី​។ ខ្ញុំ​ពេញចិត្ត​របៀប​លេង​របស់​កូនក្រុម​ខ្ញុំ​សម្រាប់​ជំនួប​នេះ​ខ្លាំងណាស់​»​។​
 
​ដោយសារ​ការប្រកួត​តម្រូវ​ឲ្យ​ប្រកួត​តែមួយ​ជើង នោះ PSG អាច​ទទួលបាន​កៅអី​ទៅ​អង្គុយចាំ​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​តែម្តង ដោយ​ត្រូវ​រង់ចាំ​ការជួយ​គ្នា​រវាង RasenBallsport Leipzig និង Atletico Madrid ដែល​ត្រូវ​ប្រជែង​គ្នា​នៅ​រាត្រី​ថ្ងៃទី​១៣ ខែសីហា​នេះ វេលា​ម៉ោង ២:០០​នាទី​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]៕
 
 

 

Tag:
 Paris Saint-Germain
  Thomas Tuchel
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com