COVID-19
អន្តរជាតិ
ចិន រកឃើញកូរ៉ូណាវីរុសនៅជាប់ស្លាបមាន់ និងកញ្ចប់បង្គាក្លាសេ ដែលនាំចូលពីប្រេស៊ីលនិងអេក្វាឌ័រ រូបភាព៖ Global Times
× អាជ្ញាធរក្រុងសិនជិន នៅថ្ងៃទី១៣ ខែសីហា រាយការណ៍ថា ខ្លួនបានរកឃើញកូរ៉ូណាវីរុស មានជាប់នៅស្លាបមាន់ក្លាសេ ដែលនាំចូលមកពីប្រេស៊ីល។ មុននេះមួយថ្ងៃ ទីក្រុងចិនមួយ ក៏ប្រកាសពីការរកឃើញកូរ៉ូណាវីរុសនៅលើកញ្ចប់បង្គានាំចូលពីអេក្វាឌ័រដែរ។
តាមការអះអាងរបស់រដ្ឋាភិបាលក្រុងសិនជិន សំណាកស្លាបមាន់មួយ ក្នុងចំណោមស្លាបមាន់ក្លាសេជាច្រើនទៀត ដែលនាំចូលមកពីប្រេស៊ីល ត្រូវបានតេស្តរកឃើញមានកូរ៉ូណាវីរុស។ អាជ្ញាធរ ក៏បានប្រញាប់ស្វែងរកអ្នកដែលបានប៉ះពាល់ស្លាបមាន់ទាំងនេះ។ អ្នកដែលប៉ះពាល់ទាំងអស់ ត្រូវធ្វើតេស្ត និងចេញលទ្ធផលអវិជ្ជមាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រៅពីស្លាបមាន់នៅស៊ិនជិន អាជ្ញាធរក្រុងអ៊ូហ៊ូ ខេត្តអានហ៊ុយ នៅថ្ងៃទី១២ ខែសីហា ក៏បានរកឃើញកូរ៉ូណាវីរុសនៅជាប់កញ្ចប់ខាងក្រៅនៃបង្គាក្លាសេដែលត្រូវបានទិញដោយភោជនីយដ្ឋានក្នុងស្រុកមួយ ហើយជាផលិតផលនាំចូលមកពីអេក្វាឌ័រ។ បើតាមការអះអាងរបស់ភោជនីយដ្ឋានក្រុងWuhu ផលិតផលទាំងនេះ ខ្លួនបានក្លាសេទុក តាំងពីទិញមកម្លេះ ហើយគ្រប់ផលិតផលទាំងអស់ គឺខ្ចប់ជិត។
អាជ្ញាធរសុខាភិបាល បានធ្វើតេស្ត បុគ្គលិកនៅក្នុងភោជនីយដ្ឋានក្នុងក្រុងWuhu ទាំងអស់ បូករួមទាំងបុគ្គលិកក្រុមហ៊ុនលក់បង្គារ និងសមាជិកគ្រួសារ និងរកឃើញថាមិនមានផ្ទុកCOVID-19។
នាពេលកន្លងមក ចិនក៏ធ្លាប់រកឃើញករណីបែបនេះដែរ នៅតាមកំពង់ផែក្រុង Xiamen និងក្រុងDalian។ បញ្ហានេះ បានធ្វើឲ្យចិន ផ្អាកការនាំចូលបង្គារពីក្រុមហ៊ុននាំចូលបង្គារចំនួន៣ ពីអេក្វាឌ័រកាលពីខែកក្កដា។ នៅថ្ងៃទី១២ ខែសីហា អាជ្ញាធរអេក្វាឌ័រ បានអះអាងថា ចិនយល់ព្រមឲ្យក្រុមហ៊ុន ១ក្នុងចំណោម៣ នាំចូលវិញហើយ បន្ទាប់ពីក្រុមហ៊ុន យល់ព្រមកែលម្អការដឹកជញ្ជូនឡើងវិញ។
កាលពីខែមិថុនា ករណីឆ្លង COVID-19 បានផ្ទុះឡើងនៅទីក្រុងប៉េកាំង ដោយអាជ្ញាធរដាក់ការសង្ស័យលើផ្សារបោះដុំមួយដែលលក់ទំនិញនាំចូលពីបរទេសមានគ្រឿងសមុទ្រស្រស់ជាដើម។ បន្ទាប់មក អាជ្ញាធរចិន ក៏បានបញ្ជាឲ្យមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុតលើសាច់ និងគ្រឿងសមុទ្រ ដែលនាំចូលមកពីបរទេស៕
គិតត្រឹមថ្ងៃទី១៣ ខែសីហា ចិន មានករណីCOVID-19 សរុបចំនួន ៨៤៧៥៦ករណី អ្នកស្លាប់មានចំនួន ៤៦៣៤នាក់ និងអ្នកជាសះស្បើយមានចំនួន ៧៩៣៩៨នាក់។
© រក្សាសិទ្ធិដោយ thmeythmey.com