អត្ថបទពាណិជ្ជកម្ម
ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រុមហ៊ុន Huawei ថេ​កណឡ​ជី (​ខេ​ម​បូ​ឌា​) និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ភាព​ជា​អ្នកដឹកនាំ និង​វិជ្ជាជីវៈ (CLPD) និង​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP)
14, Aug 2020 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​បរិវេណ​នៃ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ ក្រុមហ៊ុន Huawei ថេ​កណឡ​ជី (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ភាព​ជា​អ្នកដឹកនាំ និង​វិជ្ជាជីវៈ (CLPD) ។​
 
​លោក សុវណ្ណ យ៉ាវ (Yuya Yao) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei ថេ​កណឡ​ជី (​ខេ​ម​បូ​ឌា​) បាន​មានប្រសាសន៍​រំលឹក​ឲ្យ​ដឹងថា​៖ “​ក្រុមហ៊ុន Huawei បានធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល ២១​ឆ្នាំ​មកហើយ និង​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ “​នៅ​កម្ពុជា​ដើម្បី​កម្ពុជា​”​។ ជានិច្ចកាល យើង​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​នាំយក​នូវ​សេវាកម្ម​ផ្នែក​ឌីជីថល​ដើម្បី​បម្រើ​ជូន​ដល់​គ្រប់​ស្ថាប័ន គ្រប់​គេហដ្ឋាន​ក៏ដូចជា​បុគ្គល​គ្រប់ៗ​រូប​ផងដែរ ដើម្បី​កសាង​ទំនាក់ទំនង​ដ៏​ពេញលេញ កម្ពុជា​ដ៏​ឆ្លាត​វៃ​។ ក្រុមហ៊ុន Huawei មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុង​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP ) និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ភាព​ជា​អ្នកដឹកនាំ និង​វិជ្ជាជីវៈ (CLPD )​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ឌីជីថល​នៅ​កម្ពុជា​នាពេល​អនាគត​។ លើសពីនេះទៅទៀត ក្រុមហ៊ុន Huawei ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​ការបណ្តុះបណ្តាល​ទេពកោសល្យ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ICT talents ក្នុងស្រុក​ជា​អាទិភាព ក៏ដូចជា​តែងតែ​គាំទ្រ​ដល់​និស្សិត​កម្ពុជា ដើម្បីឱ្យ​ពួកគេ​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការឈាន​ចូលមក​ដល់​នៃ​យុគសម័យ​ឌីជីថល​នាពេល​ខាងមុខនេះ​”​។​


 
​លោក​បាន​បន្ថែមទៀតថា​៖ “​ក្រុមហ៊ុន Huawei កំពុង​បន្ត​ផ្តល់ឱកាស​ការងារ និង​ការបណ្តុះបណ្តាល​រយៈពេល​វែង​ដល់​ទេពកោសល្យ​វ័យក្មេង​ជាច្រើន​នាក់​។ ជាក់ស្តែង ទោះ​ស្ថិតនៅ​ក្នុងកំឡុងពេល​នៃ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ក៏​ក្រុមហ៊ុន​នៅតែ​បន្ត​ផ្តល់ឱកាស​ការងារ​ដល់​បុគ្គលិក​ថ្មីៗ​ចំនួន ២១​រូប ដែល​បម្រើ​ការងារ​នៅ​ផ្នែក​ហិរញ្ញវត្ថុ ផ្នែក​ដំណោះស្រាយ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ICT និង​ផ្នែក​ទំនាក់ទំនង​សាធារណៈ ជាដើម ដែល​ពួកគេ​សុទ្ធសឹងតែ​ជា​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​នានា​”​។​
 
​លោក​បណ្ឌិត Dan Kulmala សាកលវិទ្យាធិការ​ង ទទួលបន្ទុក​ផ្នែក​សិក្សាធិការ និង​កិច្ចការ​និស្សិត​នៃ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បាន​មានប្រសាសន៍ថា​៖ “AUPP និង CLPD ពិត​ជាមាន​កិត្តិយស​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Huawei ក្នុងការ​អភិវឌ្ឍ​គម្រោង​បច្ចេកវិទ្យា​ឌីជីថល និង​រួមចំណែក​ផ្តួចផ្តើម​គំនិត​ដើម្បី​ជួយ​ជម្រុញ​ដល់​ការផ្លាស់ប្តូរ​ផ្នែក​ឌីជីថល ក៏ដូចជា​ដើម្បី​ធ្វើយ៉ាងណា​ត្រៀម​រៀបចំ​កម្លាំង​រួចជាស្រេច​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​ប្រទេស​កម្ពុជា​។​” 
 
​កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់នូវ​ឱកាស​ផ្សេងៗ​ជាច្រើន​រួមមាន​៖ អាហារូបករណ៍ ការចុះ​កម្មសិក្សា និង​សកម្មភាព​សហការគ្នា​ផ្នែក​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ផងដែរ​៕




 
—ends—
​អំពី​ក្រុមហ៊ុន Huawei៖
​ការបង្កើត​ថ្មី ឬ​ន​វា​នុ​វត្ត​ភាព​របស់​ក្រុមហ៊ុន Huawei ផ្តោត​សំខាន់​នៅលើ​តម្រូវការ​របស់​អតិថិជន​។ យើង​វិនិយោគ​យ៉ាងច្រើន​ទៅលើ​ការស្រាវជ្រាវ​ជា​មូលដ្ឋាន​ដោយ​ផ្តោតលើ​របកគំហើញ​បច្ចេកវិទ្យា​ដែល​ជំរុញ​ឲ្យ​ពិភពលោក​ឆ្ពោះទៅមុខ​។ មកដល់​បច្ចុប្បន្ននេះ យើង​មាន​និយោជិត​សរុប​ចំនួន​ជាង ១៩៤,០០០ នាក់ ដែល​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​នៅ​បណ្តា​ប្រទេស​ជាង ១៧០ ប្រទេស និង​តំបន់​។ ក្រុមហ៊ុន Huawei ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៨៧ ជា​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​រួមចំណែក​គ្រប់គ្រង​ដោយ​បុគ្គលិក​របស់ខ្លួន​ផ្ទាល់​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន Huawei៖ www.huawei.com ឬ Facebook របស់​ក្រុមហ៊ុន Huawei ថេ​កណឡ​ជី (​ខេ​ម​បូ​ឌា​)៖ https://www.facebook.com/HuaweiTechKH ។​

© រក្សាសិទ្ធិដោយ thmeythmey.com