សម្ដេច ស ខេង​៖ កម្ពុជា គ្មាន​ជម្រើស​អ្វី ក្រៅពី​ជម្នះ​ឧបសគ្គ ក្រោយពី​បាត់​EBA ២០​ភាគរយ​ទេ​
ជាតិ
សេដ្ឋកិច្ច
សម្ដេច ស ខេង​៖ កម្ពុជា គ្មាន​ជម្រើស​អ្វី ក្រៅពី​ជម្នះ​ឧបសគ្គ ក្រោយពី​បាត់​EBA ២០​ភាគរយ​ទេ​
14, Aug 2020 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា គ្មាន​ជម្រើស​អ្វី ក្រៅពី​ជម្នះ​ឧបសគ្គ​នានា ក្រោយពី​បាត់​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ (Everything But Arms) ២០​ភាគរយ​ឡើយ​។ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែង​បែបនេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទីតាំង និង​សមិទ្ធផល​នានា របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​។​

 
​សម្ដេច ស ខេង បាន​បញ្ជាក់ថា កម្ពុជា​នៅតែ​រក្សា​ជំហរ ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍​អឺរ៉ុប បើទោះជា​EU ផ្ដាច់​ប្រព័ន្ធ EBA ២០​ភាគរយ ពី​ប្រទេស​កម្ពុជា​ក៏ដោយ ព្រោះ​ទំនិញ​របស់​កម្ពុជា នៅតែ​អាច​នាំទៅ ទីផ្សារ​អឺរ៉ុប​បាន​ដដែល​។​
 
«EBA បាន​ចូល​ជា​ធរមាន យើង​ដឹង​ហើយ​តាំងពី​ថ្ងៃទី​១២ សីហា​។ ប៉ុន្ដែ​យើង ក៏​មិនមាន​ជំហរ​អ្វី​ប្លែក​ពីមុន​ទេ គឺ​នៅ​ដដែល គឺ​យើង​ខិតខំ​ប្រឹង ដើម្បី​ជម្នះ​ឧបសគ្គ​បញ្ហា ប្រឈម​ទាំងឡាយ​។ អាហ្នឹង​អត់​ជម្រើស​ក្រៅពី​ហ្នឹង​ទេ​។ ប៉ុន្ដែ​មិនមែន​យើង ផ្ដាច់ទំនាក់ទំនង​ជាមួយ​សហគមន៍​អឺរ៉ុប​ទេ បានសេចក្ដីថា មាន​ទំនាក់ទំនង ជាមួយ​សហគមន៍​អឺរ៉ុប​នៅតែមាន​សារសំខាន់ ហើយ​យើង​ខិតខំ​បន្ថែមទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង​។​
 
​បើតាម​រដ្ឋមន្ត្រី​មហាផ្ទៃ ទំនិញ​របស់​កម្ពុជា នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​នៅ​ដដែល គ្រាន់តែ​បង់ពន្ធ​តែប៉ុណ្ណោះ ដូច្នេះ​ភាគី​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ដោះស្រាយ និង​ជម្នះ​រាល់​ការលំបាក​ទាំងនោះ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច ឬ​ស្ថេរភាព​នយោបាយ ដែល​ទាក់ទង​ទៅ​បញ្ហា EBA​នេះ​។​
 
​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ គណៈកម្មការ​អឺរ៉ុប បានចេញ​សេចក្ដីសម្រេច​ផ្ដាច់ EBA ចំនួន​២០​ភាគរយ​ពី​កម្ពុជា​។ បើតាម​ការសម្រេច​នេះ កម្ពុជា ត្រូវ​បង់ពន្ធ​លើ​មុខទំនិញ​ប្រមាណ​២០​ភាគរយ ពេល​នាំ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​។ ការផ្តាច់ EBA ដោយ​ផ្នែក​ខ្លះ​នេះ នឹងធ្វើ​ឲ្យ​កម្ពុជា​ប៉ះពាល់​លើ​មុខទំនិញ​៤០​មុខ ជាពិសេស​ការនាំចេញ​ផលិតផល​មួយចំនួន រួមមាន សម្លៀកបំពាក់ ស្បែកជើង រួមទាំង​ផលិតផល​ធ្វើដំណើរ ដូចជា​វ៉ា​លី និង កាបូប ជាដើម ព្រមទាំង​ស្ករស​ផងដែរ ដែល​គិត​ជា​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ​។ ចំណែក​ទំនិញ​របស់​កម្ពុជា​៨០​ភាគរយ​ទៀត គឺ​នៅតែ​អាច​បន្ត​នាំ​ចេញទៅ​អឺរ៉ុប​ដោយ​មិន​បង់ពន្ធ​ដដែល​។​
 
​គណៈកម្មការ​អឺរ៉ុប លើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា កម្ពុជា គួរតែ​ស្តារ​សិទ្ធិសេរីភាព​ផ្នែក​នយោបាយ និង ប្រជាធិបតេយ្យ​ឡើងវិញ ហើយក៏​គួរតែ​ចាប់ផ្តើម​ចរចា​ផ្ទៃក្នុង ដើម្បី​ឈានទៅរក​ការបង្រួបបង្រួម​ជាតិ​។​គណៈកម្មការ​អឺរ៉ុប មើលឃើញថា សិទ្ធិមនុស្ស​នៅ​កម្ពុជា ដូចជា សិទ្ធិ​នយោបាយ សិទ្ធិ​ដីធ្លី និង សិទ្ធិ​ការងារ ជាដើម កាន់​តែមាន​សភាព​យ៉ាប់យ៉ឺន ហេតុដូច្នេះ ទើប​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA៕

Tag:
 ស ខេង​
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com