ចំណងមិត្តភាព រវាងកម្ពុជា-ឥណ្ឌា មានលក្ខណៈជាប្រវត្តិសាស្ត្រ និងមានភាពរឹងមាំ។ នជជាការគូសបញ្ជាក់របស់លោកស្រី ម៉ានីកា ជេន (Manika Jain) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នាឱកាសដែលឥណ្ឌា ត្រូវប្រារព្ធខួបបុណ្យឯករាជ្យលើកទី៧៤ នាថ្ងៃសៅរ៍ ទី១៥ ខែសីហា។
តាមរយៈសាររបស់ខ្លួន លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា បានអះអាងថា ទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌា បានជួយពង្រីកដល់វិស័យជាច្រើន ក្នុងនោះរួមមានទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ សាសនា តន្ត្រី របាំ ស្ថាបត្យកម្ម ទស្សនវិជ្ជា ភាសា សាសនា ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមទាំងជំនួយមនុស្សធម៌ គម្រោងអភិវឌ្ឍន៍ និងកិច្ចសហការផ្សេងៗនៅលើឆាកអន្តរជាតិ។
លោកស្រី ម៉ានីកា ជេន បានលើកឡើងផងដែរថា ទោះបីជាមានបញ្ហាប្រឈមកូវីដ-១៩ក្តី ក៏កិច្ច សហប្រតិបត្តិការទ្វេភាគីនៅតែមាន និងមិនថមថយចុះនោះទេ។ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានសន្ទនាតាមទូរសព្ទជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ដោយពិភាក្សាអំពីការរីករាលដាលនៃវីរុសកូរ៉ូណា និងមធ្យោបាយនៃការចូលរួមក្រោមការផ្លាស់ប្តូរតាមកាលៈទេសៈ។
ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌា និងកម្ពុជាបានជួយសម្រួលឲ្យមានជើងហោះហើរដើម្បីជម្លៀសពលរដ្ឋជាប់គាំងដោយផ្ទាល់ពីប្រទេសកម្ពុជានិងឥណ្ឌា។
ទាក់ទងនឹងពាណិជ្ជកម្មទ្វេភាគី ពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៧ មាន
១៦៨,០២ លានដុល្លារអាមេរិក ដែលកើនឡើង ៣៥ ភាគរយ ក្នុងឆ្នាំ ២០១៨ រហូតដល់ ២២៧,២៣ លានដុល្លារអាមេរិកនិងកើនឡើង ១០,១៩ភាគរយ ក្នុងឆ្នាំ២០១៩ ដល់ ២៥០,៤១ លានដុល្លារ។
លោកស្រីឯកអគ្គរដ្ឋទូត បានបន្ថែមថា៖ «ឥណ្ឌារីករាយដែលក្រសួងពាណិជ្ជកម្មកម្ពុជាបានព្រមព្រៀងជាមួយលក្ខខណ្ឌយោង (TOR) សម្រាប់ក្រុមការងារចម្រុះស្តីពីពាណិជ្ជកម្មទ្វេភាគី។ យើងក៏ពិចារណា អំពីបំណងប្រាថ្នារបស់កម្ពុជាក្នុងការចាប់ផ្តើមការចរចាទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជានិងឥណ្ឌា»។
ទោះមានការរាតត្បាតកូវីដ-១៩ ប៉ុន្តែឥណ្ឌាបន្តការងារជួស និងអភិរក្សប្រាសាទតាព្រហ្ម។ ឥណ្ឌានៅបន្តគម្រោងសហប្រតិបត្តិការផ្សេងទៀតដូចជា ការបន្តធ្វើជាប្រធាន ក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងវប្បធម៍ (ICCR) និងទស្សនវិជ្ជានៅពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ ការបង្រៀនយូហ្គា ការចែកចាយថ្នាំពេទ្យ ម៉ាស់ និងសម្ភារសុខាភិបាលផ្សេងទៀតដើម្បីការពារជំងឺកូវីដ១៩ ក៏ដូចជាការគាំទ្រនិងការផ្តល់ មូលនិធិដល់គម្រោង Quick Impact Projects។
នៅឆ្នាំ២០២០ ឥណ្ឌាផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួន១៥ ដែលកំពុងដំណើរការនៅតាមក្រោមមន្ទីរ និងក្រសួងផ្សេងៗនៃប្រទេសកម្ពុជា។
«កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយចំនួន១,៥ លានដុល្លារអាមេរិកសម្រាប់ជួយទិញ ឧបករណ៍ដោះមីននៅកម្ពុជា។ យើងធ្លាប់ប្រគល់សុនខហិតក្លិនផ្ទុះចំនួន១៥ក្បាល។ ក្នុងដំណើរទស្សនកិច្ចសុច្ឆន្ទៈជាទៀងទាត់នាវាកងទ័ពជើងទឹកឥណ្ឌាចំនួនពីរគ្រឿងគឺនាវា Kiltan និង Sahyadri បានមកកាន់ប្រទេសកម្ពុជាកាលពីខែកញ្ញាឆ្នាំ២០១៩»។ នេះជាការគូសបញ្ជាក់របស់លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា។
ឥណ្ឌាក៏បានបង្ហាញពីការប្តេជ្ញាធ្វើឲ្យមានការតភ្ជាប់កាន់តែប្រសើរជាមួយតំបន់អាស៊ានផងដែរ។ ឥណ្ឌាមានកម្មវិធីសុខភាពនិងការកសាងសមត្ថភាពជាច្រើនទៀតស្ទើរតែជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់។ លោកស្រី ម៉ានីកា បានលើកឡើងថា៖ «កម្ពុជាបានចូលរួមនៅក្នុងវេទិកាទាំងនេះហើយខ្ញុំមានទំនុកចិត្តថាការចែករំលែកបទពិសោធន៍នៅលើវេទិកាទាំងនេះនឹងជួយគ្នាទៅវិញទៅមក រៀបចំយុទ្ធសាស្ត្រ ដើម្បីជម្នះឧបសគ្គបច្ចុប្បន្ននិងកសាងអនាគតដ៏ល្អប្រសើរសម្រាប់យើងទាំងអស់គ្នា»៕