ជាតិ
សេដ្ឋកិច្ច
រយៈពេល៣ខែ ខេត្តព្រៃវែងនាំចេញស្រូវជាង១៨ម៉ឺនតោនទៅវៀតណាម
15, Aug 2020 , 10:05 am        
រូបភាព
ភ្នំពេញ៖ ព្រៃវែង ជាខេត្តជាប់ចំណាត់ថ្នាក់លេខមួយលើការផលិតស្រូវ ទាំងការផ្គត់ផ្គង់ក្នុងខេត្ត និងការនាំចេញ។ របាយការណ៍របស់មន្ទីរកសិកម្មខេត្តព្រៃវែង ស្ដីពីស្ថានភាពនៃការងារបន្តបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំ២០២០ រយៈពេលជិត៣ខែ គិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ខេត្តព្រៃវែង បាននាំចេញស្រូវទៅប្រទេសវៀតណាមសរុបជាង១៨ម៉ឺនតោន ដោយលក់បានតម្លៃ២២៣ដុល្លារ ក្នុងមួយតោន។

 
រយៈពេលជិត៣ខែ ឆ្នាំ២០២០នេះ ខេត្តព្រៃវែងបានដាំដុះស្រូវលើផ្ទៃខ្ពស់ជាងឆ្នាំ២០១៩ ចំនួន៣០៤ហិកតា ស្មើនឹង៨៨.៥៧ភាគរយ នៃផែនការ២៥ម៉ឺនហិកតា បើធៀបនឹងរយៈពេលដូចគ្នា។ ចាប់ពីថ្ងៃទី២២-៣១ ខែឧសភា ឆ្នាំ២០២០ បាននាំចេញជាង២ម៉ឺនតោន ហើយចាប់ពីថ្ងៃទី១-៣០ មិថុនា  ឆ្នាំ២០២០បាននាំចេញជាង៦ម៉ឺនតោន និងចាប់ពីថ្ងៃទី១-៣១ កក្កដា ឆ្នាំ២០២០ បាននាំចេញ៩ម៉ឺនតោន។ 
 
ចំណែកឯរយៈពេលចុងក្រោយ ចាប់ពីថ្ងៃទី១-៩ សីហា ឆ្នាំ២០២០ បាននាំចេញជាង២ម៉ឺនតោនផងដែរ។ 
 
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានលើកឡើងដូច្នេះថា ទោះបីជាមានបញ្ហារាលដាលនៃជំងឺកូវីដ-១៩ តែការផលិត ក៏ដូចជានាំចេញស្រូវនៅខេត្តព្រៃវែងនេះមិនមានការថយចុះឡើយ ហើយរដ្ឋាភិបាល បានជំរុញបន្ថែមក្នុងបរិបទនេះផងដែរ។ 
 
លោក បានប្រាប់ ThmeyThmey25 យ៉ាងដូច្នេះថា៖«ចំពោះការនាំចេញស្រូវ គឺក្រោយពីកសិករបានទុករួចជាស្រេចសម្រាប់ផ្គត់ផ្គង់ជាស្បៀងនៅក្នុងស្រុកហើយ ទើបនាំចេញ។ ចំពោះការប្រមូលផលស្រូវស្រាលដើមរដូវនេះគឺភាគច្រើននាំចេញស្ទើរតែ៨០ ទៅ៩០ភាគរយ ហើយមិនមានជួបប្រទះបញ្ហាខ្វះខាតអ្វីនោះទេ តម្រូវការក្នុងស្រុកគឺគ្រប់គ្រាន់»។ លោក បន្ថែមថា ដោយសារតែលើសពីតម្រូវការពលរដ្ឋក្នុងស្រុក ទើបមានការនាំចេញទៅក្រៅប្រទេស ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។ ការប្រមូលផលនេះ មានលក្ខណៈបម្រុងរួចជាស្រេច ដោយចំនួន១៣ភាគរយសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក  មិនមាននាំចូលអង្ករពីក្រៅប្រទេសឡើយ។
 
លោក បានពន្យល់បន្ថែមយ៉ាងដូច្នេះ បច្ចុប្បន្ននេះជារដូវដាំដុះស្រូវ IR504 ដែលស្រូវផលិតឡើងសម្រាប់ការនាំចេញ ហើយការផ្គត់ផ្គង់ក្នុងស្រុកគឺប្រភេទស្រូវក្នុងស្រុក ដូចជា ផ្ការំដួល ជាដើម។ ស្រូវសម្រាប់នាំចេញ ជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវ ដែលកសិករអាចដាំដុះបានគ្រប់ពេលវេលាបាន ទាំងរដូវប្រាំង និងរដូវវស្សា ប្រើពេលតែ៩៥ថ្ងៃអាចប្រមូលផលបាន។ ខេត្តព្រៃវែង ដាំដុះស្រូវចំនួន៣ប្រភេទគឺ ស្រូវស្រាលមិនប្រកាន់រដូវ ស្រូវកណ្ដាល និងស្រូវធ្ងន់ប្រកាន់រដូវ ហើយរដ្ឋាភិបាលក៏បានជំរុញឲ្យពលរដ្ឋដាំដុះស្រូវស្រាលនេះឲ្យបានច្រើនជាងស្រូវធ្ងន់ ព្រោះប្រើរយៈពេលខ្លី។ 
 
ស្រូវស្រាលខេត្តព្រៃវែងភាគច្រើននាំចេញទៅប្រទេសវៀតណាម ដោយសារខេត្តព្រៃវែង មានព្រំប្រទល់នៅជិតប្រទេសវៀតណាម និងក៏ព្រោះតម្រូវការទីផ្សារ ប្រទេសវៀតណាមមានលទ្ធភាពក្នុងការប្រមូលទិញផងដែរ។ នេះជាការលើកឡើងរបស់លោក ប្រធានមន្ទីររូបនេះ ដោយបានបន្ថែមថា ជាគោលការណ៍របស់រដ្ឋាភិបាល គឺខិតខំបង្កើនតម្លៃ មិនមាននាំចេញវត្ថុធាតុដើមទេ គឺកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក។ ប៉ុន្តែដោយសារ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់មិនមានរោងម៉ាស៊ីនកិនស្រូវ ហើយបរិមាណស្រូវច្រើន ដូច្នេះស្រូវដែលលើសពីតម្រូវការក្នុងស្រុក គឺត្រូវលក់ចេញទៅក្រៅប្រទេស៕
 

Tag:
 ព្រៃវែង
 ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com