អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​ឥណ្ឌា ម៉ូ​ឌី ព្រមាន​ចិន​ជាថ្មី​រឿង​ជម្លោះព្រំដែន​
15, Aug 2020 , 8:30 pm        
រូបភាព
នាយករដ្ឋមន្ត្រី ម៉ូឌី ប្រកាសនៅបុណ្យឯករាជ្យជាតិខ្លួនថា អធិបតេយ្យភាពរបស់ឥណ្ឌា គឺខ្ពស់បំផុត នៅថ្ងៃទី ១៥ ខែសីហា (Reuters)
នាយករដ្ឋមន្ត្រី ម៉ូឌី ប្រកាសនៅបុណ្យឯករាជ្យជាតិខ្លួនថា អធិបតេយ្យភាពរបស់ឥណ្ឌា គឺខ្ពស់បំផុត នៅថ្ងៃទី ១៥ ខែសីហា (Reuters)
ដោយ:
 ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណា​រិន្ទ​ដ្រា ម៉ូ​ឌី នៅ​ថ្ងៃទី ១៥ ខែសីហា បាន​ព្រមាន​ចិន​ជាថ្មី​ពាក់ព័ន្ធ​បញ្ហា​តានតឹង​នៅ​ព្រំដែន​ប្រទេស​ទាំងពីរ ដោយ​សន្យា​ពង្រឹង​កម្លាំងយោធា​កាន់តែខ្លាំង​ថែមទៀត​។

 
​ខណៈ​ការចរចា​រឿង​ព្រំដែន​ជាមួយ​ចិន​បន្ត​ជាប់គាំង នាយករដ្ឋមន្ត្រី ម៉ូ​ឌី ប្រកាស​នៅ​បុណ្យ​ឯករាជ្យ​ជាតិ​ខ្លួន​ថា អធិបតេយ្យភាព​របស់​ឥណ្ឌា គឺ​ខ្ពស់បំផុត ហើយ​ថា ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង អាស្រ័យ​លើ​សន្តិសុខ និង​ការជឿជាក់​។  
 
​នៅ​ចំពោះមុខ​អ្នកចូលរួម​ជាង​៤​ពាន់​នាក់ នៅ​ទីលាន Red Fort ក្នុង​ទីក្រុង ញ៉ូ​វ ដេលី លោក ម៉ូ​ឌី បាន​សង្កត់ធ្ងន់​ពី​ការប្រឈមមុខ​ដាក់គ្នា​ជាមួយ​ប្រទេស​ប៉ា​គី​ស្ថាន និង​ចិន លើ​ព្រំដែន​ដែល​កំពុងមាន​ជម្លោះ​របស់​ពួកគេ ដោយ​ពុំ​និយាយ​ចំៗ​ឈ្មោះ​ប្រទេស​ទាំងពីរ​ឡើយ​។ 
 
«​អ្នកណា​ដែល​ហ៊ាន​ចោល​ភ្នែក​ទៅលើ​ដែន​អធិបតេយ្យ​របស់​ប្រទេស​យើង កងទ័ព​យើង​នឹង​ឆ្លើយតប​ទៅ​ពួកគេ ដោយ​ប្រើ​ភាសា​ពួកគេ​ផ្ទាល់​តែម្ដង​»​។ លោកនាយក​រដ្ឋមន្ត្រី និយាយ​បញ្ឆិតបញ្ឆៀង​បែបនេះ ដោយ​ចង់​មានន័យថា បើ​នរណា​ហ៊ាន​ប្រើ​កម្លាំង​ដាក់​ឥណ្ឌា ឥណ្ឌា​នឹង​ប្រើ​កម្លាំង​តប​វិញ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក បញ្ជាក់ទៀតថា​៖«​បូរណភាព​ទឹកដី​របស់​ឥណ្ឌា​គឺ​ខ្ពស់បំផុត​សម្រាប់​យើង​។ អ្វីដែល​យើង​អាចធ្វើ​បាន អ្វីដែល​កងទ័ព​យើង​អាចធ្វើ​បាន គ្រប់គ្នា​បាន​មើលឃើញ​ហើយ​ក្នុង​តំបន់ Ladakh»​។ លោក​សំដៅលើ​ការប៉ះទង្គិច​ព្រំដែន​ជាមួយ​កងទ័ព​ចិន ក្នុង​តំបន់ Ladakh លើ​ជួរ​ភ្នំ ហិមពាន្ត កាលពី​ថ្ងៃទី ១៥ ខែមិថុនា​។ 
 
​ក្នុង​សុន្ទរកថា​ដដែល លោក ម៉ូ​ឌី លើកឡើងថា ឥឡូវនេះ ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង គឺ​ជាប់​ពាក់ព័ន្ធ​នឹង សន្តិសុខ ដំណើរការ និង​ការជឿជាក់​។ លោក​ថា​៖«​ប្រទេសជិតខាង គឺ​មិន​គ្រាន់តែ​ជា​ប្រទេសមួយ​ដែលមាន​ព្រំដែន​ជាប់​គ្នា​ប៉ុណ្ណោះ​ទេ តែ​ជា​អ្នក​ដែល​ចែករំលែក​បេះដូង​ផងដែរ​។ ទំនាក់ទំនង​កាន់តែ​កក់ក្ដៅ កាលណា​ចេះ​គោរព​គ្នា​ទៅវិញទៅមក​»​។​
 
​ម្យ៉ាងវិញទៀត លោកនាយក​រដ្ឋមន្ត្រី អះអាងថា កងទ័ព​សកម្ម​ឥណ្ឌា​ទាំង​១,៤​លាន​នាក់ នឹងត្រូវ​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែខ្លាំង​ថែមទៀត​។ លោក​អះអាង​ដូច្នេះ​ថា បន្ថែម​ពី​ការតាំង​ចិត្ត​រឿង​សន្តិសុខ​ខ្លួន និង​ពង្រឹងសមត្ថភាព​យោធា ប្រទេស​ឥណ្ឌា​ក៏​ចង់បាន​សន្ដិភាព​និង​ភាព​សុខដុម​ដែរ​។​
 
​សូមបញ្ជាក់ថា កងទ័ព​ឥណ្ឌា​២០​នាក់ ត្រូវបាន​សម្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​នោះ ដែល​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ប្រយុទ្ធ ដោយ​ប្រើ​ដំបង​ព័ទ្ធ​លួស ដុំថ្ម និង​ដៃទទេរ​។ ខាង​ចិន​ក៏បាន​ទទួលស្គាល់ថា​កង​ទ័ព​ស្លាប់​ក្នុង​ហេតុការណ៍​នេះ តែ​ពុំបាន​បញ្ចេញ​តួលេខ​ឡើយ​។ ភាគី​ទាំង​ពីរបាន​ចោទ​គ្នា​ទៅវិញទៅមក ហើយ​កងទ័ព​ចិន​និង​ឥណ្ឌា​រាប់ពាន់នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​ជម្លោះ​នោះ​។ បញ្ហា​ព្រំដែន​មិនទាន់​ដាច់​ស្រា​ច់នេះ កើតឡើង​តាំងពី​ឆ្នាំ​១៩៦២​មកម្ល៉េះ​៕ 
 
 

Tag:
 ឥណ្ឌា​
  ចិន​
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com