កីឡាជាតិ
ជាតិ
លី​គ​កំពូល​៖ ស្វាយរៀង​ត្រូវការ​ឈ្នះ​ប៉ូលិស ដើម្បី​រក្សា​គម្លាត​ប្រជែង​កំពូល​តារាង​ពី​បឹងកេត​
16, Aug 2020 , 1:05 pm        
រូបភាព
ដោយ:
 
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ថ្ងៃអាទិត្យ​នេះ មាន​ចំនួន​៣​គូ ក្នុងនោះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ស្វាគមន៍​សូល​ទី​ឡូ​អង្គរ ខណៈ​អាស៊ី​អឺរ៉ុប​ទទួល​បឹងកេត មុន​ព្រះខ័ន​រាជ​ស្វាយរៀង​តទល់​ជាមួយ​នគរបាលជាតិ​។ អង្គ​រថា​យ​ហ្គឺ​រ​ធ្វើ​ឲ្យ​ណាហ្គា​វើ​ល​ស្គាល់​បរាជ័យ​លើក​ទី​ពីរ រីឯ​កងយោធពល​ខេមរភូមិន្ទ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្នំពេញ​ក្រោ​ន​ខកចិត្ត ខណៈ​អគ្គិសនី​កម្ពុជា​ចែកគ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ​គីរីវង់​សុខ​សែន​ជ័យ នា​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​។​

​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវការ​ឈ្នះ​នគរបាលជាតិ​នៅ​ល្ងាច​នេះ ដើម្បី​បន្ត​គ្រង​កំពូល​តារាង និង​រក្សា​គម្លាត​ពី​ការ​ប្រជែង​របស់​បឹងកេត​។ អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺ​ដើម្បី​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​។ បច្ចុប្បន្ន​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ ស្ថិតនៅ​កំពូល​តារាង​មាន​២៨​ពិន្ទុ ខណៈ​នគរបាលជាតិ​ស្ថិតនៅ​លេខ​រៀង​ទី​៩​មាន​៧​ពិន្ទុ​។ 
 
១០​ប្រកួត​កន្លងមក​រប​ស់​ព្រះខ័ន​រាជ​ស្វាយរៀង​មិនទាន់​ស្គាល់​ពាក្យ​ថា បរាជ័យ​ឡើយ ក្នុងនោះ​ក្រុម​ក្រោម​ការដឹកនាំ​របស់លោក Conor Nester យកឈ្នះ​៩ និង​ស្មើ​១​។ ចំណែក​នគរបាលជាតិ​ទើប​ស្គាល់​ជ័យជម្នះ​ពីរលើក​ប៉ុណ្ណោះ​ក្នុងចំណោម​ប្រកួត ក្រៅពីនេះ​ចាញ់​ទាំងអស់​។ បើ​វាយតម្លៃ​តាមរយៈ​លទ្ធផល គឺ​ព្រះខ័ន​រាជ​ស្វាយរៀង​មាន​ភាគរយ​ឈ្នះ​ខ្ពស់ នា​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ 
 
​ចំណែក​ក្រុម​ប្រជែង​កំពូល​តារាង​បឹងកេត ត្រូវ​តទល់​ជាមួយ​អាស៊ី​អឺរ៉ុប​នៅ​ម៉ោង​៣:៣០​នាទី​រសៀល នា​កីឡដ្ឋាន អេ អ៊ី យូ​។ បឹងកេត​ត្រូវការ​៣​ពិន្ទុ​នៅថ្ងៃនេះ ដើម្បី​រក្សា​គម្លាត​ក្នុងការ​ប្រជែង​ដណ្តើម​កំពូល​តារាង​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​។ ក្រុម​ឈរ​លេខ​២​មាន​២៦​ពិន្ទុ​មួយ​នេះ ក៏ត្រូវ​ការ​ឈ្នះ​ដើម្បី​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​របស់ខ្លួន​ផងដែរ ខណៈ​១០​ប្រកួត​កន្លងមក​ឈ្នះ​៨ ស្មើ​២​។ បច្ចុប្បន្ន​អាស៊ី​អឺរ៉ុប​ស្ថិតនៅ​លេខ​រៀង​ទី​១១​មាន​៧​ពិន្ទុ ក្រោយ​ឈ្នះ​២​ស្មើ​១​និង​ចាញ់​៧​។ 
 
​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះដែរ ក្រុម​មិនទាន់​ស្គាល់​ជ័យជម្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ត្រូវ​តទល់​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ​នៅ​កីឡដ្ឋាន​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី​។ ១០​ប្រកួត​កន្លងមក​ក្រុម​ប្រើប្រាស់​យុវជន​ខ្មែរ​សុទ្ធ​មួយ​នេះ​ស្គាល់​ស្មើ​២​លើក​និង​ចាញ់​៨ ខណៈ​សូល​ទី​ឡូ​អង្គរ​ឈ្នះ​១ ស្មើ​១ និង​ចាញ់​៨​។ 
 
​សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែសីហា ឆ្នាំ​២០២០ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​កម្ពុ​ជាមាន​ការភ្ញាក់ផ្អើល ក្រោយ​ពួកគេ​បាន​យកឈ្នះ​ណាហ្គា​វើ​ល ២-០ នៅលើ​ទឹកដី​ខ្លួន​។ នេះ​ជា​បរាជ័យ​លើក​ទី​ពីរ​របស់​ណាហ្គា​វើ​ល បន្ទាប់ពី​ពួកគេ​ប្រកួត​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ២-០ នា​ជំនួប​សប្តាហ៍​ទី​១១​។ 
 
​ចំណែក​ក្រុម​កងយោធពល​ខេមរភូមិន្ទ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្នំពេញ​ក្រោ​ន​ដែល​រំពឹង​ទទួលបាន​៣​ពិន្ទុ​លើទឹក​ដី​ខ្លួន​រង​ការខកចិត្ត បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ៣-២​។ នេះ​ជា​ជ័យជម្នះ​លើក​ទី​៦​របស់​ទ័ព តែ​វា​ជា​បរាជ័យ​លើក​ទី​២​របស់​ភ្នំពេញ​ក្រោ​ន​។ រីឯ​ក្រុម​អគ្គិសនី​កម្ពុជា​ចែកគ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ក្រោយ​ចប់​ការប្រកួត​ពួកគេ​រក្សា​លទ្ធផល​ស្មើ ២-២៕  
 
 
 
 
  

Tag:
 បាល់ទាត់​
  ព្រះខ័ន​រាជ​ស្វាយរៀង​
  បឹងកេត​
© រក្សាសិទ្ធិដោយ thmeythmey.com