កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៣លើក នៃពានរង្វាន់ផ្សេងគ្នា រដូវកាលនេះ
× Manchesrer United បានធ្លាក់ចេញពីពានរង្វាន់ Europa League ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយចាញ់ Sevilla ក្នុងលទ្ធផល ២-១។ នេះជាបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី៣រដូវកាលនេះ និងជាការបញ្ចប់រដូវកាលដ៏អាក្រក់បំផុតរបស់បិសាចក្រហមក្នុងរយៈពេល៣១ឆ្នាំ។
Sevilla បានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌទី២អឺរ៉ុប តាមរយៈការរកគ្រាប់បាល់វាយបកតាមឈ្នះរបស់ខ្សែប្រយុទ្ធ Suso និងខ្សែបម្រើ Luuk de Jong មុនពេលការនាំមុខរបស់ Man Utd ដែលធ្វើបានពីខ្សែបម្រើ Bruno Fernandes ដោយការទាល់បាល់ពិន័យ១១ម៉ែត្រ។ ជំនួបវគ្គ១/២ផ្តាច់ព្រ័ត្ររវាងក្រុមទាំងពីរធ្វើឡើងនៅទឹកដីកណ្តាលនាកីឡដ្ឋាន Bruno Fernandes ប្រទេសអាល្លឺម៉ង់ នៅរាត្រីថ្ងៃទី១៦ ខែសីហា។
ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ក្រុមបិសាចក្រហម បានធ្លាក់ចេញពីការប្រជែងពានត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នាដល់ទៅ៣លើក ក្នុងនោះរួមមាន League Cup (ចាញ៉ Man City ), FA Cup (ចាញ់ Chelsea) និង Europa League ក្រោមថ្វីជើង Sevilla នេះឯង។
មិនតែប៉ុណ្ណោះ Sevilla បានធ្វើឲ្យក្រុមយក្សអង់គ្លេសមួយនេះ បញ្ចប់រដូវកាល ២០១៩-២០ ដោយគ្នានទទួលបានពានអ្វីឡើយ ដែលនេះជារដូវកាលដ៏អាក្រកក់បំផុតសម្រាប់ក្រុម Man Utd ចាប់តាំងពីពួកគេទទួលបានលទ្ធផលដូច្នេះក្នុងរយៈពេល៤រដូវកាលជាប់គ្នាចាប់ពីឆ្នាំ១៩៨៥ ដល់ ១៩៨៩។
ដោយឡែក Sevilla ដែលមានលោក Julen Lopetegui ជាអ្នកចាត់ការ បានបន្តដំណើរឆ្ពោះទៅរកកំណត់ត្រាថ្មីមួយទៀតក្នុងនាមក្រុមដែលជោគជ័យបំផុតសម្រាប់ពានរង្វាន់ Europa League នេះ។ ក្រុមពីអេស្ប៉ាញនេះ ឈ្នះពានលំដាប់ទី២អឺរ៉ុបច្រើនជាងគេចំនួន៥លើក តាមពីក្រោយដោយ Liverpool, Juventus, Inter Milan និង AT-Madrid ដែលធ្លាប់ឈ្នះ ៣លើកដូចគ្នា ចាប់តាំងពីកកើតពាននេះឡើងរយៈពេល ៤៩ឆ្នាំ។
Inter Milan នឹងត្រូវប្រជែងគ្នាជាមួយ Shakhtar Donetsk ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី១៧ ខែសីហានេះ ដើម្បីបានកៅអីឡើងទៅប៉ះ Sevilla នៅវគ្គផ្តាច់ព្រ័ត្រ។ ជំនួបវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តិទៅនៅរាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០៕
© រក្សាសិទ្ធិដោយ thmeythmey.com