COVID-19
អន្តរជាតិ
ករណី​ឆ្លង​COVID-19 សរុប​នៅ​វៀតណាម​មាន​ជិត ១​ពាន់​ករណី និង​អ្នក​ស្លាប់មាន ២៤​នាក់​
18, Aug 2020 , 9:29 am        
រូបភាព
ពេទ្យវៀតណាម_ធ្វើតេស្តលើស្រ្តីម្នាក់_ដែលត្រលប់មកពីទីក្រុងដាណាងវិញ។
ពេទ្យវៀតណាម_ធ្វើតេស្តលើស្រ្តីម្នាក់_ដែលត្រលប់មកពីទីក្រុងដាណាងវិញ។
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែសីហា វៀតណាម មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ៩៨៣​ករណី និង​អ្នកស្លាប់​ចំនួន ២៤​នាក់​។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​វៀតណាម​។


 
​វៀតណាម បាន​រាយការណ៍ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា​ថា មាន​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ៧​ករណី​ថ្មី​។ ក្នុងនោះ​៦​ករណី គឺជា​ករណី​ឆ្លង​ក្នុងស្រុក និង​១​ករណី​នាំចូល​ពី​បរទេស​។ តួលេខ​សរុប​វៀតណាម មាន​ករណី​ឆ្លង ៩៨៣​ករណី និង​អ្នកស្លាប់ ២៤​នាក់​។ តួលេខ​នេះ ត្រូវគេ​រំពឹងថា នឹង​បន្ត​កើនឡើង​ថែមទៀត ខណៈ​វៀតណាម​កំពុង​ប្រឹង​ប្រឹង​ទប់ស្កាត់​ការ​រាតត្បាត​នៅក្នុង​ស្រុក​។ 
 
​ភាគច្រើន​នៃ​ករណី​ឆ្លង​ជិត ១​ពាន់​ករណីនេះ គឺមាន​នៅក្នុង​ទីក្រុង​ដា​ណា​ង និង​តំបន់​ជុំវិញ​។ ចំណែក​តំបន់​ផ្សេងទៀត គឺមាន​ករណី​ឆ្លង​COVID-19 តិចតួច​ប៉ុណ្ណោះ​។ បើតាម​ការអះអាង​រប​ស់​ក្រសួងសុខាភិបាល​វៀតណាម ប្រជាជន​ជាង ១០​ម៉ឺន​នាក់ ត្រូវបាន​គេ​ដាក់​ច​ត្តា​ឡី​ស័ក ដើម្បី​តាមដាន​ស្ថានភាព ក៏ដូចជា​ទប់ស្កាត់​COVID-19 ផង​។ 
 
​កន្លងមក​រដ្ឋាភិបាល​វៀតណាម បានសម្រេច​ចុះឈ្មោះ​ទិញ​វ៉ាក់សាំង​របស់​រុស្ស៊ី ដែល​ទើប​ប្រកាស​នាពេល​ថ្មីៗ​នេះ​។ ទោះ​សម្រេចចិត្ត​ទិញ​វ៉ាក់សាំង​ពី​រុស្ស៊ី​មែន ប៉ុន្តែ​វៀតណាម នៅតែ​បន្ត​អភិវឌ្ឍ​COVID-19 ផ្ទាល់ខ្លួន​ដដែល​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ក្នុងស្រុក​Tuoi Tre វៀតណាម​បាន​ចុះឈ្មោះ​ទិញ​វ៉ាក់សាំង​ពី​រុស្ស៊ី​ចាប់ពី​៥០ ទៅ ១៥០​លាន​ដូ​ស​។ វ៉ាក់សាំង​ខ្លះ គឺជា​ការបរិច្ចាគ​ពី​រុស្ស៊ី​។ 
 
​សូមបញ្ជាក់ថា កូ​រ៉ូ​ណាវី​រុស បាន​ផ្ទុះឡើង​នៅក្នុង​ទីក្រុង​ដា​ណា​ង កាលពី​ចុងខែ​កក្កដា​កន្លងទៅ​។ រដ្ឋាភិបាល​វៀតណាម បាន​ចាត់វិធានការ​យ៉ាងខ្លាំង​លើ​បញ្ហា​នេះ ដើម្បី​បង្ការ​ការ​រាតត្បាត​នៅក្នុង​ប្រទេស​។ ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ ការចេញ​បទបញ្ជា​ទប់ស្កាត់​យ៉ាង​រហ័ស ការបញ្ជូន​ពេទ្យ​ជំនាញ​ទៅ​តំបន់​កំពុង​រាតត្បាត និង​ការសាងសង់​មន្ទីរពេទ្យ​បណ្តោះអាសន្ន គឺ​សុទ្ធតែជា​វិធានការ​របស់​វៀតណាម ក្នុងការ​ប្រយុទ្ធ​ជាមួយ​ជំងឺ​រាតត្បាត​សកល​៕ 
 

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com