COVID-19
អន្តរជាតិ
ករណី​ឆ្លង​COVID-19 នៅ​កូរ៉េខាងត្បូង​ហក់​ឡើង​សារជាថ្មី​
18, Aug 2020 , 11:59 am        
រូបភាព
មន្រ្តីសុខាភិបាលកូរ៉េខាងត្បូង_បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងព្រះវិហារ
មន្រ្តីសុខាភិបាលកូរ៉េខាងត្បូង_បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងព្រះវិហារ
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៨ ខែសីហា បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​COVID-19 ដល់​ជាង ២០០​ករណី​។ ភាគច្រើន​នៃ​ករណី​ថ្មី​នេះ ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​។ នេះ​បើតាម​ការអះអាង​របស​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង COVID-19 របស់​កូរ៉េខាងត្បូង (CDC)​។​



​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ករណី​ឆ្លង​COVID-19 ប្រចាំថ្ងៃ​នៅ​កូរ៉េខាងត្បូង គឺ​កើន​ឡើងជា​លំដាប់​។ បើតាម​អះអាង​របស​អាជ្ញាធរ​សុខាភិបាល​នៅ​ថ្ងៃទី​១៨ ខែសីហា កូរ៉េខាងត្បូង មាន​ករណី​ឆ្លង​COVID-19 ចំនួន ២៤៦​ករណី ដែល​ក្នុងនោះ ករណី​ឆ្លង​ក្នុងស្រុក​មាន​ចំនួន ២៣៥​ករណី​។ តួលេខ​COVID-19 របស់​កូរ៉េខាងត្បូង បាន​កើនឡើង ១៥៧៦១​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៣០៦​នាក់​។ 
 
​ករណី​ឆ្លង​ជាង ២០០​ករណីនេះ ភាគច្រើន​គឺមាន​ពាក់ព័ន្ធ​នឹង​ព្រះវិហារ​២​កន្លែង​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​។ ទាក់ទិន​នឹង​ករណី​ឆ្លង​នេះ អាជ្ញាធរ​សុខាភិបាល បាន​ដំឡើង​ការរក្សា​គម្លាត​សុវត្ថិភាព​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល និង​តំបន់​ជាប់​នោះ ទៅ​កម្រិត​២ ខណៈពេល​កន្លងមក អនុវត្ត​ត្រឹមតែ​កម្រិត ១​ប៉ុណ្ណោះ​។ ការជួបជុំ​មនុស្ស​ច្រើនជាង ១០០​នាក់ ត្រូវ​ហាមឃាត់ ហើយ​ព្រឹត្តិការណ៍​កីឡា​មួយចំនួន នឹងមិន​អនុញ្ញាត​ឲ្យ​មាន​អ្នកទស្សនា​ឡើយ​។ 
 
​កន្លងមក កូរ៉េខាងត្បូង មិន​ធ្លាប់​ចាត់វិធានការ​បិទ​ប្រទេស ឬ​តំបន់​តឹងរ៉ឹង​ខ្លាំង​ដូច​បណ្តា​ប្រទេស​មួយចំនួន ដូចជា​ចិន អាមេរិក ឬ​អឺរ៉ុប​ឡើយ​។ 
​ស្របពេល​ករណី​ឆ្លង​COVID-19​នៅក្នុង​ប្រទេស​កំពុង​កើនឡើង អាជ្ញាធរ​បាន​អះអាងថា កូរ៉េខាងត្បូង នឹង​ចាត់​វិធាន​តឹងរ៉ឹង និង​វិធានការ​បន្ថែមទៀត ទាល់តែ​ករណី​ឆ្លង​ស្ថិតនៅក្រោម​ការគ្រប់គ្រង ព្រោះ​ករណី​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល គឺជា​បញ្ហា​ដ៏​គ្រោះថ្នាក់​មួយ​។ 
 
​សូមបញ្ជាក់ថា កូរ៉េខាងត្បូង ដែលមាន​ប្រជាជន​សរុប​ប្រមាណ ៥១​លាន​នាក់ បានធ្វើ​តេស្តរ​កកូ​រ៉ូ​ណា​វីរុស​ចំនួន ១៦៩៧០៤២​ដង ចាប់តាំងពី​ថ្ងៃទី​៣ ខែមករា​កន្លងមក​។ អ្នកជា​សះស្បើយ​ពី​COVID-19 មាន​ចំនួន ១៣៩៣៤​នាក់​៕ 

Tag:
 COVID-19
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com