ជាតិ
លោក ស៊ា សុផល​៖ បើ​មនុស្ស​ចេះ​ញែក​សំរាម​ត្រឹមត្រូវ បរិមាណ​សំរាម​នឹង​ថយចុះ​
18, Aug 2020 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ ការ​ចោល​សំរាម​ពាសវាល​ពាសកាល តាម​ទីសាធារណៈ ពិសេស​តាម​តំបន់​ទន្លេសាប នៅតែ​ជា​បញ្ហា​សង្គម​ក្នុងពេល​បច្ចុប្បន្ន​។ ដើម្បី​ណែនាំ​ពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​ពី​បញ្ហា​នេះ​កាន់តែច្រើន និង​ត្រូវ​ចេះ​បែងចែក​សំរាម​ទៅតាម​ប្រភេទ​នីមួយៗ អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី បានរៀបចំ គម្រោង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍ អប់រំ​សុខភាព អនាម័យ និង​បរិស្ថាន​។ លោក ស៊ា សុផល ជា​ប្រធាន​គម្រោង យល់ឃើញថា ដោយសារ​ពលរដ្ឋ​ខ្វះ​ចំណេះដឹង​ទាក់ទង​នឹង​បរិស្ថាន ទើប​សំរាម​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

 
 
​រយៈពេល​៣​ហើយ លោក ស៊ា សុផល បានរៀបចំ​យុទ្ធនា​ការប្រមូល​សំរាម សម្អាត​បរិស្ថាន​។ ប៉ុន្តែ​ដោយសារ​មានការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ លោក​បាន​ប្តូរ​មក​បង្កើត​គម្រោង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍ អប់រំ​សុខភាព អនាម័យ និង​បរិស្ថាន វិញ​ដែលមាន​ការចូលរួម​ពី​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី​។​
 
​លោក ផ្ដួច​ផ្ដើមធ្វើ​គម្រោង​នេះ​ឡើង​គឺ​ដើម្បី អប់រំ​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​សហគមន៍​តំបន់​ទន្លេសាប​ទាំងអស់​ឲ្យ​មានការ​យល់ដឹង​ពី​ផល​ប៉ះ​ដល់​បរិស្ថាន លើ​បញ្ហា​សំរាម  ពិសេស​សំរាម​ប្លា​ស្ទិ​ក និង​ត្រូវ​ចេះ​បែងចែក​សំរាម​ទៅតាម​ប្រភេទ​នីមួយៗ​ផងដែរ​។ សកម្មភាព​នៃ​គម្រោង​នេះ គឺ​លោក ស៊ា សុផល បាន​ចុះ​អប់រំ​ពលរដ្ឋ​តាម​សហគមន៍ សាលារៀន និង​បណ្ដា​ភូមិ​ឃុំ ក្នុង​តំបន់​ទន្លេសាប ពី​ផលប៉ះពាល់​របស់​ប្លា​ស្ទិ​ក​ដល់​បរិស្ថាន និង​ណែនាំ​ពលរដ្ឋ​ឲ្យ​បញ្ឈប់​សកម្មភាព​បោះចោល​សំរាម​ពាសវាល​ពាសកាល ពិសេស​ក្នុង​បឹង​ទន្លេសាប​។​


 
​គម្រោង​នេះ​ដំណើរការបាន​រយៈពេល​២​ខែ​ហើយ គឺ​ចាប់ពី​ខែមិថុនា​មក ហើយ​លោក ក៏​រំពឹង​ផងដែរ​ថា ក្រោយពី​បញ្ចប់​ការអប់រំ​នេះ ពលរដ្ឋ​ក្នុង​សហគមន៍​តំបន់​ទន្លេសាប នឹង​អាច​យល់ដឹង​កាន់តែច្បាស់​ពី​បញ្ហា​ដែល​កំពុង​ប្រឈម​នេះ និង​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ថែម​ទៀតផង​។ ប្រធាន​គម្រោង​រូបនេះ​បានលើកឡើង​ដូច្នេះ​ថា​៖«​តាមពិត​សំរាម​បរិមាណ​ច្រើន​ហ្នឹង សុទ្ធតែ​សំរាម​ល្អ​ទាំង​អស់ហ្នឹង សំរាម​សរីរាង្គ សំរាម​ផ្ទះបាយ​យើង​ហ្នឹង តែ​យើង​យកទៅ​ចាក់ចោល​លាយឡំ​គ្នា​។ តាមពិត​បើ​មនុស្ស​ចាប់ផ្ដើម​ចេះ​ញែក​សំរាម គឹ​សំរាម​ថយចុះ​ហើយ​។ មិនបាច់​ឆ្ងល់​ទេ ឲ្យ​តែ​មនុស្ស​ចាប់ផ្ដើម​កាត់បន្ថយ​ដូចជា​ការប្រើប្រាស់​ប្លា​ស្ទិ​ក ព្រោះ​រាល់ថ្ងៃ​មនុស្ស​ម្នាក់ៗ​ប្រើ​ប្លា​ស្ទិ​ក​មិន​ក្រោម​១០​ទេ តែបើ​ចូលរួម​កាត់បន្ថយ​គឺ​សំរាម​ថយចុះ​បាត់​ហើយ​»​។ 
 
​នៅពេល​បរិស្ថាន​ស្អាត គ្មាន​សំរាម​ប្លា​ស្ទិ​ក ជា​សហគមន៍​គំរូ​ដែល​ចេះ​បែងចែក​សំរាម​បាន​ត្រឹមត្រូវ ក៏​ជា​ផ្នែក​មួយ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត ហើយ​ពលរដ្ឋ​ក៏​ទទួលបាន​ចំណូល​តាមរយៈ​ការបម្រើ​សេវាកម្ម​ទេសច​រណ៍​នានា​ដូចជា សេវាកម្ម​ស្នាក់នៅ​សហគមន៍ និង​ការ​អុំទូក​ជូន​ភ្ញៀវ​ជាដើម​។ នេះ​ជា​ពន្យល់​របស់លោក សុផល ដោយបាន​បន្ថែមថា ពលរដ្ឋ​ចូលរួម​ក្នុងការ​អប់រំ​នេះ​ច្រើន បើទោះបីជា​ការយល់ដឹង​នៅមានកម្រិត តែ​លោក ក៏​រំពឹងថា​ពួកគេ​នឹង​យកចិត្តទុកដាក់​លើ​រឿងនេះ ជាង​មុន​។​
 
​លោក បានលើកឡើង​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖«​បច្ចុប្បន្ន សំរាម​មានការ​កើនឡើង​នេះ​ក៏​ព្រោះតែ មនុស្ស​មិនទាន់មាន​ការអប់រំ ហើយ​ប្រព័ន្ធ​រដ្ឋបាល ឬ​ក្រុមហ៊ុន​ឯកជន​ដែល​ប្រមូល​សំរាម​មិនទាន់​ប​ញ្ច្រា​ប​ការអប់រំ​ហ្នឹង​ដល់​ពលរដ្ឋ​។ លោក បន្តថា មិនមែន​តែ​ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​ប៉ុណ្ណោះ​ទេ សូម្បីតែ​អ្នករស់នៅ​ទី​រាជធានី​ភ្នំពេញ​ក៏​នៅតែ​មិនអាច​ញែក​សំរាម​បាន​ផងដែរ​។ 
 
​រយៈពេល​កន្លងមក​ដែល លោក បាន​ចំណាយពេល​លើ​ការសម្អាត​បរិស្ថាន លោក មើលឃើញថា ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​ភាគច្រើន​បាន​ចូលរួម​ជាមួយ​លោក កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ពិសេស​នោះ​គឺ​នៅតាម​ភោជនីយដ្ឋាន​៕
 

Tag:
 បរិស្ថាន​
 ​សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com