សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រទេសមានយោធាខ្លាំងបំផុតទាំង៥ លើពិភពលោកក្នុងឆ្នាំ២០២០
18, Sep 2020 , 11:29 pm        
រូបភាព
ដោយ:
គិតត្រឹមឆ្នាំ២០២០នេះ វេបសាយ Global Firepower ដែលតាមដានកម្លាំងយោធាទូទាំងពិភពលោក បានអះអាងថា អាមេរិក នៅតែជាប្រទេសមានយោធាខ្លាំងគេលើពិភពលោក។ រុស្ស៊ី ចិន ឥណ្ឌា និងជប៉ុនឈរនៅតាមក្រោយនៃតារាងប្រទេសមានអំណាចខ្លាំងបំផុតលើពិភពលោក។

 
ការចាត់ថ្នាក់មហាអំណាចនេះ គឺផ្អែកលើការវាយតម្លៃលើកម្លាំងទ័ព កញ្ចប់ថវិកាការពារជាតិ សមត្ថភាពដឹកជញ្ជូន និងភូមិសាស្រ្តប្រទេស។ 
 
 ជប៉ុន 

 
ក្នុងឆ្នាំ២០២០នេះ ជប៉ុន ត្រូវបានប៉ាន់ស្មានថា ចាយលុយ៤៩ពាន់លានដុល្លារលើវិស័យយោធា។ ប្រទេសក្នុងតំបន់អាស៊ីនេះ មានកងទ័ពសកម្មសរុបប្រមាណ ២៤៧ ១៦០នាក់ ។ នេះបើតាមស្ថិតិរបស់ Global Firepower ។
 
និយាយដល់សព្វាវុធវិញ ជប៉ុន មានយន្តហោះចម្បាំង៧៤០គ្រឿង ហើយមានក្បួនទ័ពជើងទឹកដែលមាននាវាចម្បាំង ៤០គ្រឿង។ ជប៉ុន ក៏មានរថយន្តយោធា៣១៣០គ្រឿង រថគ្រោះ ១០០៤ គ្រឿង និងឧទ្ធម្ភាគចក្រយោធា ១១៩គ្រឿងផងដែរ។ កងទ័ពជប៉ុន ជាទ័ពស្វ័យការពារ គឺមិនអាចវាយប្រហារប្រទេសផ្សេងមុនឡើយ។ 
 
ឥណ្ឌា 

 
យក្សអាស៊ី ឥណ្ឌា ដែលមានជម្លោះព្រំដែនយូរឆ្នាំទាំងជាមួយចិន និងប៉ាគីស្ថាន ត្រូវបានប៉ាន់ស្មានថា មានកងទ័ពសកម្មសរុប ១ ៤៤៤ ០០០នាក់ ។ 
 
វេបសាយ Global Firepower អះអាងថា ប្រទេសកំពុងអភិវឌ្ឍមួយនេះ ស្ថិតក្នុងចំណោមប្រទេសឈានមុខមួយរបស់ពិភពលោកក្នុងផ្នែកសព្វាវុធ ដោយមានរថគ្រោះ ៤២៩២ គ្រឿង កំាភ្លើងធំ ៤០៦០គ្រឿង និងយន្តហោះចម្បាំង ៥៣៨គ្រឿង។ 
 
ខាងជើងទឹក ឥណ្ឌា មាននាវាដឹកយន្តហោះ១គ្រឿង នាវាមុជទឹក២គ្រឿង និងនាវាចម្បាំងជាង២០គ្រឿងទៀត។ ជាប្រទេសមានអាវុធនុយក្លេអ៊ែរ ឥណ្ឌា ត្រូវបានប៉ាន់ស្មានថា ចាយលុយ៦១ពាន់លានដុល្លារលើវិស័យការពារជាតិក្នុងឆ្នាំ២០២០ នេះ។ 
 
ចិន

 
ចិន ដែលជាប្រទេសមានអំណាចបំផុតក្នុងតំបន់អាស៊ី ហើយកំពុងតឹងសរសៃកជាមួយសហរដ្ឋអាមេរិកផងនោះ ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងបញ្ជីនេះ។ មហាអំណាចរដ្ឋកុម្មុយនីស្តមួយនេះ ត្រូវបានប៉ាន់ស្មានថាមានកងទ័ពសកម្មសរុប ២ ១៨៣ ០០០នាក់ ដែលច្រើនបំផុតលើពិភពលោក។ 
 
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចិន កំពុងកសាងកងទ័ពជើងទឹកឲ្យកាន់តែខ្លាំង ខណៈកំពុងមានជម្លោះដែនទឹកជាមួយប្រទេសមួយចំនួនក្នុងសមុទ្រចិនខាងត្បូង។ បច្ចុប្បន្ន ចិនមាននាវាមុជទឹក ៧៤គ្រឿង នាវាចម្បាំងសរុបជាង៨០គ្រឿង និងនាវាដឹកយន្តហោះ ២គ្រឿង។ មួយគ្រឿងទៀតដែលយកតាមលំនាំនាវាអាមេរិក កំពុងសាងសង់។  
 
លើសមរភូមិដីរាប ចិនមានរថយន្តយោធា ៣៣ ០០០គ្រឿង និងរថគ្រោះ ៣៥០០គ្រឿង។ កងទ័ពជើងអាកាស មានយន្តហោះចម្បាំង ១២៣២គ្រឿងនិងឧទ្ធម្ភាគចក្រយោធា ២៨១គ្រឿង។ ក្នុងឆ្នាំ២០២០ ចិន ត្រូវបានប៉ាន់ស្មានថា ចាយលុយលើវិស័យយោធា ២៣៧ពាន់លានដុល្លារ។ ចិនក៏ជាមហាអំណាចអាវុធនុយក្លេអ៊ែរផងដែរ។
 
រុស្ស៊ី 

 
រុស្ស៊ី គឺជាប្រទេសដែលមានរថក្រោះច្រើនបំផុតលើពិភពលោក ដែលមានរហូតដល់១២ ៩៥០គ្រឿង ។ នេះគឺ២ដងលើសរថគ្រោះដែលសហរដ្ឋអាមេរិកមាន។ នេះបើតាម Global Firepower ។ រុស្ស៊ី ត្រូវបានប៉ាន់ស្មានមានកងទ័ពសកម្ម ១ ០១៣ ៦២៨នាក់ ហើយមានរថយន្តយោធា ២៧ ០៣៨គ្រឿង កាំភ្លើងធំ ៦០៨៣គ្រឿង និងរថយន្តបាញ់រ៉ុក្កែត ៣៨៦០គ្រឿង។ 
 
លើអាកាស យោធារុស្ស៊ីមានយន្តហោះចម្បាំង ៨៧៣គ្រឿង និងឧទ្ធម្ភាគចក្រយោធា ៥៣១គ្រឿង។ ជើងទឹកវិញ ពួកគេមាននាវាមុជទឹក ៦២គ្រឿង នាវាដឹកយន្តហោះ១១គ្រឿង ហើយនាវាចម្បាំង៤៨គ្រឿង។ ជាមហាអំណាចនុយក្លេអ៊ែរមួយ ហើយសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រុស្ស៊ី ត្រូវបានប៉ាន់ស្មានថាចាយ ៤៨ពាន់លានដុល្លារលើយោធាក្នុងឆ្នាំនេះ ។
 
សហរដ្ឋអាមេរិក

 
គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើល! សហរដ្ឋអាមេរិក នៅតែកាន់តំណែងជាមហាអំណាចយោធាអត់គូប្រៀបលើពិភពលោក ។ សហរដ្ឋអាមេរិក មានអង្គភាពទ័ពជើងអាកាសច្រើនជាងប្រទេសណាៗទាំងអស់លើផែណនដី ដោយមានយន្តហោះចម្បាំង ២០៨៥គ្រឿង និងឧទ្ធម្ភាគចក្រយោធា ៩៦៧គ្រឿង ។ 
 
សហរដ្ឋអាមេរិក នៅបន្តឈានមុខគេខាងផ្នែកសព្វាវុធ ដោយមានរថយន្តយោធា ៣៩ ២៥៣គ្រឿង នាវាចម្បាំង ៩១គ្រឿង និងនាវាដឹកយន្តហោះ ២០គ្រឿង។ សហដ្ឋអាមេរិកដែលចាយលុយលើវិស័យការពារជាតិ ៧៥០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ មានកងទ័ពសកម្ម ១ ៤០០ ០០០នាក់៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com