ជាតិ
រដ្ឋមន្ត្រី​អភិវឌ្ឍន៍​ជន​អាស៊ាន បានចេញ​វិធាន​ការរួម​៦​ចំណុច ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​ក្នុង​បរិបទ​កូ​វីដ​-១៩
20, Aug 2020 , 10:59 pm        
រូបភាព
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅពេលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន អភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ ក្រោមប្រធានបទ« ការកាត់បន្ថយភាពក្រីក្រ និងការកសាងភាពធន់ទៅនឹងជំងឺកូវី-១៩»តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃ
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅពេលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន អភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ ក្រោមប្រធានបទ« ការកាត់បន្ថយភាពក្រីក្រ និងការកសាងភាពធន់ទៅនឹងជំងឺកូវី-១៩»តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃ
​រដ្ឋមន្ត្រី​អាស៊ាន អភិវឌ្ឍន៍​ជន និង​លុបបំបាត់​ភាពក្រីក្រ បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​ចំនួន ៦ ចំណុច ក្នុងន័យ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​។ ការសម្រេច​នេះ ធ្វើឡើង​ក្នុង កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​អាស៊ាន អភិវឌ្ឍន៍ជនបទ និង​លុបបំបាត់​ភាពក្រីក្រ ក្រោម​ប្រធានបទ “​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការកសាង​ភាព​ធន់​ទៅនឹង​ជំងឺ​កូ​វីដ​១៩” តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​១៩ ខែសីហា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​។

 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នោះ វិធានការ​ទាំង​៦​ចំណុច ដែល​បានសម្រេច​រួមគ្នា​នោះ រួមមាន​៖ ១. គាំពារ​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ ២. គាំទ្រ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ជនបទ ដើម្បី​ធានាបាន​នូវ​លំនឹង​សេដ្ឋកិច្ច​ជនបទនិង​ប្រព័ន្ធ​ស្បៀងអាហារ​។ ៣. អនុវត្តតាម​អភិក្រម គាំទ្រ​ប្រជាជន​ក្រីក្រ ប្រកបដោយ​បរិ​យា​ប័ន្ន យេនឌ័រ និង​ការប្រែប្រួល​អាកាសធាតុ​។ ៤.​ផ្ដោតលើ​ការដោះស្រាយ​នូវ​ឧបសគ្គ​នានា​ស្ត្រី​និង​យុវជន​។ ៥. ការលើកកម្ពស់​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ មាន​ផ្នែក​រូបវ័ន្ត សេដ្ឋកិច្ច និង​ធនធាន​មនុ​ស្ និង​ចំណុច​ទី​៦ គឺ​ការពង្រឹង​ការធ្វើសមាហរណកម្ម​គោលនយោបាយ ដើម្បី​ដោះស្រាយ​គម្លាត​អភិបាលកិច្ច រវាង​ទីប្រជុំជន និង​ទីជនបទ រួមទាំង​សហប្រតិបត្តិការ​អន្តរ​វិស័យ​ក្នុង​តំបន់​អាស៊ាន​។​
 
​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិសេស ដែល​ដឹកនាំ​ដោយ លោក Aung Thu រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បសុសត្វ និង​ធារាសាស្ត្រ នៃ​ប្រទេស​មី​យ៉ាន់​ម៉ា និង​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ទទួលបន្ទុក​ការងារ​អភិវឌ្ឍន៍ជនបទ នៅក្នុង​តំបន់​អាស៊ាន ថា រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​បរិបទ កូ​វីដ​-១៩ ក៏បាន និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ និង​ការអភិវឌ្ឍ​ជនជាតិដើម​ភាគតិច​ជាដើម​។ បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ការធ្វើ​បែបនេះ គឺ​ដើម្បី​បង្កើន​ប្រាក់ចំណូល និង​លើកកម្ពស់​លក្ខខណ្ឌ​រស់​នៅ របស់​ប្រជាជន​នៅ​ជនបទ​។​
 
​សូមបញ្ជាក់ថា កិច្ចប្រជុំ​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​បំណង​ចែករំលែក​បទពិសោធន៍ ទាក់ទង​នឹង​ការអភិវឌ្ឍ​ជនបទ និង​ការកាត់បន្ថយ​ភាពក្រីក្រ ក្នុង​បរិបទ​កូ​វីដ​-១៩​។ សូម​ជម្រាប​ដែរ​ថា គិត​ត្រឹម​ថ្ងៃទី​២០ សីហា ឆ្នាំ​២០២០ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​២៧៣​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​មាន​ចំនួន ២៥៣​នាក់​។ ចំណែក​អ្នកជំងឺ​ដែល​នៅសល់​ចំនួន ២០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ មានដូចជា​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ចំនួន​១៤​នាក់​, នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំនួន ២​នាក់ និង​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ត្បូងឃ្មុំ ចំនួន​៤​នាក់​៕
 

Tag:
 កិច្ចប្រជុំ​ពិសេស​
© រក្សាសិទ្ធិដោយ thmeythmey.com