ជាតិ
សង្គមជាតិ
របាយការណ៍៖ ទូកវៀតណាម១០០គ្រឿង ចូលនេសាទក្នុងសមុទ្រកម្ពុជា កាលពីខែកក្កដា
21, Aug 2020 , 1:46 pm        
រូបភាព
រូបភាព បង្ហាញពីទូកនេសាទវៀតណាម ចូលមកដែនសមុទ្រកម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២០ ដែលកត់ត្រាដោយប្រព័ន្ធប្រមូលព័ត៌មាន AIS (រូបពីគេហទំព័ររបស់ SCSPI)
រូបភាព បង្ហាញពីទូកនេសាទវៀតណាម ចូលមកដែនសមុទ្រកម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២០ ដែលកត់ត្រាដោយប្រព័ន្ធប្រមូលព័ត៌មាន AIS (រូបពីគេហទំព័ររបស់ SCSPI)
កម្មវិធីគម្រោងផ្តួចផ្តើមគំនិតអង្កេតលើស្ថានភាពយុទ្ធសាស្រ្តក្នុងតំបន់សមុទ្រចិនខាងត្បូង (South China Sea Strategic Situation Probing Initiative) ដែលសរសេរកាត់ថា SCSPI បានចេញរបាយការណ៍មួយ តាំងពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ស្តីពីទូកនេសាទខុសច្បាប់របស់វៀតណាម ចូលដល់ដែនសមុទ្រចិន និងដែនសមុទ្រនៃប្រទេសមួយចំនួនទៀត ក្នុងអាស៊ាន រួមមាន ដែនសមុទ្រម៉ាឡេស៊ី ដែនសមុទ្រឥណ្ឌូណេស៊ី និង ដែនសមុទ្រកម្ពុជា។



តាមរយៈរបាយការណ៍របស់ខ្លួន SCSPI ដែលជាកម្មវិធីគម្រោងផ្នែកស្រាវជ្រាវ មានមូលដ្ឋានក្នុងសាកលវិទ្យាល័យមួយនៃទីក្រុងប៉េកាំង ប្រទេសចិន បានសរសេរថា គិតត្រឹមតែខែកក្កដា ឆ្នាំ២០២០ ទូកនេសាទវៀតណាម១០០គ្រឿង បានចូលមកដែនសមុទ្រកម្ពុជា។ SCSPI អះអាងថា ចំនួនទូកទេសាទវៀតណាម ដែលចូលមកដែនសមុទ្រកម្ពុជា ក្នុងខែកក្កដា បានថយចុះ បើធៀបនឹងខែមិថុនា ដោយខែមានមិថុនា មាន១៥៧គ្រឿង។

យ៉ាងណា លោក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបដិសេធថា មិនមានទូកនេសាទវៀតណាម ឆ្លងចូលមកដែនសមុទ្រកម្ពុជានោះទេ។ ការបដិសេធរបស់លោក ធ្វើឡើងក្នុងបទសម្ភាសជាមួយ VOA ដោយលោក បន្ថែមថា កម្លាំងនគរបាលការពារព្រំដែន (ទឹក) នឹងចាត់ការភ្លាមៗ បើមានករណីនេសាទបំពានណាមួយ។

ចំពោះម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី មានទូកនេសាទវៀតណាម២៣៤គ្រឿង បានចូលទៅក្នុងដែនសមុទ្រនៃប្រទេសទាំងពីរនេះ។ នេះបើតាមរបាយការណ៍របស់ SCSPI ដដែល ដោយប្រៀបធៀបថា ចំនួននេះ (ក្នុងខែកក្កដា) បានថយចុះតិចជាងខែមិថុនា ដោយក្នុងខែមិថុនា មាន២៤៥គ្រឿង។

រីឯដែនសមុទ្រចិនវិញ មានទូកនេសាទវៀតណាម ចូលទៅច្រើនជាងដែនសមុទ្រប្រទេសទាំងបីខាងលើ។ ផ្នែកលើរបាយការណ៍របស់ SCSPI ក្នុងខែកក្កដា ទូកនេសាទវៀតណាម៧០២គ្រឿង បានចូលទៅដែនសមុទ្រចិនដីគោកនិងកោះហៃណាន។ របាយការណ៍ បានឲ្យដឹងថា ចំនួននេះ បានកើនឡើងបន្តិច ដោយកាលពីខែមិថុនា ទូកនេសាទវៀតណាម ដែលចូលទៅដែនសមុទ្រចិន មាន៦៩២គ្រឿង។

SCSPI ចោទថា ទូកនេសាទវៀតណាមទាំងនោះ បានចូលទៅនេសាទត្រី ដោយមិនបានរាយការណ៍ជាមុន និងគ្មានការអនុញ្ញាត៕

Tag:
 ទូកវៀតណាមចូលសមុទ្រកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com