ជាតិ
ខ្នងផ្សា ទាក់ទាញទេសចរបានប្រមាណ៣០០នាក់ នាអំឡុងឈប់សងចូលឆ្នាំ
23, Aug 2020 , 12:00 pm        
រូបភាព
ដោយ:
ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០  មានអ្នកទេសចរ ៣០០ នាក់បានទៅលេងតំបន់ទេសចរណ៍បែបផ្សងព្រេងភ្នំខ្នងផ្សា។ នេះបើតាមលោក ជា យុទ្ធា អនុប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០។

 
«ខ្នងផ្សា» មានទេសភាពស្រស់ស្អាត ខ្យល់អាកាសល្អបរិសុទ្ធ បានធ្វើឲ្យភ្ញៀវទេសចរជាច្រើន ចាប់អារម្មណ៍ងាកមកធ្វើដំណើរកម្សាន្តបែបផ្សងព្រេង ដែលជាសក្ដានុពលទេសចរណ៍ធម្មជាតិផងដែរ។ «ខ្នងផ្សា» ពេលព្រឹក ភ្ញៀវទេសចរអាចទស្សនាព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពលល្ងាច អាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំ។
 
អ្នកទេសចរ ស្គាល់ខ្នងផ្សាកាន់តែច្រើន នាអំឡុងកូវីដ-១៩។ តែទន្ទឹមនឹងកំណើនទេសចរ លោកជា យុទ្ធា ក៏មើលឃើញថា នៅមានទេសចរមួយចំនួនតូចនៅមិនទាន់ទុកដាក់សំរាមរបស់ខ្លួនឲ្យបានល្អនៅឡើយ។ ទោះជាសាទរបានឃើញទេសចរ តែអនុប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញរូបនេះស្នើឲ្យអ្នកទេសចរទាំងអស់ ចូលរួមថែរក្សាបរិស្ថាន និងកុំបោះចោលសំរាមផ្តេសផ្តាសនៅតំបន់ទេសចរណ៍ដែលខ្លួនបានៅទៅ។
 
បើតាមរបាយការណ៍របស់មន្ទីទេសចរណ៍ខេត្តកំពង់ស្ពឺគិតត្រឹមថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ២០២០ កំពង់ស្ពឺមានភ្ញៀវទេសចរទៅកម្សាន្តនៅទូទាំងខេត្តប្រមាណ ៤ ម៉ឺននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិ ៤២៦នាក់។ សម្រាប់តំបន់ដែលមានទេសចរទៅកម្សាន្តច្រើនជាងគេគឺ ខ្នងភ្នំគិរីរម្យ និងតំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ៕



Tag:
 ខ្នងផ្សា
© រក្សាសិទ្ធិដោយ thmeythmey.com