ជាតិ
ជប៉ុនប្ដេជ្ញាគាំទ្រការអភិវឌ្ឍនៅកម្ពុជា ពិសេសជំរុញការវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្ម
23, Aug 2020 , 3:29 pm        
រូបភាព
ជំនួបទ្វេភាគីរវាង លោក ប្រាក់ សុខុន រដ្ឋមន្រី្តការបរទេសកម្ពុជា និងលោក MOTEGI Toshimitsu រដ្ឋមន្រី្តការបរទេសជប៉ុន នៅទីស្ដីការក្រសួងការបរទេស នៅថ្ងៃទី២២ សីហា។ (រូបភាព៖ទំព័រហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)
ជំនួបទ្វេភាគីរវាង លោក ប្រាក់ សុខុន រដ្ឋមន្រី្តការបរទេសកម្ពុជា និងលោក MOTEGI Toshimitsu រដ្ឋមន្រី្តការបរទេសជប៉ុន នៅទីស្ដីការក្រសួងការបរទេស នៅថ្ងៃទី២២ សីហា។ (រូបភាព៖ទំព័រហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)
ភ្នំពេញ៖ ជប៉ុន បានប្តេជ្ញាជំរុញ និងគាំទ្រដល់ការអភិវឌ្ឍន៍គ្រប់វិស័យនៅកម្ពុជា ពិសេសជំរុញការវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២។ ក្រៅពីជំរុញផ្នែកសេដ្ឋកិច្ច ជប៉ុន ក៏គាំទ្រកម្ពុជាក្នុងការជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាផងដែរ។ ការប្តេជ្ញាទាំងនេះ គឺធ្វើឡើងនៅក្នុងដំណើរទស្សកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន នៅក្នុងប្រទេសកម្ពុជា ពីថ្ងៃទី២១ ដល់២២សីហា។

 
ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២១ ដល់២២សីហា របស់រដ្ឋមន្ត្រីការបរទេសជប៉ុន បានបិទបញ្ចប់ហើយ ជាមួយនឹងផ្លែផ្កាជាច្រើន។ លទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) នៅកម្ពុជា ត្រូវបានក្រសួងបរទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៣ សីហានេះ។ 
 
ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ លោក ម៉ូតេហ្គី បានជួបសម្តែងការគួរសមជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជួបពិភាក្សាទ្វេភាគីជាមួយសហភាគីលោក   ប្រាក់ សខុនផងដែរ។ តាមក្រសួងបរទេស ជប៉ុន បានសាទរកម្ពុជា ចំពោះការរីកចម្រើនយ៉ាងខ្លាំងក្លាផ្នែកសេដ្ឋកិច្ចក្នុងរយៈពេលកន្លងមក ជាពិសេសនោះគឺការទប់ស្កាត់បានយ៉ាងល្អ ការរាលដាលជំងឺកូវីដ-១៩។ ចំណែកកម្ពុជា ក៏មិនភ្លេចអរគុណជប៉ុន ដែលបានចូលរួមដល់ការអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាបានផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩  និងការបានជួយឧបត្ថម្ភដល់ពលរដ្ឋ និងកម្មសិក្សាការីខ្មែរស្នាក់នៅជប៉ុន នាដំណាក់កាលកូវីដ-១៩ដែរ។ នេះបើតាមក្រសួងការបរទេសកម្ពុជា ដែលបានបន្តទៀតថា ភាគីទាំងពីរបាន ប្តេជ្ញាចិត្តជាមួយគ្នាថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធនឹងជំងឺនេះ ទន្ទឹមគ្នានឹងការស្តារសេដ្ឋកិច្ច សង្គមឡើងវិញ។
 
ក្រៅពីនេះដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ និងសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ភាគីទាំងពីរបានឯកភាពគ្នា បើក ដំណើរការឆ្លងដែនកម្ពុជា-ជប៉ុន ជាដំណាក់កាល។  ចំពោះកម្ពុជាក៏បានសម្ដែង ការអរគុណដល់រដ្ឋាភិបាលជប៉ុនដែលបន្តបានផ្ដល់ជំនួយដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនិងកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់កម្ពុជា។ រីឯ លោក ម៉ូតេហ្គី តូស៊ីមីសឺ បានបញ្ជាក់ថា៖ «ការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការបន្តគាំទ្រកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ»។ 
 
ទន្ទឹមនឹងនេះ កម្ពុជា-ជប៉ុន បានពិភាក្សាគ្នា ពីដំណើរអនុវត្តគម្រោងសំខាន់ៗនៅកម្ពុជា រួមមានគម្រោងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ  និងផ្លូវជាតិលេខ៥ ដែលនឹងរួមចំណែកដល់ការពង្រីកសកម្មភាពវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ក្រៅពីនេះ កម្ពុជា-ជប៉ុន ក៏បានសម្តែងសេចក្តីប្រាថ្នារួមក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ និងវប្បធម៌៕ 
 
 

Tag:
 កម្ពុជា
  ជប៉ុន
  ទស្សនកិច្ចផ្លូវការ
  MOTEGI Toshimitsu
© រក្សាសិទ្ធិដោយ thmeythmey.com