សម្ដេច ហ៊ុន សែន ប្រជុំកំពូលមេគង្គ-ឡានឆាង ពាក់ព័ន្ធនឹងការ«ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»
ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រជុំកំពូលមេគង្គ-ឡានឆាង ពាក់ព័ន្ធនឹងការ«ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»
24, Aug 2020 , 9:05 am        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ពាក់ព័ន្ធនឹងការ«ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ សីហានេះ។ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ដ្រីឡាវ ដែលជាសហប្រធានកិច្ចប្រជុំជាមួយលោក លី ខឺឈាំង នាយករដ្ឋមន្ត្រីចិនដឹកនាំកិច្ចប្រជុំ។

 
មូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»នេះ គឺថ្នាក់ដឹកនាំពាក់ព័ន្ធ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦ ,សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) រួមទាំងការកំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។ 
 
បើតាមក្រសួងការបរទេសកម្ពុជា ថ្នាក់ដឹកនាំទាំងអស់ ក៏នឹងផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩។
 
«កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ នឹងគូសបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជា ការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង»។ នេះបើតាមក្រសួងការបរទេស៕
 

Tag:
 មេគង្គ-ឡានឆាង
© រក្សាសិទ្ធិដោយ thmeythmey.com