ក្រុមហ៊ុន​ចិន​មួយ គ្រោង​បោះទុន​លើ​វិស័យ​កសិកម្ម​កម្ពុជា និង​ប្រមូល​ទិញ​ផ្លែឈើ​ស្រស់​នាំ​ចេញទៅ​ចិន​
ជាតិ
ក្រុមហ៊ុន​ចិន​មួយ គ្រោង​បោះទុន​លើ​វិស័យ​កសិកម្ម​កម្ពុជា និង​ប្រមូល​ទិញ​ផ្លែឈើ​ស្រស់​នាំ​ចេញទៅ​ចិន​
25, Aug 2020 , 9:59 pm        
រូបភាព
ភ្នំពេញ​៖ ក្រុមហ៊ុន​ចិន​មួយ គ្រោង​បោះទុន​លើ​វិស័យ​កសិកម្ម​កម្ពុជា និង​ប្រមូល​ទិញ​ផ្លែឈើ​ស្រស់​នាំ​ចេញទៅ​ចិន​។​លោក Wang Bingham អគ្គនាយក​ក្រុមហ៊ុន​ធៀន ធៀន បាន​លើកយក​គម្រោង​វិនិយោគ​នេះ ទៅ​ពិភាក្សា​ជាមួយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​២៤ សីហា​។​

 
​លោក Wang Bingham បាន​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​ផលិតផល និង​គុណភាព​នៃ​ផ្លែឈើ​កម្ពុជា​ខ្លះ​ហើយ ក្នុងនោះ​រួមមាន ផ្លែស្វាយ មៀន ខ្នុរ ធុ​រេ​ន ដូងក្រអូប និង​ក្រូចថ្លុង​ជាដើម​។ ក្រោយ​សិក្សា​លើ​កសិផល​ទាំងនោះ​ហើយ ទើប​ធ្វើឱ្យ​លោក Wang Bingham មាន​ទំនុកចិត្ត​ចង់​បោះទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​នេះ​តែម្ដង​។​
 
​មិនតែប៉ុណ្ណោះ​អគ្គនាយក​ក្រុមហ៊ុន​ចិន​រូបនេះ ក៏មាន​ជំនឿ​ចិត្ត​ថា ការវិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា នឹង​ទទួលបាន​ការគាំទ្រ និង​មាន​ទីផ្សារ​ខ្ពស់​នៅ​ប្រទេស​ចិន​ផងដែរ តាមរយៈ​ការប្រមូល​កសិផល​កម្ពុ​ជា យកទៅដាក់​លក់​នៅលើ​ប្រព័ន្ធ​ទីផ្សារ​ពាណិជ្ជកម្ម​ព័ត៌មាន​វិជ្ជា​ផ្ទាល់​របស់​ក្រុមហ៊ុន​។ នេះ​បើតាម​ក្រសួងកសិកម្ម ដែល​បាន​ស្រង់​សម្តី​លោក Wang Bingham មក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​។​
 
​លោក វេ​ង សាខុន គាំទ្រ​ចក្ខុវិស័យ​របស់​អគ្គនាយក​ក្រុមហ៊ុន​ចិន​នេះ ព្រោះ​គម្រោង​វិនិយោគ​វិស័យ​កសិកម្ម ស្របតាម​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​ក្រសួង ក្នុងការ​ជំរុញ​ផលិតផល​កសិកម្ម​ក្នុងស្រុក តាមរយៈ​ការធ្វើ​ទំនើបកម្ម​កសិកម្ម ការកែច្នៃ វេច​ខ្ចប់ និង​នាំចេញ ដែល​វា​នឹង​ជួយ​ជំរុញ​ដល់​ខឿន​សេដ្ឋកិច្ចជាតិ​។​
 
​ដើម្បីឱ្យ​គ​ម្រោ​នេះ​ទទួលបាន​ជោគជ័យ អគ្គនាយក​ក្រុមហ៊ុន​ធៀន ធៀន ក៏បាន​ស្នើសុំ​យោបល់​ពី​លោក​រដ្ឋមន្ត្រី​កសិកម្ម វេ​ង សាខុន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ប្រមូល​ទិញ និង​នីតិវិធី​នៃ​ការនាំចេញ​ផលិតផល​ខាងលើ​ទៅ​ប្រទេស​ចិន​ផងដែរ​។​
 
​ចំពោះ​បញ្ហា​នេះ លោក វេ​ង សាខុន ក៏បាន​ប្រាប់​ឱ្យ​ក្រុមហ៊ុន​នេះ សហការ​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ,​អគ្គនាយកដ្ឋាន​កសិក​ម្ម ,​នាយកដ្ឋាន​សហប្រតិបត្តិ​កា​អន្តរជាតិ និង​នាយកដ្ឋាន​កសិឧស្សាហកម្ម សិក្សា​ស្វែងយល់​បន្ថែម​អំពី​សក្តា​នុ​ពុល​នៃ​ផលិតកម្ម​ឈើ​ហូប​ផ្លៃ​ខាងលើ​សិន មុននឹង​រៀបចំ​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង​។​
 
​កាលពីពេល​ថ្មីៗ​នេះ ចិន​ក៏បាន​អនុញ្ញាតឱ្យ​កម្ពុជា​នាំចេញ​ចេកអំបូង​លឿង និង​ស្វាយ​ស្រស់​ឆ្ពោះ​ត្រង់​ទៅកាន់​ប្រទេស​ចិន​ផងដែរ ក្រៅពី​ការបង្កើន​កូតា​នាំចូល​អង្ករ​៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ពី​កម្ពុជា​។ នេះ​បើតាម​លោក វេ​ង សាខុន​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com