COVID-19
អន្តរជាតិ
ការកើនឡើង COVID-19 បានបង្ខំឲ្យកូរ៉េខាងត្បូងបិទសាលានៅសេអ៊ូល និងតំបន់ជុំវិញម្ដងទៀត គ្រូបង្រៀនកូរ៉េខាងត្បូងម្នាក់ បានបង្រៀនសិស្សតាមអនឡាញនៅក្នុងសាលារៀនមួយ ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។ រូបភាព៖ Reuters
× ក្រសួងអប់រំកូរ៉េខាងត្បូង នៅថ្ងៃទី២៥ សីហា បានសម្រេចបិទសាលារៀនក្មេងៗទាំងអស់ នៅក្នុងទីក្រុងសេអ៊ូល និងនៅតំបន់ផ្សេងទៀត បន្ទាប់ពីករណីឆ្លង COVID-19 បានហក់ឡើងជាថ្មីនៅក្នុងប្រទេស។ ការបិទសាលារៀនបែបនេះ គឺដើម្បីទប់ស្កាត់ COVID-19។
ករណីឆ្លង COVID-19 នៅកូរ៉េខាងត្បូងមួយរយៈចុងក្រោយនេះ គឺបានកើនឡើងសារជាថ្មី។ នៅថ្ងៃទី២៥ ខែសីហា កូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីឆ្លង ២៨០ករណី ក្នុងនោះ ២៦៤ករណី គឺជាករណីឆ្លងក្នុងស្រុក។ បើតាមការអះអាងរបស់មជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងCOVID-19 (KCDC) ពីរថ្ងៃជាប់គ្នាមកហើយ ដែលកូរ៉េខាងត្បូងមានករណីឆ្លងCOVID-19 ធ្លាក់មកក្រោម៣០០ករណី។
ភាគច្រើននៃករណីឆ្លងCOVID-19 ថ្មី គឺមាននៅទីក្រុងសេអ៊ូល ទីក្រុងIncheon ខេត្ត Gyeonggi ដែលព័ទ្ធជុំវិញរដ្ឋធានី ខណៈខេត្តក្រុងផ្សេងទៀត ក៏បានប្រកាសរកឃើញករណីឆ្លងថ្មីផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
ពាក់ព័ន្ធនឹងករណីឆ្លងCOVID-19 នៅតែបន្តកើនឡើងបែបនេះ ក្រសួងអប់រំកូរ៉េខាងត្បូង បានប្រកាសថា សាលារៀនសម្រាប់ក្មេងៗរួមមានថ្នាក់មត្តេយ្យនៅក្នុងទីក្រុងសេអ៊ូល ទីក្រុងIncheon និងខេត្ត Gyeonggi ត្រូវរៀនតាមអនឡាញរហូតដល់ថ្ងៃទី១១ ខែកញ្ញាខាងមុខ។ សាលារៀនទាំងអស់នេះ ត្រូវបិទចាប់ពីថ្ងៃទី២៦ ខែសីហា តទៅ ដើម្បីបង្ការករណីឆ្លង និងទប់ស្កាត់ COVID-19។
យ៉ាងណាក៏ដោយ ការបិទសាលារៀន គឺមិនអនុវត្តលើសិស្សវិទ្យាល័យ ដែលត្រូវប្រលងចូលសកលវិទ្យាល័យ នៅខែធ្នូខាងមុខទេ។ សព្វថ្ងៃ កូរ៉េខាងត្បូង បានដាក់បម្រាមរឹតត្បិតកម្រិតពីរនៅទូទាំងប្រទេស ក្នុងចំណោម៣កម្រិត។ ការរឹតត្បិតកម្រិត៣ គឺជាការចាប់បង្ខំឲ្យប្រជាជនគោរពវិធានរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ COVID-19។
កន្លងទៅ កូរ៉េខាងត្បូង បានពន្យារពេលបើកសាលារៀនជាច្រើនខែ ដោយសារកូរ៉ូណាវីរុស។ ទើបតែនៅចុងខែឧសភាទេ ទើបកូរ៉េខាងត្បូង បានបើកសាលារៀនឡើងវិញ។ គិតមកត្រឹមថ្ងៃទី២៥ ខែសីហា កូរ៉េខាងត្បូងមានករណីឆ្លង COVID-19 សរុបចំនួន ១៧៩៤៥ករណី អ្នកស្លាប់មានចំនួន ៣១០ និងអ្នកជាសះស្បើយមានចំនួន ១៤២៨៦នាក់៕
Tag:
កូរ៉េខាងត្បូង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com