ជាតិ
រដ្ឋមន្ត្រី​កសិកម្ម ស្នើឱ្យ​កូរ៉េ​ជួយ​បង្កើត​ទីផ្សារ​បោះ​ដុំ​កសិផល​កម្ពុជា​
26, Aug 2020 , 10:29 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ជួបលោក Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី២៦ សីហា ២០២០។
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ជួបលោក Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី២៦ សីហា ២០២០។
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បានស្នើ​ឱ្យ​កូរ៉េ​ជួយ​បង្កើត​ទីផ្សារ​បោះ​ដុំ​កសិផល និង​បង្កើន​ផលិតភាព​កសិកម្ម​កម្ពុ​ជា​។ លោក វេ​ង សាខុន លើកឡើង​បែបនេះ នៅក្នុង​ជំនួប​លោក Park Heung-kyeong ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៦ សីហា​នេះ​។​

 
​រដ្ឋមន្ត្រី​កសិកម្ម បាន​លើកយក​បញ្ហា​កសិកម្ម​ជាច្រើន​ចំណុច ដែល​ត្រូវ​ការឱ្យ​កូរ៉េ​ជួយ​ដោះស្រាយ ដើម្បី​ជួយ​ឱ្យ​វិស័យនេះ មានការ​រីកចម្រើន​ទៅមុខ​ថែមទៀត​។ ចំណុច​ដែល​លោក វេ​ង សាខុន ស្នើឱ្យ​កូរ៉េ​ជួយ​គាំទ្រ​លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម រួមមាន ការស្រាវជ្រាវ និង​ផលិត​ពូជ​ពោត ក្នុង​គោលបំណង​បង្កើន​ផលិតភាព​ផលិតកម្ម​ពោត​កម្ពុជា ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​សេចក្តីត្រូវការ​សម្រាប់​វិស័យ​ផលិតកម្ម​ចំណី​សត្វ , ការជំរុញ​ផលិតកម្ម​ដំឡូងបារាំង និង​ការផលិត​ពូជ ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ និង​កាត់បន្ថយ​ការនាំ​ចូល ។ ជាពិសេស​ជួយ​អភិវឌ្ឍ​វារីវប្បកម្ម​ទឹកសាប​-​ហេ​ដ្ឋា រចនាសម្ព័ន្ធ​គាំទ្រ​លើ​ផលិតកម្ម​បន្លែ (​ផ្ទះ​សំណាញ់ និង​ប្រព័ន្ធ​ស្រោចស្រព​) ដែល​បច្ចុប្បន្ន​វិស័យនេះ កំពុងមាន​និន្នាការ​ខ្លាំង ដែល​ស្របតាម​ភាព​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​។​
 
​មិនតែប៉ុណ្ណោះ​លោក វេ​ង សាខុន ក៏​ស្នើឱ្យ​កូរ៉េ​ជួយ​រៀបចំ​បង្កើត​ទីផ្សារ​បោះ​ដុំ​កសិផល​កម្ពុជា ជាពិសេស​បន្លែ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ដែលមាន​សក្តានុពល​។​ល​។​
 
«​សង្ឃឹម និង​ជឿជាក់ថា​រដ្ឋាភិបាល​កូរ៉េ តាមរយ​:​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​នឹង​បន្ត​ជួយ​គាំទ្រ ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត​នាពេល​អនាគត​»​។ នេះ​ជាការ​លើកឡើង​របស់លោក វេ​ង សាខុន​។​
 
​លោក Park Heung-kyeong សន្យា​ជួយ​គាំទ្រ​នូវ​រាល់​សកម្មភាព​គម្រោង​នានា ដែល​កំពុង​អនុវត្ត​ឱ្យ​ដំណើរការ​ទៅដោយ​រលូន និង​សម្រេច​ទទួលបាន​ជោគជ័យ នៅក្នុង​អាណត្តិ​លោក ជា​អគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា​នេះ​។ លោក Park Heung-kyeong ក៏​នឹង​យក​សំណើ​របស់លោក វេ​ង សាខុន ដែល​ស្នើសុំ​ជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ទៅពិនិត្យ​ពិចារណា​ឲ្យ​បាន​ស៊ីជម្រៅ​សិន ដើម្បី​ឈានដល់​គាំទ្រ​ជា​ជំហានៗ​តាម​ការចាំបាច់ ក្នុង​បំណង​ចូលរួម​អភិវឌ្ឍ​វិស័យនេះ​ឲ្យ​មានការ​រីកចម្រើន សមស្រប​តាម​បរិបទ​នៃ​ការប្រកួតប្រជែង​ទីផ្សារ កំណើនប្រជាជន និង​កំណើនសេដ្ឋកិច្ច​។ 
 
«​វិស័យ​កសិកម្ម​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​»​។ នេះ​ជាការ​លើកឡើង​របស់​អគ្គ​រដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា ដែល​ត្រូវបាន​លោក វេ​ង សាខុន ស្រង់​មក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​។​
 
​កន្លងមក​រដ្ឋាភិបាល​កូរ៉េ បាន​ជួយ​ដល់​កម្ពុជា លើ​គម្រោង​ចំនួន ៣៦ ដែល​កំពុង​អនុវត្ត និង​គម្រោង​ខ្លះទៀត ត្រូវបាន​បញ្ចប់​នោះ​រួមមាន ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ,​គម្រោង​ជួយ​លើក​កំពស់​ផលិតភាព​ផលិតកម្ម និង​ពូជ​ដំឡូងបារាំង​នៅ​ខេត្ត​មណ្ឌល​គី​រី ដែល​សហការ​អនុវត្ត​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​, គម្រោង​បង្កាត់​ពូជ​ពោត​នៅ​ស្ថានីយ​បន្ទាយដែក​, គម្រោង​ជំរុញ​ផលិតកម្ម​បន្លែ​នៅ​ខេត្ត​មណ្ឌល​គី​រី​, អគារ​អន្តេវាសិកដ្ឋាន​ថ្មី​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​កសិកម្ម​តា​ស្អាង ខេត្តស្វាយរៀង​ជាដើម​។​
 
​សូមបញ្ជាក់ថា រដ្ឋាភិបាល​កូរ៉េ ក៏បាន​អនុញ្ញាតឱ្យ​កម្ពុជា​នាំ​ផលិតផល​កសិកម្ម​១៨​ប្រភេទ​ចូល​ទីផ្សារ​ខ្លួន​ផងដែរ​។ កសិផល​កម្ពុជា​ទាំង ១៨​ប្រភេទ ដែល​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​កូរ៉េ​រួមមាន​៖ គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់​ក្រៀម ដំណាប់​ស្វាយ ស្វាយ​ស្រស់ ចំណិត​ផ្លែ ញ​ក្រៀម ម្សៅ​ញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់​ផ្លែ​ម្នាស់ ផ្សិត​លីង​ជឺ សណ្តែក​ផ្កាយ ស្លឹក​ទៀបបារាំង ម្សៅ​ម្រុំ និង​ស្លឹកគ្រៃ​។ បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​កសិកម្ម​កម្ពុជា ក៏​កំពុង​ដាក់ពាក្យ​ស្នើសុំ​នាំចូល​កសិផល​២​ប្រភេទ​ទៀត ចូល​ទីផ្សារ​កូរ៉េ​ផងដែរ​៕

Tag:
 វេ​ង សាខុន​
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com