ភ្នំពេញ៖ វៀតណាម បានរុះរើតង់ហើយ ដោយងាកមកសង់សំណងរឹងវិញ នៅតំបន់«ស» ជាប់ព្រំដែនខេត្តកណ្ដាល ប្រទេសកម្ពុជា។ នេះបើតាមលិខិតរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលបានផ្ញើលិខិតទៅកាន់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី២៦ សីហា។
លោក ឈឿន សុចិត្ត ដែលបានដឹកនាំកម្លាំងជាង១០នាក់ ចុះទៅពិនិត្យទីតាំងចាស់របស់យោធាការពារព្រំដែនវៀតណាម ប៉ុស្តិ៍៩២៥វិញសឿង នោះ បានរកឃើញថា វៀតណាមបានរុះរើតង់ហើយ ប៉ុន្តែងាកទៅសង់ជម្រករឹងមាំថ្មីវិញ។ របាយការណ៍ដែល ស្នងការខេត្តរូបនេះ បានរៀបរាប់ប្រាប់ទៅអភិបាលខេត្តកណ្ដាលថា សំណង់រឹងថ្មី ដែលវៀតណាមកំពុងសាងសង់នេះ គឺធ្វើអំពីឈើ សសរថ្ម មានកម្ពស់៣ម៉ែត្រ ទំហំ២០ម៉ែត្រការ៉េ ដោយដំបូលប្រក់ស័ង្កសី ដែលមានចម្ងាយឃ្លាតពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ប្រមាណ១២០ម៉ែត្រប៉ុណ្ណោះ។ ទីតាំងដែលវៀតណាមសាងសង់ជម្រករឹងនេះ ស្ថិតនៅក្នុងភូមិភូរី ឃុំភូឡុក ស្រុកទិនចូវ ខេត្តអានយ៉ាង ទល់នឹងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។
លិខិតស្នងការខេត្តកណ្ដាល លោក ឈឿន សុចិត្ត បានបញ្ជាក់ដូច្នេះថា៖«កម្លាំងទាំង៣អង្គភាព(កម្ពុជា)ខាងលើ បានទៅជួបជាមួយប្រធានប៉ុស្តិ៍៩២៥វិញសឿង ដើម្បីទាមទារឱ្យភាគីវៀតណាមបញ្ឈប់សកម្មភាពសាងសង់តង់ថ្មីខាងលើនេះ ប៉ុន្តែភាគីវៀតណាមបានបញ្ជាក់ថា គេធ្វើតាមបញ្ជាថ្នាក់លើរបស់គេ ហើយថ្នាក់លើរបស់គេមានគម្រោងសាងសង់តង់ថ្មី(ជម្រករឹង)ប្រមាណ៤គោលដៅ លើ១០គោលដៅចាស់ ដែលមានស្រាប់»។
កាលពីថ្ងៃទី២៦ សីហា លោកអភិបាលស្រុកលើកដែក និងកម្លាំងពាក់ព័ន្ធក្នុងខេត្តកណ្ដាល ក៏បានចុះត្រួតពិនិត្យទីតាំងខាងលើ ដោយបានស្នើសុំឱ្យវៀតណាមបញ្ឈប់សកម្មភាពនេះម្ដងទៀតដែរ ប៉ុន្តែភាគីវៀតណាម នៅតែមិនព្រមឯកភាពតាមសំណើកម្ពុជាឡើយ ពោលគឺពួកគេនៅតែបន្តការសាង់សង់ដដែល។
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ជុំវិញករណីនេះនៅឡើយទេ។ ចំណែកលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏មិនលើកទូរស័ព្ទដែរ។
គួរបញ្ជាក់ថា យោធាវៀតណាម បានបោះតង់ចំនួន៣១ នៅតាមបណ្តោយព្រំដែនក្នុងខេត្តកណ្តាល តាំងពីអំឡុងខែមីនា ឆ្នាំ២០២០។ ហើយអភិបាលខេត្តកណ្តាល បានសរសេរលិខិតជូនទៅខេត្តអានយ៉ាង ដើម្បីសុំឲ្យរុះរើតង់ទាំងនោះ នៅថ្ងៃទី២៩ ខែមេសាដែរ។
មិនតែបណ្ណោះ ក្រសួងការបរទេសកម្ពុជា ក៏បានធ្វើកំណត់ទូត ទៅកាន់ស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីស្នើឲ្យរុះរើតង់ទាំងនោះវិញ កាលពីថ្ងៃទី១៣ ខែឧសភាដែរ។ ក្រោយផ្ញើកំណត់ទៅ ស្ថានទូតវៀតណាម ក៏បានធ្វើកំណត់ទូតមកវិញ ដោយសន្យាថា នឹងរុះរើតង់ទាំងនោះវិញ។
នៅថ្ងៃទី១៣ ខែឧសភា លោក ង្វៀន ថាញ់ ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានផ្ញើលិខិតជូនមកលោក គង់ សោភ័ណ្ឌ វិញ ដោយលើកហេតុផលថា ការដែលវៀតណាមបោះតង់តាមបណ្តោយខ្សែព្រំដែន គឺដើម្បីទប់ស្កាត់ការធ្វើដំណើរចូលទៅវៀតណាម ដែលអាចបង្កការឆ្លងជំងឺកូវីដ១៩។ ក្នុងលិខិតនោះ ភាគីវៀតណាម ប្រាប់អភិបាលខេត្តកណ្តាលថា ការបោះតង់ទាំងនោះ គឺគ្រាន់តែជាការងារបណ្តោះអាសន្ន៕