ជាតិ
សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ចែករំលែក​សេចក្តីព្រាងច្បាប់​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ដែល​អ្នកជំនាញ​អាមេរិក​ចូលរួម​ផ្តល់យោបល់​
28, Aug 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ កម្មវិធី​ទូរស័ព្ទ Instagram Snapchat Twitter Facebook Google និង Messenger នៅ​លើ​អេក្រង់ទូរស័ព្ទ​ទំនើប​មួយ ដែល​បាន​ថត​នៅ​ថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៩។
រូបឯកសារ៖ កម្មវិធី​ទូរស័ព្ទ Instagram Snapchat Twitter Facebook Google និង Messenger នៅ​លើ​អេក្រង់ទូរស័ព្ទ​ទំនើប​មួយ ដែល​បាន​ថត​នៅ​ថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៩។
ដោយ: VOA
​ភ្នំពេញ ៖ អង្គការ​សង្គម​ស៊ីវិល​ជាង​៥០០ បានដាក់​លិខិត​មួយច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បី​ស្នើសុំ​សេចក្តីព្រាងច្បាប់​ស្តីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ពួកគេ​បង្ហាញ​ក្តី​ព្រួយបារម្ភ​ថា ច្បាប់​នេះ នឹង​រឹតបន្តឹង​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ជាពិសេស​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលមាន​អ្នកប្រើប្រាស់​ដល់​ទៅជិត​៩​លាន​នាក់ ក្នុងប្រទេស​កម្ពុជា​។​

 
​ក្នុង​លិខិត​មួយច្បាប់​ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ និង​បានដាក់​ទៅ​ក្រសួងមហាផ្ទៃ​ជាង​២​សប្តាហ៍​មកហើយ​នោះ សង្គម​ស៊ីវិល​ដែលមាន​គណៈកម្មាធិការ​សហប្រតិបត្តិការ ដើម្បី​កម្ពុជា​ហៅ​កាត់​ថា CCC ជា​តំណាង បាន​ស្នើសុំ​ជួបពិភាក្សា​លើ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ ក្នុងនោះ​មាន​សេចក្តីព្រាងច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ និង​សេចក្តីព្រាងច្បាប់​ស្តីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ក្នុង​គោលបំណង​ដើម្បី​យក​ធ្វើជា​មូលដ្ឋាន​នៃ​ការសិក្សា វិភាគ និង​រួមចំណែក​ដើម្បី​ផ្តល់​ជា​ធាតុ​ចូល​។​
 
​លិខិត​របស់​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់ថា​៖ «​បច្ចុប្បន្ននេះ អង្គការ​សង្គម​ស៊ីវិល អ្នកសិក្សា​ស្រាវជ្រាវ និង​មហាជន​ទូទៅ ជាពិសេស​អ្នកប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​នៅ​កម្ពុជា ក៏​បាននិងកំពុង​ទន្ទឹង​រង់ចាំ​មើល និង​ចង់​ឈ្វេងយល់​នូវ​ខ្លឹមសារ​ពិតប្រាកដ​ជាក់ស្តែង​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ទើបតែ​ត្រូវ​បានបញ្ចប់​ការពិភាក្សា​លើ​សេចក្តីព្រាង​សូន្យ​រវាង​ក្រុមការងារ​អន្តរ​អគ្គនាយកដ្ឋាន​នៃ​ក្រសួងមហាផ្ទៃ​កន្លងទៅ​ថ្មីៗ​នេះ​»​។​
 
​នាយក​ប្រតិបត្តិ​នៃ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​លោក សឿង សារឿន ថ្លែងប្រាប់ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មាន​អង្គការ​ជាង​៥០០ ដែលជា​សមាជិក​នៃ​អង្គការ​របស់លោក បាន​ស្នើសុំ​សេចក្តីព្រាងច្បាប់​ស្តីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះ ដោយសារ​ពួកគេ​ចង់​ឲ្យ​ច្បាប់​មួយ​នេះ គោរព​ទៅតាម​ស្តង់ដារ ដែល​ធានា​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ស្របតាម​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា​។ លោក​បន្តថា នេះ​ជាការ​ស្នើសុំ​លើក​ទី​ពីរ​ហើយ ដោយ​កាលពី​ជាង​មួយ​ឆ្នាំមុន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានស្នើ​សុំ​សេចក្តីព្រាងច្បាប់​នេះ ប៉ុន្តែ​មិនមាន​ការឆ្លើយតប​ជា​ផ្លូវការ​ណា​ពី​ក្រសួងមហាផ្ទៃ​នោះទេ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​អង្គការ​សង្គម​ស៊ីវិល​គាត់​ចង់​ចូលរួម​មើល​ខ្លឹមសារ​ច្បាប់​ហ្នឹង​បន្ថែមទៀត​ដើម្បី​ជួយ​ឲ្យ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ហ្នឹង​មាន​សុគត​ភាព​ទៅនឹង​រដ្ឋធម្មនុញ្ញ​រប​ស់​ជាតិ​យើង ក៏ដូចជា​ច្បាប់​នានា​ដែរ ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន​កន្លង​មក​ហ្នឹង​»​។​
 
​លោក​បន្តថា សង្គម​ស៊ីវិល​ចង់​ផ្តល់​ធាតុ​ចូល​សម្រាប់​សេចក្តីព្រាងច្បាប់​នេះ  ហើយ​វា​ជា​ពេលវេលា​សំខាន់​មួយ ដោយសារ​អវត្តមាន​គណបក្សប្រឆាំង​នៅក្នុង​រដ្ឋសភា​ក្នុងការ​ត្រួតពិនិត្យ​សេចក្តីព្រាងច្បាប់​នេះ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ហើយ​ខ្ញុំ​គិតថា វា​ជា​រដូវ​មួយ​សំខាន់​ណាស់​ដែល​សាធារណជន​យល់ថា ការតាក់តែង​ច្បាប់​បច្ចុប្បន្ននេះ វា​ជា​សភា​ឯក​បក្ស ហើយ​បើសិនជា​មិន​បើកឱកាស​ឲ្យ​មានការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល និង​សាធារណជន​ទេ​អា​តម្លៃ​នៃ​ការដឹកនាំ​បែប​ឯក​បក្ស​ហ្នឹង វា​មិនសូវ​ជាមាន​ប្រជាប្រិយភាព​អី​ទៅមុខទៀត​ទេ​»​។​
 
​លោក អ៊ុ​ល វ៉ាន់ ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) ដែល​ធ្វើ​ការងារ​លើកកម្ពស់​សិ​ទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ​តាម​ប្រព័ន្ធ​សង្គម មានប្រសាសន៍ថា លោក​ព្រួយបារម្ភ ប្រសិនបើ​មានការ​ចែង​ដាក់ទោស​ទណ្ឌ​លើ​អ្នកប្រើប្រាស់​ប្រព័ន្ធ​សង្គម និង​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​សិទ្ធិ​របស់គាត់​ក្នុងការ​ទាមទារ​យុត្តិធម៌​សង្គម​ជាដើម​។​
 
​លោក​មានប្រសាសន៍ថា​៖ «​សម្រាប់​យើង​ក្នុងនាម​ជា​អ្នកធ្វើការងារ​លើកកម្ពស់​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ  យើង​មានការ​បារម្ភ​ថា សេចក្តីព្រាងច្បាប់​នេះ អាច​នឹងត្រូវ​បានធ្វើ​ឡើង​ដោយ​ដាក់បញ្ចូល​នូវ​ចំណុច​ដែល​អាច​រឹតត្បិត​ទៅដល់​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ជាពិសេស​សិទ្ធិសេរីភាព​បញ្ចេញមតិ  សិទ្ធិសេរីភាព​នៅក្នុង​កា​រ​ចូលរួម​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ដែល​យើង​មើលឃើញ​កន្លងមក​ហ្នឹង​»​។​
 
​លោក​បន្ថែមថា បើទោះជា​កម្ពុជា មិនទាន់មាន​ច្បាប់​នេះ  រដ្ឋាភិបាល​បាន​ប្រើប្រាស់​ក្រមព្រហ្មទណ្ឌ​ដាក់ទោស​ទណ្ឌ​លើ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត ដោយមាន​ការព្រមាន និង​ចាប់​ដាក់ពន្ធនាគារ​ជាដើម​។​
 
​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មើលឃើញថា រដ្ឋាភិបាល​ជាពិសេស​ក្រសួងមហាផ្ទៃ​ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​ដទៃទៀត​ហ្នឹង គួរតែ​ធ្វើការ​អប់រំ ក៏ដូចជា​ណែនាំ​ប្រជាពលរដ្ឋ​ដែល​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ហ្នឹង​ឲ្យ​សមរម្យ  ប្រកបដោយ​សីលធម៌ ជាជាង​ការចាត់​នូវ​វិធានការ​ច្បាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​»​។​
 
​កាលពី​ឆ្នាំ​២០១២ សេចក្តីព្រាងច្បាប់​ស្តីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះ ត្រូវបាន​បែកធ្លាយ​ហើយ​សង្គម​ស៊ីវិល​បាន​យកមក​ពិភាក្សា ដោយ​រកឃើញ​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​។ ប៉ុន្តែ​កាលនោះ រដ្ឋាភិបាល​មិនបាន​បញ្ជាក់ថា តើ​ជា​សេចក្តីព្រាងច្បាប់​ផ្លូវការ ឬ យ៉ាងណា​នោះទេ​។  ក្រោយមក ក្នុង​ឆ្នាំ​២០១៤ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ការពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​ទម្លាក់ចោល​។​
 
​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​ធ្វើ​សេចក្តីព្រាងច្បាប់​នេះ  ថ្លែងប្រាប់ VOA ថា សេចក្តីព្រាងច្បាប់​នេះ ស្ថិតក្នុង​ដំណាក់កាល​ពិភាក្សា​ក្នុងចំណោម​មន្ត្រី​ជំនាញ​របស់​ក្រសួងមហាផ្ទៃ​នៅឡើយ​ទេ​ដែល​លោក​ថា មិនទាន់​ជា​សេចក្តីព្រាង​ផ្លូវការ​នៅឡើយ ដូច្នេះ​ក្រសួង​មិនទាន់​អាច​ចែករំលែក​ដល់​អង្គការ​សង្គម​ស៊ីវិល​បានទេ​។ លោក​បន្តថា មិនគួរ​មានការ​រិះគន់​ទៅលើ​សេចក្តីព្រាង​នេះ នៅពេលនេះ​ទេ ដោយសារ​វា​គ្រាន់តែ​ជា​សេចក្តីព្រាង មិនទាន់​ផ្លូវការ​នៅឡើយ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​គាត់​បារម្ភ​អត់​ទាន់​ត្រូវ​ទេ ដោយសារ​វា​អត់​ទាន់​ចេញ​ជា​សេចក្តីព្រាង​ផ្លូវការ​។ បើ​ចេញ​ជា​សេចក្តីព្រាង​ផ្លូវការ ចាំ​គាត់​យកមក​បារម្ភ​ថា សុំចូល​រួម​មតិ​អី អាហ្នឹង​គេ​អាច​នឹងមាន​រៀបចំ​ជា​សិក្ខាសាលា​ថ្នាក់ជាតិ ឬ ក៏មាន​ការរៀបចំ​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល​អីហ្នឹង​។ សំខាន់ វា​ទាល់​ដល់​ដំណាក់កាល​ហ្នឹង បាន​គាត់​អាច​ដឹងថា សេចក្តីព្រាង​ហ្នឹង​វា​យ៉ាងម៉េច​»​។​
 
​លោក​បន្តថា ការរៀបចំ​សេចក្តីព្រាង​ច្បាប់​នេះ ក៏មាន​ជំនួយ​បច្ចេកទេស​ពី​ក្រសួងយុត្តិធម៌​របស់​ស​ហ​រដ្ឋ​អាមេរិក និង​ការពិគ្រោះ​យោបល់​ពី​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ផងដែរ រួមមាន Google និង Amazon ជាដើម​។​
 
​អ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក Chad Roedemeier មានប្រសាសន៍ថា កាលពី​ពាក់កណ្តាល​ខែមិថុនា អ្នកជំនាញ​មកពី​ក្រសួងយុត្តិធម៌​អាមេរិក បាន​ដឹកនាំ​សិក្ខាសាលា​មួយ ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ ដោយមាន​ការផ្តល់​មតិ​យោបល់​ពី​តំណាង​របស់​ក្រុមហ៊ុន​មួយចំនួន ស្តីពី​ការអនុវត្ត​ល្អ​បំផុត ដើម្បី​ធានាថា ច្បាប់​នេះ​ការពារ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត និង​ការពារ​សុចរិត​ភាព​របស់​បណ្តា​ញ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​កម្ពុជា​។​
 
​របាយការណ៍​មួយ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចេញផ្សាយ​កាលពី​ចុងខែ​កក្កដា ឲ្យ​ដឹងថា នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​របាយការណ៍​ជាច្រើន​លើកឡើង​អំពី​វិធានការ​របស់​រដ្ឋាភិបាល​ធ្វើការ​រាំងខ្ទប់​គេហទំព័រ​ការ លុប​មាតិកា  ការត្រួតពិនិត្យ​លើ​ការ​ចងក្រង​បណ្តាញ ការយាយី​លើ​អ្នកការពារ​សិទ្ធិមនុស្ស​គណបក្សជំទាស់ អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ដែល​ធ្វើ​សកម្មភាព​របស់ខ្លួន​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​។ របាយការណ៍​នេះ បន្តថា រដ្ឋាភិបាល​បាន​ប្រើប្រាស់​ច្បាប់ ដែលមាន​ខ្លឹមសារ​ទូលំទូលាយ និង​មិន​ច្បាស់លាស់​ដើម្បី​រឹតត្បិត​សេរីភាព​ក្នុងការ​ជួបប្រជុំ និង​ចងក្រង​សមាគម​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com