សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រសួងការបរទេស​ចិន​ថា ប្រជាជន​ចិន​អាច​ឈប់​ប្រើ​ផលិតផល Apple បើ​អាមេរិក​បិទ WeChat
28, Aug 2020 , 10:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​២៨ ខែសីហា បាន​អះអាងថា ប្រជាជន​ចិន អាច​នឹង​ធ្វើពហិកា​ប្រើប្រាស់​ផលិតផល Apple ប្រសិនបើ​អាមេរិក ហ៊ាន​ហាមឃាត់​បណ្តាញ​សង្គម WeChat មិន​ឲ្យ​ប្រើប្រាស់​នៅក្នុង​ទឹកដី​អាមេរិក​។ ការព្រមាន​ពី​ការ​សងសឹក​ដាក់គ្នា​ទៅវិញទៅមក​បែបនេះ ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ធ្លាក់ចុះ​មួយកម្រិត​ទៀត​។


​នៅ​ដើម​ខែសីហា​កន្លងទៅ លោក ដូ​ណា​ល់ ត្រាំ បានចេញ​បញ្ជា​ប្រតិបត្តិ​មួយ ដែល​ហាមឃាត់​បណ្តាញ​សង្គម​របស់​ចិន WeChat ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា​តទៅ ដោយ​សំអាង​លើ​ហេតុផល​សន្តិសុខ​ជាតិ​។ ជា​ឆ្លើយតប ទីក្រុង​ប៉េកាំង បាន​អះអាងថា អ្នកប្រើប្រាស់​ចិន អាច​នឹង​ឈប់​ប្រើ​ផលិតផល​Apple ដូចគ្នា ប្រសិនបើ​អាមេរិក​ហ៊ាន​បិទ​WeChat​។ 
 
​សរសេរ​លើ​បណ្តាញ​សង្គម Twitter លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ព្រមាន​យ៉ាង​ដូច្នេះ​ថា​៖ « ប្រសិនបើ​កម្មវិធី WeChat ត្រូវ​ហាមឃាត់ នៅពេល​បន្ទាប់​វា​គ្មាន​ហេតុផល​អ្វីដែល​ជនជាតិ​ចិន​គួរ​បន្ត​ប្រើប្រាស់​ផលិតផល Iphone និង Apple នោះទេ​»​។ កន្លងមក​អ្នកនាំពាក្យ​រូបនេះ ក៏បាន​លើកឡើង​ពី​បញ្ហា​នេះដែរ ប្រសិនបើ​អាមេរិក​បិទ WeChat​។ 
 
​ដោយឡែក​ប្រជាជន​ចិន​មួយចំនួន​វិញ ក៏​យល់ឃើញ​ដូច​លោក Zhao ដែរ​។ សរសេរ​លើ​បណ្តាញ​សង្គម Weibo ជនជាតិ​ចិន​ម្នាក់ បាន​លើកឡើងថា មិន​ថា​ផលិតផល​Apple ល្អ​យ៉ាងណាទេ Apple នៅតែ​អាច​ជំនួស​បាន ប៉ុន្តែ WeChat គឺ​ខុសគ្នា​។ 
 
​នៅ​ចិន​គោក កម្មវិធី WeChat ត្រូវបាន​គេ​ស្គាល់​ថា​Weixin ដែលមាន​អ្នកប្រើប្រាស់​ចំនួន ១,២​ពាន់​លាន​នាក់​។ ចំណែក​ផលិតផល Apple ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​ចិន មាន​ចំនួន ៨​ភាគរយ​នៃ​ទូរ​សព្ទ​វៃឆ្លាត​សរុប​របស់​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​។ 
 
​សូមបញ្ជាក់ថា ក្រៅពី​កម្មវិធី​WeChat លោក​ត្រាំ​ក៏បាន​ចេញ​បញ្ជា​ប្រតិបត្តិ​ហាម TikTok បន្ត​ប្រតិបត្តិការ​នៅ​រយៈពេល​៤៥​ថ្ងៃ​ខាងមុខ ពោលគឺ​នៅ​ថ្ងៃទី​១៥ កញ្ញា​តទៅ បើ​ក្រុមហ៊ុន​មិន​ផ្លាស់ប្ដូរ​ម្ចាស់​ទេនោះ​៕

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com