ជាតិ
ស​.​ស​.​យ​.​ក ដាក់​ដំណើរការ​ប័ណ្ណ​សមាជិកភាព និង​កម្មវិធី App ដែល​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សមាជិក​
28, Aug 2020 , 7:15 pm        
រូបភាព
លោក ហ៊ុន ម៉ានី នា​កម្មវិធី​បើក​ដំណើរការ​ប័ណ្ណ​សមាជិកភាព និង​កម្មវិធី App ស​.​ស​.​យ​.​ក
លោក ហ៊ុន ម៉ានី នា​កម្មវិធី​បើក​ដំណើរការ​ប័ណ្ណ​សមាជិកភាព និង​កម្មវិធី App ស​.​ស​.​យ​.​ក
ភ្នំពេញ៖ នៅ​ល្ងាច​ថ្ងៃទី​២៨ សីហា​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានដាក់​ឲ្យ​ដំណើរការ​ប័ណ្ណ​សមាជិកភាព និង​កម្មវិធី App ស​.​ស​.​យ​.​ក​។ កម្មវិធី​បើក​ដំណើរការ​ប័ណ្ណ​សមាជិកភាព និង​កម្មវិធី App ស​.​ស​.​យ​.​ក នេះ រៀបចំឡើង​ក្នុង​គោលបំណង​បង្ហាញ​ប័ណ្ណ​សមាជិកភាព​ទម្រង់​ថ្មី​ដែល​រចនា​យ៉ាង​ពិសេស​ប្រកបដោយ​ភាព​ទាក់ទាញ​សម្រាប់​ផ្តល់ជូន​ដល់​សមាជិក រួម​ជាមួយនឹង​កម្មវិធី App ស​.​ស​.​យ​.​ក​. ដែល​នឹង​ក្លាយជា​បណ្តាញ​ទំនាក់ទំនង​ថ្មី​មួយ មាន​មុខងារ​ផ្សេងៗ​បម្រើ​អត្ថប្រយោជន៍​ដល់​សមាជិក។



​បើតាម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ការរៀបចំ​ជា​ប័ណ្ណ​សមាជិកភាព​ទម្រង់​ថ្មី និង​កម្មវិធី «App» ស​.​ស​.​យ​.​ក​. នេះ ធ្វើឡើង​ក្នុង​គោលបំណង ថ្លែងអំណរគុណ និង​ទទួលស្គាល់​ចំពោះ​ការចូលរួម​ឥត​ស្រាក​ស្រាំ​របស់​សមាជិក​គ្រប់ៗ​រូប ដែល​ខិតខំ​ប្រឹងប្រែង​រួមគ្នា​លើ​ដំណើរ​បេសកកម្ម​ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ​កន្លងមក និង​ទៅ​អនាគត​។ ជាមួយគ្នានេះ ដើម្បី​ផ្តល់​ជា​វេទិកា​ថ្មី​មួយ ផ្សារភ្ជាប់​យុវជន សមាជិក ស​.​ស​.​យ​.​ក​. ទៅនឹង​ដំណើរ​វិ​វត្ត​នៃ​បច្ចេកវិទ្យា ក្នុង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។ 

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បន្ថែមថា ប័ណ្ណសមាជិក​ភាព​ទម្រ​ង់​ថ្មី និង​កម្មវិធី «App» ស​.​ស​.​យ​.​ក​.​នេះ ក៏​បង្ហាញ​ពី​មោទនភាព​របស់​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក​. ចំពោះ​អតីតកាល និង​សមិទ្ធផល​របស់ខ្លួន​នាពេល​កន្លងមក និង​ការបោះ​ជំហាន​ទៅ​អនាគត ជាមួយ​ទំនើប​ភាព​បច្ចេកវិទ្យា ជីវភាព​បែប​ថ្មី ក្នុង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​អនាគត​ប្រកបដោយ​ក្តីសង្ឃឹម​របស់​កម្ពុជា​។​



​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើកឡើងថា​៖ « កិត្តិនាម ការទទួលស្គាល់ និង​ភាព​ភាពជោគជ័យ​របស់ ស​.​ស​.​យ​.​ក​. គឺ​កើតចេញពី​ការចូលរួម​របស់​សមា​ជិ​ក សមាជិក ស​.​ស​.​យ​.​ក គ្រប់ៗ​រូប ក្នុងការ​ផ្តល់​ក្តី​ស្រលាញ់ លះបង់​ពេលវេលា ធនធាន​ផ្ទាល់ខ្លួន មក​ចូលរួម​ជាមួយគ្នា​សម្រេច​នូវ​ស្នាដៃ​មួយ​ដែល​កើតចេញពី​ការស្ម័គ្រចិត្ត ជាពិសេស​ការរួម​ដំណើរ​ជាមួយគ្នា ក្នុង​បេសកកម្ម បុព្វហេតុ​ជាតិ មាតុភូមិ​កន្លងមក និង​ទៅ​អនាគត​»​។  

​សូមបញ្ជាក់ថា ប​ណ្ណ័​សមាជិកភាព ស​.​យ​.​យ​.​ក​. ដែល​បាន​ដាក់ឱ្យ​ដំណើរការ​នេះ គឺជា​ប័ណ្ណ​សមាជិកភាព​ដំបូង​គេ នៃ​អង្គការ​/​សមាគម ដែលមាន​ទម្រង់​ជា​ប័ណ្ណសម្គាល់ខ្លួន​ផង និង​ជា​ប័ណ្ណ​ដែល​អាច​បម្រើឱ្យ​ការ​ទូរ​ទាត់​ចំណាយ​នានា​ផងដែរ​។ លើសពី​មុខងារ​ជា​ប័ណ្ណ​ផ្លូវការ​សម្រាប់​សម្គាល់​នូវ​អត្តសញ្ញាណ​របស់​សមាជិក សមាជិកា​ផ្ទាល់ ប័ណ្ណសមាជិក​ភាព​នេះ​ត្រូវបាន​រចនា​ឡើងជា​ទម្រង់ Pre-Paid UNIONPAY Card ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​អាច​ប្រតិបត្តិការ​សម្រាប់​ការទិញ​ទំនិញ​នានា នៅ​បណ្តា​ហាង​ទំនិញ ភោជនីយដ្ឋាន ដែលជា​ដៃគូរ​សហការ​ជាមួយនឹង​ការបញ្ចុះ​តម្លៃ​តាម​លក្ខខណ្ឌ​ដែល​បានកំណត់​៕ 



© រក្សាសិទ្ធិដោយ thmeythmey.com