ជាតិ
កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ភ្នំ​តា​ម៉ៅ អាច​ផលិត​ទឹកដោះគោ​ស្រស់​៦០០០​លីត្រ ក្នុង​មួយថ្ងៃ​
02, Sep 2020 , 8:59 am        
រូបភាព
រូបភាពពីលោក វេង សាខុន
រូបភាពពីលោក វេង សាខុន
ដោយ:
កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ភ្នំ​តា​ម៉ៅ អាច​ផលិត​ទឹកដោះគោ​ស្រស់ ប្រមាណ​៦​ពាន់​លីត្រ ក្នុង​មួយថ្ងៃ​។ នេះ​បើតាម​លោក គួច សុ​លី នាយក​ចាត់ការ​ទូទៅ ដែល​បាន​ប្រាប់​ទៅ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នា​ព​លេ​ទស្សនកិច្ច​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​នេះ កាលពី​ថ្ងៃទី ៣១ ខែសីហា​។​

 
​លោក គួច សុ​លី បានបញ្ជាក់​ប្រាប់​លោករ​ដ្ឋ​មន្ត្រី​កសិកម្ម​ទៀតថា កសិដ្ឋាន​របស់ខ្លួន មាន​ផ្ទៃដី​៣០០​ហិកតា ដែលមាន​គោ​ចំនួន ៥៦០​ក្បាល ស្ថិតនៅ​ភ្នំ​តា​ម៉ៅ ស្រុក​បាទី ខេត្តតាកែវ​។ ទីតាំង​នេះ មាន​បរិយាកាស​សមស្រប និង​អំណោយផល​សម្រាប់​ការចិញ្ចឹម​គោ​យក​ទឹកដោះ ដោយ​កសិដ្ឋាន មាន​ដាំ​ដុះ​ចំណី​គោ ដូចជា​ស្មៅ សណ្ដែកសៀង ពោត​ជាដើម​។​
 
​នា​ទស្សនកិច្ច​នោះ លោក  គួច សុ​លី បញ្ជាក់ទៀតថា កសិដ្ឋាន​របស់ខ្លួន​ប​ង្កើ​ត​ឡើង​នា ឆ្នាំ​២០១៨  ដោយបាន​នាំយក​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ វៃឆ្លាត និង​ចុង​ក្រោយមក​ប្រើ ក្នុងការ​ចិញ្ចឹម និង​ផលិត​ទឹកដោះ ដើម្បី​ធានា​គុណភាព សុវត្ថិភាព ឈានទៅ​ធានា​សុខភាព​អ្នក​បរិភោគ និង​អាហារូបត្ថម្ភ​សម្រាប់​កុមារ​។ 


 
​សម្រាប់ នាយក​គ្រប់គ្រង​ដដែល កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹកដោះ​របស់ខ្លួន បានរួម​ចំណែក​យ៉ាង​ធំ ក្នុងការ​ផ្គត់ផ្គង់​ផលិតផល​ទឹកដោះគោ​ស្រស់ និង​កែច្នៃ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​។ ដោយមាន​បច្ចេកទេស​ខ្ពស់​ក្នុង​ការផលិត កសិដ្ឋាន​នេះ មានការ​រំពឹង​ខ្ពស់​ចំពោះ​ភាពជោគជ័យ​របស់ខ្លួន ដោយ​រំពឹងថា​នៅ​ចុង​ឆ្នាំនេះ កសិដ្ឋាន​អាច​ផលិត​ទឹកដោះគោ​ស្រស់ ១ ម៉ឺន​លីត្រ​ក្នុង​មួយថ្ងៃ​។ 
​នៅ​កម្ពុជា​បច្ចុប្បន្ន មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ដោះ​មិន​ច្រើន​នោះទេ ដោយសារ​គោ​ប្រភេទ​នេះ​ទាមទារ​លក្ខខណ្ឌ​ខ្ពស់​ក្នុងការ​ចិញ្ចឹម ដូចជា ទីកន្លែង ចំណី ការ​មើលថែ ពិសេស​ត្រូវ​ប្រើ​ដើមទុន​ច្រើន​ក្នុងការ​ចិញ្ចឹម​៕  


គោយកទឹកដោះភ្នំតាម៉ៅ (រូបភាពលោក វេង សាខុន)


Tag:
 ទឹកដោះគោ
© រក្សាសិទ្ធិដោយ thmeythmey.com