COVID-19
អន្តរជាតិ
តៃវ៉ាន់ នឹងកែសម្រួលលិខិតឆ្លងដែនរបស់ខ្លួន ដើម្បីកុំឲ្យច្រឡំជាមួយចិន គំរូលិខិតឆ្លងដែនតៃវ៉ាន់ចាស់ (ខាងឆ្វេង) និងគំរូលិខិតឆ្លងដែនថ្មី។ រូបភាព៖ Reuters
× តៃវ៉ាន់ នឹងកែប្រែលិខិតឆ្លងដែនរបស់ខ្លួន ដើម្បីកុំឲ្យច្រឡំជាមួយចិនដីគោក។ នេះបើតាមការលើកឡើងរបស់ក្រសួងការបរទេសតៃវ៉ាន់ កាលពីដើមខែកញ្ញា។ ក្នុងអំឡុងពេល COVID-19 ប្រជាជនតៃវ៉ាន់ បានរងការយល់ច្រឡំមួយចំនួនជុំវិញពាក្យ «សាធារណរដ្ឋចិន» ដែលមាននៅលើលិខិតឆ្លងដែនរបស់ខ្លួន។ មនុស្សមួយចំនួន ច្រឡំអ្នកកាន់លិខិតឆ្លងដែនដែលមានអក្សរអង់គ្លេសថា Republic of China (សាធារណរដ្ឋចិន) នេះ គឺជាអ្នកមកពីចិនដីគោក បើទោះបីជាលិខិតឆ្លងដែននោះ ក៏មានសរសេរអក្សរ «តៃវ៉ាន់» ដាក់នៅពីក្រោមដែរ។
ដើម្បីដោះស្រាយបញ្ហានេះ តៃវ៉ាន់ នឹងកែសម្រួលលិខិតឆ្លងដែនរបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោកJoseph Wu បានអះអាង គំរូលិខិតឆ្លងដែនថ្មីនេះ ធ្វើឡើងដើម្បីការពារប្រជាជនតៃវ៉ាន់ កុំឲ្យមានការច្រឡំជាមួយជនជាតិចិនដែលកើតមានតាំងពីឈានជើងចូលដល់អាកាសយានដ្ឋានប្រទេសដទៃ ក្នុងអំឡុងពេល COVID-19 ។ លោកបន្ថែមថា៖ «តាំងពីការផ្ទុះឡើងនៃ COVID-19 នៅទីក្រុងវូហាន ប្រជាជនរបស់យើង តែងតែសង្ឃឹមថា រដ្ឋាភិបាលតៃវ៉ាន់ផ្តល់រឿងល្អមួយ ដើម្បីជៀសវាងការយល់ច្រឡំថា ពួកគេមកពីចិន»។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លិខិតឆ្លងដែនថ្មី ត្រូវរំពឹងថា នឹងដាក់ឲ្យប្រើប្រាស់នៅខែមករាខាងមុខ ដោយមានការលុបចោលអក្សរអង់គ្លេស «Republic of China» ចេញ ចំណែកអក្សរអង់គ្លេស «Taiwan» (តៃវ៉ាន់) នឹងត្រូវពង្រីកធំជាងមុន។ រីឯអក្សរចិនដែលសម្គាល់តៃវ៉ាន់ នៅតែរក្សាដដែល។
ក្រៅពីលិខិតឆ្លងដែន តៃវ៉ាន់ក៏កំពុងពិចារណាលើការផ្លាស់ប្តូរឈ្មោះ ឬកែប្រែឈ្មោះថ្មីលើយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន China Airlines ផងដែរ។ ក្រុមហ៊ុនChina Airlines គឺជាក្រុមហ៊ុនរដ្ឋរបស់តៃវ៉ាន់។
សូមបញ្ជាក់ថា ឈ្មោះផ្លូវការរបស់តៃវ៉ាន់ គឺសាធារណរដ្ឋចិន ចំណែកឈ្មោះផ្លូវការរបស់ចិនវិញ គឺសាធារណរដ្ឋប្រជាមានិតចិន។ ចិន តែងតែអះអាងថា តៃវ៉ាន់នៅតែជាផ្នែកមួយរបស់ខ្លួន តាមរយៈគោលការណ៍ «ចិនតែមួយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com