ជាតិ
កីឡាជាតិ
កីឡាអន្តរជាតិ
ថៃ ឈ្នះ​ជើង​ឯក BIDC Cup 2013 ក្រោយ​ឈ្នះ មីយ៉ាន់ម៉ា ២ – ០ វគ្គ​ផ្ដាច់ព្រ័ត្រ
10, Nov 2013 , 9:52 pm        
រូបភាព
ដោយ:
ក្រុម​ជើង​ឯក​រង​ឆ្នាំ​ចាស់ ថៃ បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Mekong Region Youth U23 BIDC-Cup 2013 ក្រោយ​បំបាក់​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់ មីយ៉ាន់ម៉ា ក្នុង​លទ្ធផល ២ ទល់ ០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​រសៀល​ថ្ងៃ​ទី ១០ វិច្ឆិកា ឆ្នាំ ២០១៣ ដែល​រៀបចំ​នៅ​ទឹក​ដី​ កម្ពុជា។


ក្រុម​ ថៃ សងសឹក​បាន​សម្រេច​ដោយ​ថ្វី​ជើង​ខ្សែ​ប្រយុទ្ធ Wanit Jaisaen បន្ទាប់​ពី​ការ​ប្រកួត​ចាប់​ផ្ដើម​បាន​ត្រឹម នាទី ៦ តែ​ប៉ុណ្ណោះ ស្រប​ពេល​កីឡាករ Chotanan Veerapattarapong បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី ៧៧។

លោក Gerd Horst គ្រូ​បង្វឹក​ក្រុម​មីយ៉ាន់ម៉ា បាន​សម្ដែង​ការ​ខក​ចិត្ត​ថា៖ "ខ្ញុំ​សោក​ស្ដាយ​ដែល​មិន​អាច​ការពារ​ដំណែង​ជើង​ឯក​បាន ប៉ុន្ដែ​កីឡាករ​យើង​បាន​ខំ​ប្រឹង​អស់​ពី​លទ្ធភាព​ទៅ​ហើយ។ គេ​ជា​ឈុត U23 តែ​យើង​ជា ឈុត U19 ព្រោះ​ឈុត U23 យើង​ជាប់​ហ្វឹកហាត់​​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម”។

ចំណែក លោក Pairoj Bovonwatanadilok គ្រូ​បង្វឹក​ក្រុម​ជើង​ឯក ថៃ បាន​បង្ហាញ​អារម្មណ៍​រីករាយ​ថា៖ "កីឡាករ​យើង​ធ្វើ​បាន​ល្អ តាម​ទម្រង់​ដែល​យើង​រៀបចំ។ ចំណែក​ឯ​ក្រុម​មីយ៉ាន់ម៉ា គេ​ចាញ់​យើង​មែន ប៉ុន្ដែ​ពូក​គេ​លេង​បាន​ល្អ ពួក​គេ​ជា​យុវជន​ថ្នាល​ដ៏​ល្អ”។

សរុប​ទិន្នន័យ​ក្នុង​ពាន​រង្វាន់ BIDC Cup 2013 រូម​មាន អ្នក​ចាំទី​ល្អ បាន​ទៅ​​កីឡាករTossaporn Srirueng ​ប្រធាន​ក្រុម​របស់​ថៃ ទទួល​បាន​​ទឹក​ប្រាក់ ១ ពាន់​ដុល្លារ​អាមេរិក។ ចំណែក អ្នក​ទាត់​បញ្ជូលទី​ច្រើន​ជាង​គេ​គឺ​កីឡាករ Khonesavanh Sihavong ​របស់​ឡាវ រក​បាន ៣ គ្រាប់​ម្នាក់​ឯង ទទួល​បាន​ស្បែក​ជើង​មាស​មួយ និង ទឹក​ប្រាក់ ១ ពាន់​ដុល្លារ។ រី​ឯ​ ខ្សែ​ប្រយុទ្ធ Jirawut Saranan របស់​ថៃ ជាប់​កីឡាករ​ល្អ​ប្រចាំ​ពាន​រង្វាន់ BIDC Cup 2013 អម​ដោយ​ទឹក​ប្រាក់ ១ ពាន់​ដុល្លារ។

ក្រុម​ជើង​ឯក​ថៃ ទទួល​បាន​ពាន​រង្វាន់ ១ មេដាយ​មាស​ម្នាក់ ១ និង ទឹក​ប្រាក់ ២ ម៉ឺន​ដុល្លារ​អាមេរិក ស្រប​ពេល​ក្រុម​ជើង​ឯក​រង​​មីយ៉ាន់ម៉ា ទទួល​បាន​មេដាយ​​ប្រាក់​ម្នាក់១ និង ទឹក​ប្រាក់ ១ ម៉ឺន​ដុល្លារ។

ពាន​រង្វាន់ BIDC Cup 2013 រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២ ដល់ ១០ វិច្ឆិកា ២០១៣ នៅ​រាជធានី​ភ្នំពេញ ដោយ​មាន​ក្រុម​ចូលរួម​ចំនួន ៦ ក្រុម ចែក​ជា ២ ពូល រួម​មាន​ពូល A វៀតណាម, ថៃ និង មីយ៉ាន់ម៉ា ចំណែក​ពូល B មាន ម្ចាស់​ផ្ទះ​កម្ពុជា, ឡាវ និង ម៉ាឡេស៊ី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com