COVID-19
អន្តរជាតិ
ក្រោយស្ងប់ស្ងាត់១០០ថ្ងៃ ថៃរកឃើញករណីឆ្លង COVID-19 ក្នុងគុក
04, Sep 2020 , 10:33 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អាជ្ញាធរថៃ នៅថ្ងៃទី៣ ខែកញ្ញា បានរាយការណ៍ថា មានករណីCOVID-19 ក្នុងស្រុក១ករណី។ នេះ គឺជាករណីឆ្លងក្នុងស្រុកលើកដំបូងនៅថៃក្នុងរយៈពេល ១០០ថ្ងៃ។ មកទល់ពេលនេះ គេមិនទាន់រកឃើញប្រភពចម្លងCOVID-19 នៅឡើយទេ។


 
នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ បានប្រកាសរកឃើញ អ្នកជំងឺCOVID-19 ១នាក់ ដែលមានអាយុ ៣៧ឆ្នាំ។ អ្នកជំងឺរូបនេះ គឺជាអ្នកទោស ដែលត្រូវបានចោទប្រកាន់ពីរឿងថ្នាំញៀន និងត្រូវបានឃុំខ្លួននៅមណ្ឌលកែប្រែពិសេសក្នុងទីក្រុងបាងកក។
 
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បុរសរូបនេះ ត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី២៦ ខែសីហាមកម្លេះ ជាមួយនឹងអ្នកទោសចំនួន ៣៤នាក់ផ្សេងទៀត។ កន្លងមកបុរសរូបនេះ ធ្លាប់មានទំនាក់ទំនងជាមួយសាច់ញ្ញាតិចំនួន ៥នាក់។ 
 
មុននឹងចាប់ខ្លួនពីបញ្ហាគ្រឿងញៀន បុរសរូបនេះ គឺជាDJ នៅក្នុងផាប់មួយកន្លែង និងធ្វើការនៅក្នុងភោជនីយដ្ឋានផងដែរ មនុស្ស ដែលធ្លាប់មានទំនាក់ទំនងជាមួយបុរសរូបនេះ កំពុងស្ថិតក្រោមការត្រួតពិនិត្យ ខណៈអាជ្ញាធរសុខាភិបាលថៃ អះអាងថា ស្ថានភាពឆ្លងស្ថិតនៅក្រោមការគ្រប់គ្រង។
 
ករណីឆ្លងក្នុងស្រុកនេះ កើតឡើងបន្ទាប់ពី នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា បានអបអរសាទរ ជុំវិញថៃគ្មានករណីឆ្លងក្នុងស្រុករយៈពេល ១០០ថ្ងៃ នៅថ្ងៃទី២ ខែកញ្ញា។ ករណីឆ្លងក្នុងស្រុកចុងក្រោយរបស់ថៃ គឺនៅថ្ងៃទី២៤ ខែឧសភា។ 
 
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ថៃមានករណីឆ្លងសរុបចំនួន ៣៤២៧ករណី អ្នកស្លាប់ចំនួន ៥៨នាក់ និងអ្នកជាសះស្បើយមានចំនួន ៣២៧៧នាក់៕
 

Tag:
 ថៃ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com