អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ លើកទឹកចិត្ត​ឲ្យ​អ្នកគាំទ្រ​បោះឆ្នោត​ឲ្យ​បាន​២​ដង ទោះជា​រឿង​ខុសច្បាប់​ក្ដី
04, Sep 2020 , 2:29 pm        
រូបភាព
លោក ដូណាល់ ត្រាំ និយាយជាមួយអ្នកគាំទ្រនៅរដ្ឋ North Carolina កាលពីថ្ងៃទី ២ ខែកញ្ញា (AFP)
លោក ដូណាល់ ត្រាំ និយាយជាមួយអ្នកគាំទ្រនៅរដ្ឋ North Carolina កាលពីថ្ងៃទី ២ ខែកញ្ញា (AFP)
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ទទូច​ឲ្យ​អ្នកគាំទ្រ​លោក​ក្នុង​រដ្ឋ North Carolina ដែលជា​សមរភូមិ​នយោបាយ​ដ៏​សំខាន់ ព្យាយាម​បោះឆ្នោត​ឲ្យ​បាន​២​លើក​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី ៣ ខែវិច្ឆិកា ខាងមុខ​។ លោក ប្រាប់​ពួកគេ​ឲ្យ​បោះឆ្នោត​ម្ដង​តាមរយៈ​ការផ្ញើ​តាម​ប្រៃសណីយ៍ និង​ម្ដងទៀត​ដោយផ្ទាល់​ដល់​មណ្ឌលបោះឆ្នោត​។

 
​លោក ដូ​ណា​ល់ ត្រាំ បាន​បន្ត​លើកឡើង​ដោយ​គ្មាន​ភស្តុតាង​ថា ការបោះឆ្នោត​តាមរយៈ​ផ្ញើ​សន្លឹកឆ្នោត​តាម​ប្រៃសណីយ៍ នឹង​បង្កើន​លទ្ធភាព​នៃ​ការលួចបន្លំ និង​បង្អាក់​ដល់​ការបោះឆ្នោត​នា​ខែវិច្ឆិកា ទោះបីជា​អ្នកជំនាញ អះអាងថា វា​ជា​កម្រ​នឹង​កើតមាន​បំផុត​ក្នុង​សហរដ្ឋអាមេរិក​។ 
 
​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​មួយ នៅ​ថ្ងៃ​២ ខែកញ្ញា ក្នុង​ទីក្រុង Wilmington រដ្ឋ North Carolina លោក​ប្រធានាធិបតី លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ក្នុង​រដ្ឋ​នេះ​បោះឆ្នោត​២​ដង ដោយ​ម្ដង​តាមរយៈ​ផ្ញើ​សន្លឹកឆ្នោត​តាម​ប្រៃសណីយ៍ និង​ម្ដងទៀត​បោះ​ដោយផ្ទាល់​នៅ​មណ្ឌលបោះឆ្នោត​។ 
 
​ត្រង់ចំណុច​នេះ លោក​អះអាងថា ការធ្វើ​បែបនេះ​គឺ​ដើម្បី​ធ្វើតេស្ត​លើ​ប្រព័ន្ធ​បោះឆ្នោត​នេះ​។ «​ប្រសិនបើ​ប្រព័ន្ធ​នេះ​ល្អ​ដូចដែល​ពួកគេ​និយាយ​មែន​នោះ ដូច្នេះ​ច្បាស់​ណាស់ ពួកគេ​នឹង​មិនអាច​បោះឆ្នោត​ដោយផ្ទាល់​នៅ​មណ្ឌល​បាន​នោះទេ​»​។ លោក ដូ​ណា​ល់ ត្រាំ និយាយ​បែបនេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
​នៅ​អាមេរិក ការបោះឆ្នោត​លើសពី​មួយ​លើក គឺជា​រឿង​ខុសច្បាប់ ហើយ​ក្នុង​រដ្ឋ​អាមេរិក​ខ្លះ រួមទាំង រដ្ឋ North Carolina ផង​នោះ ការលើកទឹកចិត្ត​ឲ្យ​អ្នកផ្សេង​ធ្វើបែបនេះ ក៏​ជា​ទោស​ផងដែរ ។ យ៉ាងណាមិញ ក្រុម​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ត្រាំ និង​សេត​វិមាន​អាមេរិក បាន​អះអាងថា លោក​ប្រធានាធិបតី​គ្មាន​ន័យ​ប្រាប់​ឲ្យ​ប្រជាជន​បោះឆ្នោត​២​ដងនោះ​ទេ​។ 
 
​ប្រាប់​ទូរទស្សន៍​អាមេរិក Fox News នៅ​ថ្ងៃទី ៣ ខែកញ្ញា អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក អ្នកស្រី Kayleigh McEnany បញ្ជាក់ថា លោក​ប្រធានាធិបតី​មិន​លើកទឹកចិត្ត​ឲ្យ​អ្នកគាំទ្រ​លោក​ធ្វើ​រឿង​មិនល្អ​បែបនេះ​ឡើយ​។ ត្រង់ចំណុច​នេះ អ្នកស្រី​បកស្រាយ​ដូច្នេះ​ថា​៖«​អ្វីដែល​លោក​បាន​និយាយ​គឺ​ចង់​ធានាថា សន្លឹកឆ្នោត​របស់​អ្នក គឺ​រាប់បញ្ចូល​ក្នុង​តារាង ហើយ​បើសិនជា​អត់​ទេនោះ ដូច្នេះ [​អ្នក​] បោះឆ្នោត [​ដោយផ្ទាល់​នៅ​មណ្ឌល​]»​។​
 
​សូមបញ្ជាក់ថា ជំងឺ​រាតត្បាត​សកល COVID-19 ទំនងជា​ធ្វើ​ឲ្យ​មានការ​កើនឡើង​ការបោះឆ្នោត​តាមរយៈ​ការផ្ញើ​សន្លឹកឆ្នោត​តាម​ប្រៃសណីយ៍​សម្រាប់​ការបោះឆ្នោត​ឆ្នាំនេះ​។ គោលដៅ​គឺ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​។ គិត​មក​ត្រឹម​ថ្ងៃទី​៤ ខែសីហា ករណី​ឆ្លង COVID-19 សរុប​ឡើងដល់​៦,១៦​លាន​ករណី ក្នុងនោះ​ស្លាប់ ១៨,៧​ម៉ឺន​នាក់​៕ 
 
 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com