ជាតិ
សាសនា / ធម៌
ធ្វើបុណ្យ ទាន់នៅក្មេង
15, Apr 2023 , 7:59 am        
រូបភាព
ទាន់ខ្លួននៅក្មេង នៅមានកម្លាំង នៅមានបញ្ញាស្មារតីល្អ ជនានុជនប្រុសស្រី ត្រូវប្រញាប់ឃ្មាតខ្មីធ្វើអ្វីៗ ដែលខ្លួនប៉ងប្រាថ្នា រួមទាំងខិតខំកសាងអំពើបុណ្យផងដែរ។ ផ្ទុយមកវិញ មិនត្រូវគិតថា ចាំចាស់ ចាំទៅវត្តធ្វើបុណ្យនោះទេ។



មុនចូលបរិនិព្វាន ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ទ្រង់ប្រទានឱវាទចុងក្រោយថា៖«អប្បមាទោ អមតំ បទំ។ បមាទោ មច្ចុនោ បទំ»។ មានន័យថា៖«សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់។ សេចក្តីប្រមាទ ជាផ្លូវនៃសេចក្តីស្លាប់»។

យើង មិនត្រូវគិតថា ខ្លួននៅក្មេង មិនខ្វះពេលទៅវត្ត មិនខ្វះពេលធ្វើបុណ្យ ចាំដល់ចាស់ ចាំទៅវត្តធ្វើបុណ្យរក្សាសីលនោះទេ។ ការគិតដូច្នេះ គឺជាសេចក្តីប្រមាទ។ ជនណា មានសេចក្តីប្រមាទក្នុងខ្លួន ជននោះ មានឈ្មោះស្លាប់បាត់ទៅហើយ ទោះជានៅជីវិតក៏ដោយ។

សេចក្តីប្រមាទ ជាហេតុនាំមកនូវសេចក្តីវិនាសគ្រប់យ៉ាង។ ភ្លើងឆេះផ្ទះនិងគ្រោះថ្នាក់ចរាចរណ៍ ជាដើម ដែលបណ្តាលឲ្យខូចទ្រព្យសម្បត្តិនិងបាត់បង់ជីវិត គឺអាចកើតឡើងដោយសារតែមានសេចក្តីប្រមាទ។

ម្យ៉ាងទៀត បើមានសេចក្តីប្រមាទ រាល់កិច្ចការទាំងឡាយ អាចនឹងមិនបានសម្រេច ធ្វើមិនទាន់ពេលវេលាកំណត់ និង ធ្វើមិនបានល្អឡើយ។ ចាំជិតដល់ថ្ងៃគ្រូយក ចាំប្រមូលកិច្ចការសាលាឲ្យគ្រូ, ចាំស្អែក ចាំបង្ហើយការងារក្រុមហ៊ុន, ចាំតិចទៀត ចាំធ្វើកិច្ចការនេះ, ទាំងនេះ សុទ្ធតែជាសេចក្តីប្រមាទ។

ជីវិតយើង យើងមើលមិនឃើញថា ផុតរលត់ពេលណាឡើយ។ ជូនកាល ផុតរលត់ដោយអស់អាយុនៅពេលចាស់ តែពេលខ្លះ អាចនឹងផុតរលត់ដោយឧបទ្ទវហេតុណាមួយ អាចនៅថ្ងៃនេះ នៅថ្ងៃស្អែក នៅខែនេះ នៅខែក្រោយ នៅឆ្នាំនេះ ឬនៅឆ្នាំក្រោយ។ ដូច្នេះ យើង មិនត្រូវមានសេចក្តីប្រមាទនោះទេ។

បើយើងប្រឹងធ្វើបុណ្យពីក្មេង ដល់ចាស់ទៅ នៅតែបន្តធ្វើបុណ្យទៀត ដូច្នេះ បុណ្យកុសលដែលយើងសន្សំក៏បានកាន់តែច្រើន។ តែបើដល់ចាស់ យើង គ្មានកម្លាំងកំហែង ឬដោយមានផលលំបាកនិងឧបសគ្គណាមួយ មិនអាចធ្វើបុណ្យបានច្រើន ក៏យើង មិនសូវខ្វាយខ្វល់ថា មិនបានធ្វើបុណ្យដែរ ដ្បិតយើង បានធ្វើបុណ្យច្រើនពីក្មេងមកហើយ។

ក្រៅពីធ្វើបុណ្យ ចែកទាន និង សាងអំពើល្អផ្សេងៗ យុវជនយុវតី ក៏គួរតែរក្សាសីល៥ផងដែរ។ យុវជនយុវតីខ្លះ យល់ច្រឡំថា ការរក្សាសីល ទាល់តែទៅវត្ត ព្រោះពួកគេ ឃើញចាស់ៗ ជាអ្នករក្សាសីល តែងទៅវត្តដើម្បីសុំសីល។ ពួកគេ អាចនឹងមានអារម្មណ៍ខ្មាសអៀន ចំពោះការទៅវត្តសុំសីលដូចចាស់ៗ។

តាមពិតទៅ ការរក្សាត្រឹមសីល៥ មិនចាំបាច់ទាល់តែទៅវត្តនោះទេ។ គេ គ្រាន់តែតាំងចិត្ត មិនប្រព្រឹត្តអំពើណា ដែលប្រាសចាកពីសីល៥នោះ គឺបានហើយ។

បើគេ កាន់សីល៥ គេត្រូវចៀសវាងការប្រព្រឹត្តអំពើ៥យ៉ាង គឺ មិនសម្លាប់ជីវិតសត្វ-ជីវិតអ្នកដទៃ មិនលួចទ្រព្យសម្បត្តិអ្នកដទៃ មិនបំពានកូនប្រពន្ធប្តីអ្នកដទៃ មិនកុហក និង មិនសេពគ្រឿងស្រវឹង។ គ្រាន់តែ មិនប្រព្រឹត្តអំពើទាំង៥នេះ គឺមានឈ្មោះថា ជាអ្នករក្សាសីល៥ទៅហើយ ដោយមិនបាច់ទាល់តែវត្តនោះទេ។ តែបើយុវជនយុវតី អាចទៅសុំសីលនៅវត្តបានទៀតនោះ គឺរឹតតែប្រពៃ។

ការរក្សាសីល ការធ្វើអំពើល្អ មិនត្រឹមតែជាផលបុណ្យសម្រាប់យើង ទៅកាន់បរលោកនោះទេ តែក៏អាចផ្តល់សេចក្តីសុខដល់យើងនាពេលបច្ចុប្បន្នដែរ។ បើមនុស្សភាគច្រើននៅក្នុងសង្គម ចូលចិត្តធ្វើអំពើល្អ សង្គមនោះ នឹងពោរពេញដោយសុខសន្តិភាព ហើយរស់នៅប្រកបដោយសុខក្សេមក្សាន្ត។

ត្រូវភ្ញាក់រលឹកជារឿយៗថា៖«ពេលយើង ស្លាប់ទៅ កុំថាឡើយកូនប្រពន្ធស្វាមី សាច់ញាតិ មិត្តភក្តិ លុយកាក់ ទ្រព្យសម្បត្តិ ដែលមិនអាចទៅជាមួយយើងបាន សូម្បីតែរូបរាងកាយយើង ក៏មិនអាចទៅជាមួយយើងដែរ។ មានតែរបស់ពីរយ៉ាងប៉ុណ្ណោះ គឺបុណ្យនិងបាប ដែលតាមយើងជាប់ជានិច្ច។ បើយើង សាងបុណ្យច្រើន យើង នឹងទៅកាន់សុគតិភព តែបើយើង សាងបាបច្រើន យើង នឹងទៅទុគតិភព»៕

Tag:
 សាសនា
  បុណ្យ
© រក្សាសិទ្ធិដោយ thmeythmey.com