បទយកការណ៍ / បទសម្ភាសន៍
ជាតិ
សេដ្ឋកិច្ច
បទ​យកការណ៍៖ ម្ហូប​ខ្មែរ​ទទួលបាន​ការគាំទ្រ​នៅ​កូរ៉េខាងត្បូង
12, Nov 2013 , 8:42 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុង​សេ​អ៊ូ​ល ៖ ម្ហូប​ខ្មែរ មិន​ត្រឹមតែ​ជា​អាហារ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ​ទូទៅ​នោះទេ ប៉ុន្តែ​ក៏​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី អត្តសញ្ញាណ​វប្បធម៌​ដ៏​យូរលង់ និង​សម្បូរបែប​នៃ​ប្រជាជន​ខ្មែរ​ផងដែរ។ ក្នុង​ស្មារតី​លើកកម្ពស់ និង​អភិរក្ស​ម្ហូប​ខ្មែរ និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សារ​នៅ​ប្រទេស​កូរ៉េខាងត្បូង​បានរៀបចំ​ដាក់​បង្ហាញ​ម្ហូប​ខ្មែរ​មួយចំនួន​នៅក្នុង​កម្មវិធី ម្ហូប និង​វប្បធម៌​អន្តរជាតិ​មួយ ដែល​រៀបចំឡើង​ដោយ សាកលវិទ្យាល័យ KDI School of Public Policy and Management ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​សុក្រ​ទី៨ ខែ វិច្ឆិកា សប្តាហ៍​មុននេះ​នៅ​ទីក្រុង​សេ​អ៊ូ​ល។ 


នៅក្នុង​កម្មវិធី​ដែលមាន​ការបង្ហាញ​ម្ហូប​ជាច្រើន នៃ​បណ្តា​ប្រទេស​នានា​លើ​សកលលោក ម្ហូប​ខ្មែរ​ចំនួន​ពីរ​មុខ និង​បង្អែម​មួយ​មុខ ត្រូវ​បានដាក់​បង្ហាញ ដោយ​ក្នុងនោះ​រួមមាន ម្ជូរ​គ្រឿង មាន់​ដុត​ទឹកឃ្មុំ និង​បង្អែម​ល្ពៅ។ អ្នកចូលរួម​ដែល​ក្នុងនោះ​មាន ព្រឹទ្ធបុរស សាស្ត្រាចារ្យ និស្សិត និង​អ្នកចូលរួម​ដែល​មកពី​បណ្តា​ប្រទេស​នានា ត្រូវបាន​អនុញ្ញាតអោយ​ភ្លក់​រសជាតិ នៃ​ម្អូ​ប​ពី​គ្រប់​ប្រទេស​ទាំងអស់។

កញ្ញា Lee Sunme ជនជាតិ​កូរ៉េខាងត្បូង ដែល​កំពុង​ឈរ​ភ្លក់​ម្ហូប​ខ្មែរ បានអោយដឹងថា កញ្ញា​ចូលចិត្ត​រសជាតិ​ម្ហូប​ខ្មែរ ហើយ​នេះ​ប្រហែលជា​មកពី​គ្រឿងផ្សំ​ធម្មជាតិ​ពិសេស​ដែល​ប្លែក​ពីអ្វី​ដែល​ប្រទេស​កូរ៉េ​មាន។ កញ្ញា Lee ដ៏​ដូចជា​អ្នកចូលរួម​ផ្សេងទៀត​ដែរ នាង​ចូលចិត្ត​បង្អែម​ល្ពៅ​របស់​ខ្មែរ។ ដោយឡែក លោក Thula Maleka Chirwa ជា​អ្នកចូលរួម​ម្នាក់​មកពី​ប្រទេស Malawi ដែល​កំពុងតែ​ឈរ​កាន់​ចាន និង​ស្លាបព្រា​តូច​មួយ តំរង់​ជួរ​នៅមុខ​ស្តង់​ម្ហូប​ខ្មែរ​នោះ បានអោយដឹងថា លោក​មក ស្តង់​នេះ ជា​លើក​ទី២ហើយ ដោយសារតែ​រសជាតិ​ឆ្ងាញ់​ប្លែក​នៃ​ម្ហូប​ពី​ប្រទេស​កម្ពុជា។

ស្លៀក​សំលៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ ជាមួយនិង​ក្រមារ​ចង​ច​ង្អេះ​ផង​នោះ លោក អ៊ុំ វណ​ថា​រិ​ទ្ធ និស្សិត​ខ្មែរ ដែល​បាន​ចូលរួម​រៀបចំ​កម្មវិធី​នេះ បានអោយដឹងថា នេះ​ជា​ឳ​កាស​មួយ ដែល​ខ្មែរ​យើង​អាច​បង្ហាញ​នូវ​វប្បធម៌​ខ្មែរ​តាមរយៈ​ម្ហូប​ទៅ​ជនជាតិ​បរទេស​ដែល​មកពី​បណ្តា​ប្រទេស​ជាច្រើន នៅលើ​សកលលោក ហើយក៏​ជា​ឳ​កាស​ជួបជុំ​និស្សិត និង​បងប្អូន​ខ្មែរ​ដើម្បី​ពិសារ​ម្ហូប​ពី​ស្រុកកំណើត​ខ្លួន ក៏ដូចជា​ម្អូ​ប​ពី​បណ្តា​ប្រទេស​ជាច្រើន​ទៀត។

លោក នុត នារ​ក្ស មន្ត្រី​មកពី​ក្រសួងទេសចរណ៍ ដែល​បាន​ចូលរួម​កម្មវិធី​នោះដែរ បានអោយដឹងថា លោក​ពេញ​ចិត្តនឹង​ការដាក់​បង្ហាញ​ម្ហូប​ខ្មែរ​នេះ​ដោយ​លោក​បាន​បញ្ជាក់ថា នេះ​មិន​ត្រឹមតែ​ជាការ​ចូលរួម​លើកកម្ពស់ និង​អភិរក្ស វប្បធម៌​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយសារតែ​ម្ហូប​ជា​ផលិតផល​ទេសចរណ៍​មួយ​ផង​នោះ កម្មវិធី​នេះ​ជាការ​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​លើ​កម្ពស់​វិស័យ​ទេសចរណ៍​កម្ពុជា​ផង ដែល​វិស័យ​ទេសចរណ៍​កំពុងតែ​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​ប្រជាជន និង​សេដ្ឋកិច្ចកម្ពុជា។

ដោយឡែក នៅ​ប្រទេស​កម្ពុជា​ឯណេះ​វិញ ម្ហូប​ខ្មែរ​ត្រូវបាន​គេ​សង្កេតឃើញថា​បាននិងកំពុង​បាត់បង់​ប្រជាប្រិយភាព​បន្តិចម្តងៗ ដោយសារតែ​ម្ហូប​បរទេស ដូចជា ម្ហូប​កូរ៉េ ចិន ជប៉ុន និង​អឺរ៉ុប បាននិងកំពុង​វាយលុក​មកលើ​ទីផ្សារ​កម្ពុជា៕

រាយការណ៍​ដោយ លោក ប្រុ​ញ សុភា​ណា ពី​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាងត្បូង



© រក្សាសិទ្ធិដោយ thmeythmey.com