Amazon បញ្ជាទិញរថយន្តដឹកទំនិញអគ្គិសនី១៨០០គ្រឿងពី Daimler
រថយន្ត
អន្តរជាតិ
Amazon បញ្ជាទិញរថយន្តដឹកទំនិញអគ្គិសនី១៨០០គ្រឿងពី Daimler
14, Sep 2020 , 8:39 pm        
រូបភាព
ដោយ: ធីតា
ក្រុមហ៊ុន Amazon កាលពីពេលថ្មីៗកន្លងមកនេះ បានប្រកាសពីការបញ្ជាទិញប្រភេទរថយន្តដឹកទំនិញអគ្គិសនី Mercedes-Benz ចំនួន១៨០០គ្រឿងពីក្រុមហ៊ុន Daimler។ បើតាមការផ្សាយរបស់ CNBC ក្រុមហ៊ុន Amazon បង្ហាញពីការប្តេជ្ញារបស់ខ្លួនស្តីពីអព្យាក្រឹត្យ ពោលគឺការបញ្ចេញ និងស្រូបយកកាបូនស្មើគ្នា (Carbon-Neutral) គិតត្រឹមឆ្នាំ២០៤០។

 
ក្នុងចំណោមរថយន្តដឹកទំនិញទាំង១៨០០គ្រឿង មាន១២០០គ្រឿងជាប្រភេទម៉ូដែល eSprinter ខ្នាតធំ និង៦០០គ្រឿង ជាម៉ូដែលធុនកណ្តាល eVito។ ទោះបីជាយ៉ាងណាក៏ដោយ Amazon មិនបានបង្ហើបឲ្យដឹងពីចំនួនទឹកប្រាក់ដែលកំពុងត្រូវចំណាយលើការទិញរថយន្តទាំងនោះឡើយ។
 
Amazon បានបញ្ជាក់ថា ក្រុមហ៊ុនដាក់គោលដៅអនុវត្តតាមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ឲ្យបានមួយទសវត្សរ៍មុនកាលបរិច្ឆេទផ្លូវការ។ តាមគោលដៅនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ២០១៥ ការកាត់បន្ថយមកត្រឹមសូន្យ ឬអព្យាក្រឹតភាពកាបូន ត្រូវធ្វើឲ្យបាននៅត្រឹមឆ្នាំ២០៥០ រីឯការបំភាពឧស្ម័នផ្ទះកញ្ចក់ ត្រូវកាត់បន្ថយពាក់កណ្តាលនៅត្រឹមឆ្នាំ២០៣០។
 
អគ្គនាយកក្រុមហ៊ុន Amazon លោក Jeff Bezos បានកោតសរសើរចំពោះការប្តេជ្ញាចិត្តខ្ពស់របស់ Mercedes-Benz លើការចូលរួមសកម្មភាពទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ «យើងត្រូវការនវានុវត្ដន៍ និងភាពជាដៃគូជាមួយក្រុមហ៊ុនយានយន្តដូចជា Mercedes-Benz លើចលនាកាត់បន្ថយកាបូនក្នុងវិស័យដឹកជញ្ជូន និងការទប់ទល់វិបត្តិបម្រែបម្រួលអាកាសធាតុ»។ លោកបានលើកឡើងយ៉ាងដូច្នេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com