ជាតិ
ស្វែងយល់ពីគន្លឹះងាយៗមួយចំនួន ក្នុងការដាំដុះម្រេច
18, Sep 2020 , 9:24 pm        
រូបភាព
ដោយ:
«ម្រេច» ត្រូវបានចាត់ទុកជាគ្រឿងទេសផ្សំបន្ថែមរសជាតិអាហារ និងធ្វើជាបន្លែសម្រាប់ឆាផង។ ម្រេច ក៏ជាប្រភេទដំណាំ ឈានមុខគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជាដែរ។ បើទោះបីយ៉ាងណាដំណាំម្រេច មិនមែនជាការងាយដាំដុះនោះទេ ដូច្នេះទាមទារឲ្យកសិករ ស្វែងយល់ពីដំណាំម្រេច និងបច្ចេកទេសដាំម្រេចជាមុនសិន។ សារព័ត៌មាន thmeythmey25 សូមដកស្រង់បច្ចេកទេសដាំដុះដំណាំម្រេច ពីសៀវភៅបច្ចេកទេសដាំដុះដំណាំម្រេច របស់ក្រសួងកសិកម្ម។

 
គេអាចដាំម្រេច ដោយយកទងទៅដាំផ្ទាល់ និងការកាត់ទងម្រេច យកមកបណ្ដុះក្នុងថ្នាល មុននឹង ដាំ។ សម្រាប់ការជ្រើសរើសទងម្រេចទៅដាំ ត្រូវមានអាយុយ៉ាងតិច ១ឆ្នាំ ហើយមានដុះឫសខ្ចីគ្រប់ថ្នាំងទាំងអស់ និងមានមែកគ្រប់ថ្នាំង គ្មានជំងឺ និងជាពូជដែលមានទិន្នផលខ្ពស់។ ដោយឡែក ទងដែលកាត់ចេញពីចម្ការសម្រាប់ត្រៀមយកទៅដាំ មិនត្រូវទុកឲ្យលើស ៤៨ម៉ោងឡើយនិងត្រូវរៀបចំទុកឲ្យបានល្អ ស្របតាមលក្ខណៈបច្ចេកទេស។
 
ការបណ្ដុះកូនម្រេច៖ ត្រូវរៀបចំរោង និងថ្នាលបណ្ដុះ ដើម្បីកាត់យកថ្នាំងម្រេចទៅដាំ ឬអាចកាត់ថ្នាំងម្រេច ពីចម្ការម្រេចស្រាប់ និងមានប្រវែង ១,៨ទៅ ២,៧ម៉ែត្រ។ បន្ទាប់មកត្រូវកាត់ជាថ្នាំង រួចយកទៅត្រាំទឹក រយៈពេល ១ ទៅ ២ម៉ោង មុនយកទៅដាំ។ ក្រោយត្រាំរួច ត្រូវយកទងម្រេចទៅដាំក្នុងថង់ប្លាស្ទិក ដែលដាក់ដី លាយនឹងផេះអង្កាម រួចស្រោចទឹក និងថែទាំ ឲ្យលូតលាស់ល្អ មុនយកទៅដាំ។
 
ការដាំម្រេច៖ ជាទូទៅ ដើម្បីឲ្យម្រេចហុចទិន្នផងល្អ គេគួរដាំនៅក្នុងខែកក្កដា និងខែសីហា។ ដូច្នេះត្រូវការពេលវេលា រៀបចំដីឲ្យរាបស្មើ និងភ្ជួរ ២-៣ដង សិន មុននឹងដាំ។ ការដាំម្រេច ត្រូវលើករង និងជីករណ្ដៅសម្រាប់ដាំកូន។ ត្រូវដាំកូន ២ទង ក្នុងមួយរណ្ដៅ ហើយត្រូវកប់កូនម្រេចជម្រៅ ៤ ទៅ ៥ថ្នាំងក្នុងដី។ ក្រោយមកត្រូវលុបដី និងបង្ហាប់ដីឲ្យណែន និងរៀបចំធ្វើកំពែងជុំវិញកូនម្រេច។ បើសិនយើងដាំម្រេចក្នុងទំហំ ១ហិកតា 
គេអាចដាក់កូនចំនួន ១ ៦០០ជន្លង់ ទៅ ២ ៥០០ជន្លង់។ បន្ទាប់ពីដាំរួចត្រូវគ្របស្លឹកឈើ ឬសំណាញ់ដើម្បីការពារកម្ដៅថ្ងៃ។ 
 
ការមើលថែ៖ ដំណាំម្រេចចាំបាច់មើលថែឲ្យបានល្អ ពិសេសត្រូវជម្រះស្មៅឲ្យបានទៀងទាត់។ បន្ទាប់ពីដាំបាន ៤ ទៅ ៥ ខែជាដំណាក់កាលនៃការលូតលាស់របស់ដំណាំម្រេច។ ដំណាំម្រេចក៏មានការរំខានពីសត្វចង្រៃ និងកត្តាផ្សេងៗ ដែរ ដែលកសិករត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
 
ជាទូទៅនៅឆ្នាំទី៣ ជាឆ្នាំដែលម្រេចអាចហុចផល ក៏ប៉ុន្តែវាក៏អាស្រ័យលើការថែទាំដែឬ។ បើសិនថែទាំបានល្អ វានឹងផ្ដល់ផលនៅឆ្នាំទី២ ហើយទិន្នផល មានការប្រែប្រួលទៅតាមអាយុកាលរបស់ម្រេច។ ក្នុងរយៈពេល ៣ ទៅ ៨ឆ្នាំ ជាមធ្យមម្រេចផ្ដល់ទិន្នផល ៤ ទៅ ១០គីឡូក្រាម ក្នុងមួយជន្លង់ ឬ ១០ ទៅ ២០តោន ក្នុងមួយហិកតា។ ទិន្នផល នឹងប្រែប្រួលទៅតាមអាកាសធាតុ និងការប្រើប្រាស់ជី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com