ដោយ៖ ប៉ូ សុភា
ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតមួយចំនួន ទទួលបានអាហារគ្រប់គ្រាន់ ពីវត្តអារាមដែលនៅជិតផ្ទះពួកគេ នាថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃ ។ ពួកគេថា ម្ហូបអាហារដែលទទួលបានក្រោយ ចង្ហាន់ព្រះសង្ឃ រយៈពេល១៥ថ្ងៃ ក្នុងអំឡុងភ្ជុំបិណ្ឌនេះ អាចជាផ្នែកមួយជួយកាត់បន្ថយការចំណាយ និងសម្រួលដល់ជីវភាពមួយភាគធំ។
ក្រោយចង្ហាន់ព្រះសង្ឃថ្ងៃត្រង់ក្នុងវត្តនាគវន្ត នាម៉ោងប្រមាណជា ១១៖៣០នាទីនោះ មានមនុស្សក្មេងចាស់ប្រុសស្រីនាំគ្នា ទៅយកអាហារពីវត្ត មកបរិភោគតាមផ្ទះរៀងខ្លួន។ យុវជន ពេជ សាវុធ ដែលមានផ្ទះនៅជិតវត្តនាគវ័ន្ត តែងតែទៅទទួលម្ហូបអាហារពីវត្ត ជារៀងរាល់ឆ្នាំ។ យុវជនរូបនេះ ហាក់មានភាពរីករាយណាស់ ដែលទទួលបានអាហារពីវត្តដ៏ច្រើនបែបនេះ។
នៅក្នុងដៃមានយួរសម្លរ ឆាសណ្តែក ស្ងោរជ្រក់ សម្លរខ និងម្ហូបបីមុខបន្ថែមទៀតនេះ យុវជន ពេជ សាវុធ ដែលមកទទួលអាហារពីវត្តនាគវន្ត ក្នុងថ្ងៃកាន់បិណ្ឌ បាននិយាយថា៖« ឱ្យតែដល់ថ្ងៃបុណ្យម្តងៗអ្នកផ្ទះរបស់ខ្ញុំតែងតែប្រាប់ខ្ញុំឱ្យមកយកអាហារពីវត្ត ដើម្បីយកចែកគ្នាហូបនិងនៅសល់ខ្លះពួកយើងចែករំលែកឱ្យអ្នកជិតខាងបន្តទៀតនៅក្នុងភូមិ » ។
យុវជនរូបនេះ ហាក់មិនមានភាពអៀនខ្មាស ក្នុងការយកអាហារពីវត្តនោះទេ ព្រោះតែជីវភាពខ្វះខាត។ សាវុធ បន្តនិយាយដោយមិនលាក់លៀមថា៖ « មិនមែនមានតែរូបខ្ញុំទេ មានអ្នកភូមិច្រើនទៀត ដែលធ្វើបែបនេះ ដោយសារក្នុងថ្ងៃបុណ្យមានអាហារឆ្ងាញ់ៗច្រើន ដែលនៅសល់បន្ទាប់ពីចង្ហាន់ត្រង់របស់ព្រះសង្ឃ ។ នេះជាពេលវេលាដ៏រីករាយដែលយើងអាចទទួលបានអាហារដោយមិនបាច់ចំណាយប្រាក់ទិញឡើយ ហើយមានសម្លច្រើនយើងចង់ជ្រើសយកមួយណាក៏បាន »។
អ្នកស្រី ហេង ស្រីពៅ ក៏កំពុងប្រមូលអាហារច្រកចូលក្នុងថងប្លាស្ទិកហៀបនឹងយកទៅផ្ទះដែរ។ ស្ត្រីវ័យ៥១ឆ្នាំរូបនេះ អះអាងថា ខ្លួនប្រមូលយកអាហារពីវត្តនេះ ទាំងមានភាពអៀនខ្មាស។ប៉ុន្តែដោយសារតែបញ្ហាវិបត្តិកូវីដ-១៩ ដែលធ្វើឲ្យគ្រួសារខ្លួនធ្លាក់ចុះចំណូលនោះ ទើបអ្នកស្រីបង្ខំចិត្តយកអាហារពីវត្តនេះ ដើម្បីកាត់បន្ថយការចំណាយខ្លះ។
ជាអ្នករស់នៅក្នុងសង្កាត់បឹងកក់II ខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកស្រី ពៅ បាននិយាយថា៖« រៀងរាល់ឆ្នាំគ្រួសាររបស់ខ្ញុំមិនបានធ្វើដូច្នេះទេ តែឆ្នាំនេះដោយសារតែរកចំណូលមិនបាន ទើបធ្វើឱ្យខ្ញុំនិងគ្រួសារសម្រេចចិត្តធ្វើបែបនេះ»។
បើតាមស្ត្រីវ័យ៥១ឆ្នាំនេះ ការយកអាហារពីវត្តក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ បានធ្វើគ្រួសាររបស់អ្នកស្រីអាចកាត់បន្ថយការចំណាយបានមួយភាគធំ។«ជាធម្មតាគ្រួសាររបស់ខ្ញុំត្រូវចំណាយប្រាក់៣ម៉ឺនរៀលថ្លៃអាហារប្រចាំថ្ងៃ។ បើខ្ញុំយកចំនួននេះគុណនឹងរយៈពេលកន្លះខែ(១៥ថ្ងៃ)ទៅខ្ញុំអាចសន្សំបានប្រាក់ជាង១០០ម៉ឺនរៀល។ នេះជាដំណោះស្រាយល្អបំផុតរបស់ខ្ញុំក្នុងពេលចំណូលកំពុងធ្លាក់ចុះ »។នេះជាការបញ្ជាក់របស់អ្នកស្រី ពៅ។
មិនមែនតែពលរដ្ឋទេ សូម្បីរដ្ឋបាលខណ្ឌទួលគោក ក៏ទទួលយកអាហារពីវត្តដែរ។ លោក ថា ចាន់ថន ជាមន្ត្រីជំនួយការសាធារណៈក្នុងខណ្ឌទួលគោក បានបញ្ជាក់ថា សាលាខណ្ឌរីករាយដែលបានទទួលអាហារពីវត្ត ព្រោះអាហារទាំងនេះអាចយកទៅចែកដល់ក្រុមកងសន្តិសុខការពារភូមិ និងជនអនាថាមួយចំនួនទៀត ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ចាន់ថន បានបញ្ជាក់ដូច្នេះ៖ « ខ្ញុំគិតថា អាហារទាំងនេះសុទ្ធជាអាហារដែលល្អ ព្រោះវត្តបានរៀបចំទុកដាក់ដោយរក្សាអនាម័យ មុននឹងយកមកចែកជូនពុទ្ធបរិស័ទ្ធក្នុងខណ្ឌ ។នេះជាសញ្ញាបង្ហាញថា ព្រះសង្ឃក្នុងវត្តមិនខ្ជះខ្ជាយអាហារ ហើយក្រុមប្រជាកាពាររបស់ខ្ញុំក៏រីករាយក្នុងការទទួលយកអាហារទាំងនេះ មកបរិភោគដែរ»។
នៅមណ្ឌលកុមារកំព្រាកុលាបទី៤ ដែលស្ថិតក្នុងក្រុមទី១១ សង្កាត់ទឹកល្អក់៣ ក្នុងខ័ណ្ឌទួលគោកវិញ មានកុមារ និងយុវវ័យប្រមាណជា ៣០នាក់កំពុងតែបរិភោគអាហារថ្ងៃត្រង់ ដែលទទួលបានពីវត្តដោយរីករាយ។
អ្នកស្រី ឡាយ ចន្ទី ជាប្រធានមណ្ឌលកុលាបទី៤មានប្រសាសន៍ថា ៖«ក្មេងៗនិងខ្ញុំថ្ងៃគ្មានបុណ្យ ពួកបរិភោគតាមធម្មតា តែនៅពេលនេះពួកយើតពិតជារីករាយដែលបានទទួលអាហារពីវត្តនាគវន្ត ព្រោះនេះជាផ្នែកមួយដែលអាចជួយឱ្យក្មេងបានទទួលអាហារបរិភោគបន្ថែម ។ ដ្បិតថាពួកយើងបានត្រឹមទទួលបានអាហារមួយចំនួនក្នុងថ្ងៃបុណ្យក្តី ក៏ខ្ញុំនិងក្មេងៗសប្បាយរីករាយ ដែលបានហូបអាហារបានច្រើន និងបរិបូរជាងថ្ងៃធម្មតា»។
វត្តនាគវ័ន្ត ក៏ដូចជាវត្តផ្សេងៗទៀត តែងតែបរិច្ចាគអាហារបុណ្យដល់ពលរដ្ឋជារៀងរាល់ឆ្នាំ។ ព្រះបវរមុនី ងិន យីម អនុគណខណ្ឌទួលគោក និងជាព្រះចៅអធិការវត្តនាគវន្ត មានសង្ឃដិការថា រាល់បុណ្យប្រពៃណីជាតិរៀងរាល់ឆ្នាំ វត្តនាគវន្តមិនខ្វះខាតអាហារទេ ព្រោះមានពុទ្ធបរិស័ទយកចង្ហាន់ប្រគេនព្រះសង្ឃច្រើន។ ក្រោយព្រះសង្ឃឆាន់រួច នៅម៉ោង១១៖៣០នាទី គឺមានពុទ្ធបរិស័ទចំណុះជើងវត្ត និងអ្នកពីចម្ងាយ មកចាំទទួលអាហារ ដោយឈរនៅមាត់ទ្វារសាលា និងមានកាន់ថងប្លាស្ទិកទុកដាក់អាហាររៀងខ្លួនជាស្រេច។ « នៅជិតវត្តនេះមានក្មេងៗច្រើនណាស់រងចាំយកអាហារក្រោយចង្ហាន់ត្រង់ ហើយពេលបុណ្យមានអាហារច្រើន គណៈកម្មការនិងអាចារ្យក៏បានរៀបចំមួយចំណែកទុកចែកដល់កុមារកំព្រា ដែលត្រូវការជំនួយផងដែរ»។នេះបើតាមសង្ឃដិការព្រះបវរមុនី ងិន យីម៕